តើលោក ដាប ឈួន ជានរណា ?(មានវីដេអូ)



អតីត​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប និង​កំពង់​ធំ លោក ដាប ឈួន ហៅម្ជុលពេជ្រ លោក ដាប ឈួន មានស្រុក​កំណើត​នៅខេត្តកំពង់ធំ ។ ឪពុកឈ្មោះ គឹម រាល ម្តាយឈ្មោះ យឹម។ លោក គឹម រាល និង យឹម មានកូន​ប្រាំពីរនាក់ ប្រុសប្រាំនាក់ ស្រីពីរនាក់ ហើយកូនប្រុសទី២ មានឈ្មោះ គឹម ឈួន ហៅ ដាប ឈួន។ លោកគឹម ឈួន ហៅ ដាប ឈួន ជាពលបាលត្រី ទ័ពថៃ តែត្រូវបានបោះបង់តំណែងនេះ នៅឆ្នាំ ១៩៤៤។
លោក ដាប ឈួន បាន​ជាប់​ឈ្មោះ​ថា ក្បត់​នឹង​សម្តេច​ព្រះ​បាទ នរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) ហើយ​គេ​គ្រប់​គ្នា​ល្បី​ថា លោក​ចេះ​មន្ត​អាគម​កាប់​មិន​មុត​ដុត​មិន​ឆេះ​នោះ ត្រូវ​បាន​គេ​ដឹង​ថា លោក ដាប ឈួន មាន​ជំនឿ​ និង​គោរព​បូជា​យ៉ាង​ងប់ងុល​នឹង​បារមី​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម។
ក្នុង​អំឡុង​ពេល ដែល​តំបន់​អង្គរ​ត្រូវ​បាន​គេ​បោះបង់​ចោល រូប​សំណាក​ព្រះ​អង្គ​ចេក ព្រះអង្គ​ចម ក៏​បាន​បាត់​មួយ​រយៈ​ តែ​រូប​សំណាក​ទាំង​ពីរ​នេះ ត្រូវ​បាន​រក​ឃើញ​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៥០ នៅ​ក្នុង​ព្រៃ​ម្ដុំ​ក្រុង​អង្គរធំ ដោយ​ក្រុម​មន្ត្រី​អភិរក្ស​អង្គរ ខេត្ត​សៀមរាប ដែល​គេ​ជឿថា រូប​ព្រះអង្គ​ចេក ព្រះអង្គ​ចម កាល​ពី​ដើម​ត្រូវ​បាន​តម្កល់​ទុក​នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត។

តាម​កំណត់ ​ត្រា​ និង​សាក្សី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក​ឧត្ដមសេនីយ៍ ម្ជុល​ពេជ្រ ដាប ​ឈួន ឬ​ហៅថា ដាប​ ឈួន ដែល​ជា​ចៅហ្វាយ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​សម្ដេច​ព្រះបាទ​នរោត្ដម សីហនុ ប្រទាន​តំណែង​ឲ្យ​គ្រប់គ្រង​នៅ​ខេត្ត​ទាំង​ពីរ បន្ទាប់​ពី​បាន​ទទួល​ឯករាជ្យ​ពី​បារាំង នៅ​ឆ្នាំ​១៩៥៣។

លោក ដាប ឈួន ជាពលបាលត្រីទ័ពថៃ តែបានបោះបង់ដំណែងនេះនៅឆ្នាំ១៩៤៤។ នៅស្រុកខ្មែរ មានចលនា​ទាមទារឯករាជ្យពីបារាំង មានឈ្មោះថា ឥស្សរៈ។ ដាប ឈួន ជាខ្មែរឥស្សរៈដំបូងគេ ក្នុងចំណោម ខ្មែរឥស្សរៈ​ផ្សេងៗទៀតដូចជាៈ ហែម សាវ៉ាង, ហែម សាវ៉ែន, សារូ, នរោត្តម ចន្ទរង្សី ។ល។ ចលនានេះទទួលការ​គាំទ្រពី​ថៃ និង វៀតមិញ ។

នៅថ្ងៃទី៧ ខែមេសា ឆ្នមាំ១៩៤៦ ខ្មែរឥស្សរៈមានចំនួន ៣០០នាក់ បានវាយប្រហារលើក​ទី១​ លើបារាំង​នៅក្រុង​សៀមរាបអង្គរ ។ ខ្មែរឥស្សរៈបានវាយកាន់កាប់ ក្រុងសៀមរាបអង្គរ ចំនួន ៦ថ្ងៃ និងសម្លាប់នាយទាហានបារាំង ៧នាក់ ។ ដាប ឈួន បន្ទាប់ពីប្រមូល អាវុធ ស្បៀង គ្រាប់រំសេវ ដែលជាជ័យភ័ណ្ឌសង្គ្រាម បានមួយចំនួនរួច​ហើយក៏ដកខ្លួនថយជាមួយក្រុមខ្លួន នៅម្ដុំភ្នំគូលែន ។
បន្តមកទៀតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៨ ដោយសារការចរចារ ដាប ឈួន បានដាក់អាវុធ ចុះចូលជាមួយ រាជរដ្ឋាភិបាល តែគាត់នៅតែ រក្សារអំណាចដូច ស្ដេចត្រាញ់ ត្រួតត្រាទឹកដីមួយផ្នែកធំ ប៉ែកខាងជើងប្រទេស ។
ឆ្នាំ១៩៤៩ សម្តេច នរោត្តម សីហនុ បានប្រគល់តំបន់យោធាស្វ័យ័តសៀមរាប ឲ្យ ដាប ឈួន ឆ្នាំ១៩៥២ ដាប ឈួន បានចូលរួមយ៉ាងសកម្មជាមួយ សម្តេច សីហនុ ក្នុងប្រតិបត្តិការយោធា កំចាត់ពួក​បះបោរ។
ឆ្នាំ១៩៥៥ ដាប ឈួន បានសម្លាប់ កៅតក់ អតីតខ្មែរឥស្សរៈដូចគ្នា ពេលឃោសនាបោះឆ្នោតជាបេក្ខជន   តំណាងរាស្ត្រ មណ្ឌលក្រឡាញ់ ពួក ។
ឆ្នាំ១៩៥៦ ដោយមានការតែងតាំងពីព្រះបាទនរោត្តម សីហនុ លោក ដាប ឈួន បានក្លាយជាចៅហ្វាយ​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ ហើយពេលនោះដែលលោកបានឲ្យគេហៅខ្លួនថា “ឈួន ម្ជុលពេជ្រ” ។
ពីថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៥៧ សម្តេច នរោត្តម សីហនុ បានតែងតាំង លោក ដាប ឈួន ជាទេសរដ្ឋមន្ត្រី ទទួលសន្តិសុខជាតិ និង ធម្មការ ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៥៩ លោក ដាប ឈួន ជាប់​ឈ្មោះ​ថា ក្បត់​នឹង​សម្តេច​ព្រះ​បាទនរោត្តម សីហនុ ត្រូវបានបាញ់សម្លាប់ ដោយកូនទាហានរបស់គាត់ ។ ក្នុងការឆែកឆេរលំនៅដ្ឋានលោក ដាប ឈួន គេរកឃើញមាសចំនួន ២៧០គីឡូក្រាម ជាតំលៃក្បត់ជាតិ ដែល សេអ៊ីអា បានផ្តល់ឲ្យគាត់តាមរយៈបុគ្គលិក ទូតយួនខាងត្បូង ឈ្មោះ ង៉ោ ទ្រុងហ៊ាវ ៕

No comments