ស្រ្តីជនជាតិ​ហ្វីលីពីនម្នាក់​ លេបថ្នាំញៀនជាង១គីឡូ​ចូលក្នុងពោះ មកពីប្រទេសប្រេស៊ីល មកដល់ខេត្តសៀមរាបត្រូវ​បង្ក្រាបបាន​​



(សៀមរាប)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន និងគយរដ្ឋាករ និងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ស្រ្តីជនជាតិហ្វីលីពីនម្នាក់ ដែលជួញដូរគ្រឿងញៀនឆ្លងប្រទេស។
ស្រ្តីសង្ស័យមានឈ្មោះ MEDIDA RUERA អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ P2306822A ជនជាតិហ្វីលីពីន ហើយសម្រាប់ការបង្ក្រាបស្រ្តីបរទេសរូបនេះ កម្លាំងនគរបាលបានដកហូតសារធាតុញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនូន៨៣ដុំ ទម្ងន់១០៤២,៥៨ក្រាម។
លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាល និងជាប្រធានផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បានធ្វើឡើងដោយអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសំរួលដោយព្រះរាជអាជ្ញារង សំរឹទ្ធ សុខុន។
លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា បានបញ្ជាក់ថា ដោយមានឈ្មោះ និងរូបថតដែលកម្លាំងនគរបាលជំនាញ បានដាក់ចូលនៅក្នុង Blacklist ទើបថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ការបង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលេបលាក់នៅក្នុងខ្លួន ពីប្រទេសBrazil មកកម្ពុជា ឆ្លងកាត់ ឌូបៃ, ក្វាងចូវ តាមជើងយន្តហោះលេខ CZ 3063 ចុះនៅអាកាសយានដ្ឋានអន្តជាតិសៀមរាប វេលាម៉ោង០៥៖២០នាទី សមត្ថកិច្ចជំនាញបានសហការចាប់ខ្លួនជនសង្ស័យ នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប។
បើតាមលោកស្នងការរង ស្រ្តីសង្ស័យរូបនេះបានសារភាពថា រូបគេពិតបានធ្វើដំណើរចំនួន២ លើកដើម្បីមើលសភាពការ នៅប្រទេសចំនួន៣ គឺកម្ពុជា ថៃ វៀតណាម ដូច្នេះលើកនេះ សម្រេចលេបថ្នាំញៀនប្រភេទ Cocaine ជាង១គីឡូក្រាមចូលក្នុងពោះឆ្លងកាត់ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ជាកន្លែងប្រគល់ និងទទួលយកថ្នាំញៀននេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់៕



ប្រភព : freshnews

No comments