មកនៅបម្រើគេបាន៣ថ្ងៃ ថៅកែប្រុសលូកលាន់ខ្លាំងពេកប្រាប់ថៅកែស្រីឲ្យដឹង បែរជាកាន់ជើងប្តី ទ្រាំលែង បានប្តឹងសមត្ថកិច្ចឲ្យជួយ



ដោយថៅកែប្រុសដែលមានប្រពន្ធ និងមានទាំងកូន៣នាក់ទៅហើយ ខណៈប្រពន្ធមិននៅផ្ទះ ជាប់រវល់ទៅផ្សារ រកទិញឥវ៉ាន់ សម្រាប់លក់បាយ កាហ្វេ ឃើញឱកាសស្ងាត់និងឃើញកូនៗទាំង៣ដេកលក់អស់ លោកថៅកែប្រុសកើតរោគអផ្សុកបានឡើងលបចូលបន្ទប់កូនឈ្នួលស្រីខ្លួន រួចចាប់ឱប ស្ទាបអង្អែលប្រដាប់ភេទ កេរខ្មាសនារីជាកូនឈ្នួលដោយភាពស្រើបស្រាល ក្នុងបន្ទប់ម្តងជា២ដង តែចៃដន្យក្នុងថ្ងៃកើតហេតុប្រពន្ធលោកថៅកែប្រុសបានទូរស័ព្ទមកកាន់លោកប្តី ធ្វើឲ្យលោកប្តីភ័យបញ្ឈប់សកម្មភាព ហើយរត់ចុះមកដីវិញ។

អ្វីដែលនារីខ្ញុំបម្រើផ្ទះនេះមានការហួសចិត្តនោះគឺគិតថា នាងនឹងទទួលបានយុត្តិធម៌ជាមិនខានទើបខំរ៉ាយរ៉ាប់ ប្រាប់ចៅហ្វាយស្រីពីសកម្មភាពប្តីកំហូចធ្វើមកលើនាង ផ្ទុយទៅវិញបែរជាចៅហ្វាយស្រីកាន់ជើងប្តី និងបានហារជេរស្តីប្រមាថមាក់ងាយនាងទៅវិញ។ ទង្វើអយុត្តិធម៌បែបនេះធ្វើឲ្យនាងទ្រាំលែងបានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ឲ្យជួយរកយុត្តិធម៌ ។
រឿងរ៉ាវទាំងនេះកើតឡើង នៅក្នុងផ្ទះថៅកែខាងលើ ស្ថិតក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ហើយទើបតែសមត្ថកិច្ចចាប់ខ្លួនលោកថៅកែប្រុសនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ តាមបណ្តឹងនារីរងគ្រោះ  ។


