សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ ចំនួន​៤អង្គ


សម័យអង្គរ ព្រះរាជាខ្មែរជាច្រើនបានច្បាំងគ្នាដណ្ដើមរាជ្យគ្នា និងមានការរុះរើរាជធានីចុះឡើងជាច្រើនលើកច្រើនសាផងដែរ។ ថ្ងៃនេះ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមរៀប​រាប់​នូវ​សកម្មភាព​របស់​ព្រះរាជា​សម័យ​អង្គរ​ចំនួន​៤អង្គ មានដូចខាងក្រោម៖
១. ព្រះបាទជ័យវរ្ម័នទី៥ (៩៦៨-១០០១)
បន្ទាប់ពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលទ្រង់នៅមានវ័យក្មេងនៅឡើយ ​ទ្រង់បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ​ ដែលមាន​ព្រះនាម​ក្នុង​រាជ្យ​ថា​ព្រះបាទជ័យវរ្ម័នទី៥។ ប៉ុន្តែ ប្រហែល៦ឆ្នាំ​ក្រោយ​ទើប​ព្រះអង្គកាន់​អំណាច​ពិត​ប្រាកដ។ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់​ជា​ស្ដេចដែល​មាន​ចំណេះវិជ្ជា​ជ្រៅជ្រះ និង​ទទួល​បាន​ការ​អប់រំ​ពីសំណាក់​ព្រះគ្រូបាធ្យាយ​ព្រះអង្គ ​គឺព្រាហ្មណ៍យជ្ជនៈវរហៈ ហើយ​ទ្រង់មានព្រះទ័យសន្ដោសប្រោសប្រណី និងយុត្តិធម៌ណាស់។
ត្បិតព្រះអង្គនិងមន្ត្រីជាន់ខ្ពស់មួយចំនួនកាន់សាសនាព្រះឥសូរ ក៏ប៉ុន្តែរជ្ជកាលនេះក៏ដូចជារជ្ជកាលមុនៗដែរ ​ពោលព្រះអង្គ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​ព្រះពុទ្ធសាសនា ដូចជា​ទ្រង់​បាន​បញ្ជា​ឱ្យ​មន្ត្រីជាន់​ខ្ពស់​របស់​ព្រះអង្គម្នាក់ឈ្មោះ គតិ ​ប្រឹងប្រែង​ជួស​ជុល​និង​កសាង​បន្ថែម​ថ្មី​នូវ​ព្រះពុទ្ធ​បដិមា​ជាច្រើន ព្រមទាំងបានជាវពីបរទេសនូវក្បួនខ្នាតគម្ពីរដីកាផ្សេងៗខាងព្រះពុទ្ធសាសនាមហាយានថែមទៀតផង។
សូមជម្រាបថា ក្នុងរជ្ជកាលរបស់ព្រះអង្គ (ព្រះបាទជ័យវរ្ម័នទី៥) ទ្រង់បានកសាងប្រាសាទតាកែវ ដែលចាត់ទុកថាជាភ្នំហេមគិរី ​នៅចំ​កណ្ដាល​ក្រុង​ថ្មី ជយេន្ទ្រនគរី ដែល​ព្រះអង្គ​ទ្រង់​បាន​បង្កើត​ឡើង។​ ឯព្រះ​គ្រូ​យជ្ជនៈវរហៈ បាន​បង្កើត​ស្នាដៃ​ដ៏​ប្រណីត ​គឺ​បន្ទាយ​ស្រីផង​ដែរ។ ​ព្រះបាទ​ជ័យវរ្ម័នទី៥ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ៩៦៨ ហើយសោយទិវង្គត​នៅ​ឆ្នាំ១០០១ ដែលមានព្រះមរណនាម​ថា ​បរមៈវិរ​លោក។

២. ព្រះបាទឧទយាទិត្យាវរ្ម័នទី១ (១០០១-១០០២)
បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៥ ទ្រង់សោយទិវង្គតទៅ ក្មួយខាងព្រះមាតារបស់ព្រះអង្គ ព្រះនាមឧទយាទិត្យាវរ្ម័នទី១ ​ទ្រង់បាន​ឡើង​សោយរាជ្យ​ស្នង​ពី​ព្រះអង្គ។​ ប៉ុន្តែ ព្រះបាទ​ឧទយាទិត្យាវរ្ម័នទី១ សោយរាជ្យបានតែប៉ុន្មានខែប៉ុណ្ណោះ ព្រះអង្គក៏ទ្រង់ដាក់រាជ្យ​ ហើយ​ទ្រង់​បាន​សោយ​ទិវង្គត​ទៅ ក្នុងឆ្នាំ១០០២។ ក្រោយពីពេលនោះមកសង្គ្រាមស៊ីវិលមួយក៏បានផ្ទុះឡើងអស់រយៈពេល៩ឆ្នាំ។