មន្រ្តីនគរបាលប៉ុស្តិ៍បឹងធំបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ហ ណវ អាយុ១៧ឆ្នាំ មុខរបរជាអ្នកបម្រើ ការងារនៅផ្ទះកើតហេតុដែលទើបមកស្នាក់នៅផ្ទះខាងលើ បាន៣ថ្ងៃ មានឪពុកម្តាយ ជាកសិករ រស់នៅឯស្រុកកំណើត ភូមិល្វា ឃុំ គ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងមានបងប្អូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ហើយនារីរងគ្រោះជាកូនទី២ក្នុងគ្រួសារនេះ ។
ចំណែកបុរសជាប់ចោទ ជាចៅហ្វាយនាយពូកែបេះបោចកូនឈ្នួលឯងនោះ មានឈ្មោះ ថៃ សិទ្ធ អាយុ៤០ឆ្នាំ មុខរបរ ថៅកែលក់បាយ កាហ្វេ ក្នុងភូមិខាងលើ មានប្រពន្ធឈ្មោះ ឯល ធា អាយុ៣៦ឆ្នាំ មុខរបរ លក់បាយ កាហ្វេ មានកូនប្រុស ចំនួន៣នាក់ ក្នុងបន្ទុក ។
តាមសម្តីនារីរងគ្រោះជាដើមបណ្តឹង បានឲ្យដឹងថា ខ្លួននាងទើបតែមក បម្រើការងារក្នុងផ្ទះ របស់ថៅកែខាងលើទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ក្នុងតម្លៃឈ្នួល ១ខែបាន១០០ដុល្លារដោយមានភារកិច្ច រត់តុផង និងធ្វើការងារបោកគក់ក្នុងផ្ទះនេះផង ។ កាលមុនពេលកើតហេតុ ចៅហ្វាយស្រី មិននៅផ្ទះ រវល់ចេញទៅផ្សារ ដើម្បីរកទិញឥវ៉ាន់ សម្រាប់លក់បាយកាហ្វេ ធ្វើឲ្យពេលនោះ ឃើញឱកាសស្ងាត់ និងកូនៗទាំង៣របស់ថៅកែដេកលង់លក់អស់ ស្រាប់តែថៅកែប្រុសបានឡើងទៅបន្ទប់នាងដេកលើផ្ទះជាន់ទី១ រួចប្រឡេះឡេវអាវ និងចាប់ពោបឱប ស្ទាបអង្អែលនាងតាំងពីលើរហូតដល់ក្រោម ធ្វើឲ្យនាងភ័យទាញដៃចេញព្រមទាំងដេញឲ្យថៅកែចុះចេញ។
នារីរងគ្រោះបានបន្តថា ពេលនោះថៅកែប្រុសមិនស្តាប់ទេគឺនៅតែលួងលោមនាងកុំឲ្យនាងស្រែក ថែមទាំងលួងឲ្យលុយ៥០ដុល្លាជាថ្នូរ ឱបថើបនិងបំណងរួមរ័កតែនាងមិនព្រម។ បន្ទាប់មកថៅកែប្រុសល្មោភកាមបាន ឡើងចាប់ពោបពីលើនាងសាជាថ្មីម្តងទៀត តែមិនទាន់ឈានដល់ការ រួមរ័កនោះទេ ហើយចៃដន្យពេលនោះប្រពន្ធ របស់ថៅកែបានទូរស័ព្ទមកប្តីគាត់ ធ្វើឲ្យថៅកែប្រុសភ័យរត់ ចុះទៅក្រោមវិញ ។
លុះមួយសន្ទុះក្រោយមកថៅកែស្រីបានវិលមកពីផ្សារវិញ នាងក៏ប្រាប់ដំណើរឿងទាំងនេះឲ្យថៅកែស្រីដឹង នូវទង្វើររបស់ប្តីគាត់ ផ្ទុយទៅវិញបែរជាថៅកែស្រីរូបនោះកាន់ជើងប្តីថែមទាំង ជេរស្តីបន្ទោសនាងថា កុំចេះតែចោទប្តីរបស់គាត់ គាត់មិនជឿទេ ព្រោះ មានកូនដល់ទៅបីនាក់ទៅហើយ មិនមែនមកស្រលាញ់ស្រីបម្រើនោះទេ។ មិនតែប៉ុណ្ណោះ ថៅកែស្រីថែមទាំងបានចោទនាងថា ចង់ទាមទាររកជំងឺចិត្ត ចង់បានលុយពេកហើយក៏ជំរុញឲ្យនាងចង់ទៅប្តឹង ឯណាក៏ប្តឹងទៅ គ្មានហេតុផល ភស្តុងណាមួយប្តីគាត់ជាប់ទោសទណ្ឌនោះទេ ។ ដោយទទួលភាពអយុត្តិធម៌នេះហើយ ទើប នាងក៏បានសម្រេចចិត្ត រត់ទៅប្តឹងនគរបាល ប៉ុស្តិ៍បឹងធំតែម្តងទៅ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីនារីរងគ្រោះភ្លាម នៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចចុះទៅឃាត់ខ្លួនថៅកែប្រុស យកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលបឹងធំ ហើយនៅពេលនោះ ថៅកែប្រុសបានបដិសេធ រាល់ការចោទប្រកាន់ របស់នារីរងគ្រោះទាំងអស់ ព្រោះនៅថ្ងៃនោះ បន្ទាប់ពីប្រពន្ធទៅផ្សារបាត់ ខ្លួនក៏បានឡើងទៅដាស់នារីខាងលើ ឲ្យចុះមកជួយដាំបាយ រៀបចំបើកកន្លែងលក់ដូរប៉ុណ្ណោះ បែរជានារីចោទគាត់ខុសការពិត ។យ៉ាងណាក្នុងករណីនេះ ថៅកែប្រុសរូបនេះត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ន ផ្អែកទៅលើ បណ្តឹងនារីរងគ្រោះដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្ត៕

No comments