៣. ព្រះបាទជ័យវីរវរ្ម័ន (១០០២-១០១០)
ក្រោយពីព្រះបាទឧទយាទិត្យាវរ្ម័នទី១ ទ្រង់សោយទិវង្គតទៅ នៅឯរាជធានីយសោធបុរៈ គឺក្រុងអង្គរក្នុងឆ្នាំ១០០២ ​មាន​ការ​ជ្រើស​រើស​ព្រះ​មហាក្សត្រ​មួយ​អង្គថ្មី​ ដែល​គេ​មិន​បាន​ស្គាល់​ប្រវត្តិ​ច្បាស់​ឱ្យ​ឡើង​សោយរាជ្យ​បន្ត គឺមានព្រះនាមក្នុងរាជ្យថាព្រះបាទ​ជ័យវីរវរ្ម័ន។​ ក្នុង​រាជ្យ​របស់​ព្រះអង្គ ​គឺមាន​ការ​បះបោរ​ច្បាំង​ដណ្ដើមរាជ្យ​ពីព្រះអង្គ និងក្សត្រមួយអង្គទៀត ​ដែលយាង​មក​ពី​ទិស​ខាង​លិច​ដែល​​ជា​អនាគត​ព្រះបាទ​សូរ្យវរ្ម័នទី១។ ក្នុង​ចម្បាំង​ដណ្ដើម​រាជ្យ​គ្នា​នេះ នៅឆ្នាំ១០០៦ រាជធានីយសោធបុរៈ គឺក្រុងអង្គរ​ ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដណ្ដើម​រាជ្យ។​ ប៉ុន្តែ​សង្គ្រាម​ស៊ីវិល​នៅតែ​បន្ត​អស់​រយៈពេល​៤ឆ្នាំ​ក្រោយ​មក​ទៀត ​ពោល​គឺ​រហូត​ដល់​ឆ្នាំ១០១០ ទើបព្រះបាទជ័យវីរវរ្ម័ន​ ទទួល​បរាជ័យ​ទាំង​ស្រុង ​ហើយ​ទ្រង់​ក៏​សុគត​ក្នុង​ភ្លើង​សង្គ្រាម​នោះ​ទៅ។ ព្រះបាទជ័យវិរវរ្ម័ន សោយរាជ្យពីឆ្នាំ១០០២ ដល់ឆ្នាំ១០១០​ នៃ​គ្រិស្ដសករាជ ប៉ុន្តែ​ដល់​ពេល​ទ្រង់​សុគត​ទៅ គេមិនបានដឹងពីព្រះមរណនាមរបស់ព្រះអង្គឡើយ។
៤. ព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)
បន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី១ ដណ្ដើមបានរាជ្យពីព្រះបាទជ័យវីរវរ្ម័ន ទ្រង់បានអះអាងថា ជាប់ព្រះញាតិខាងមាតាព្រះបាទ​ឥន្ទ្រវរ្ម័នទី១ ​និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ គឺយសោវរ្ម័ន​ទី១ ហើយ​ទំនង​កើត​ជា​នៅ​តម្រាលិង្គ (នគរស្រីធម្មរាជ) ដែល​មាន​តំបន់ Ligor​ ជា​មណ្ឌល​កណ្ដាល​ គឺដែនដី​នៅភាគ​ខាងជើង​ជ្រោយ​ម៉ាឡេស៊ី។ ដែនដីនេះជាសម្បត្តិរបស់អាណាចក្រនគរភ្នំ រួចបន្តមក​ចេនឡា​ទឹក ​ហើយ​ស្ថិត​នៅជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ១២២០ ទើបបាត់បង់។
គួរជម្រាបជូនថា នៅក្នុងការវាយដណ្ដើមរាជ្យពីព្រះបាទជ័យវីរវរ្ម័ន ព្រះអង្គរៀបចេញដំណើរ និងរៀបចំទ័ពពីខេត្តនគររាជ ​ហើយនាំទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ នៅឆ្នាំ​១០០៦។ ថ្វីត្បិត​តែ​រហូត​ដល់​ឆ្នាំ១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជាស្ថាពរ​ក៏ដោយ ក៏ព្រះបាទ​សូរ្យវរ្ម័នទី១ ​ទ្រង់​ចាត់​ទុកថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ១០០២ គឺដំណាលគ្នានឹងព្រះបាទជ័យវីរវរ្ម័ន ម្ល៉េះ។ ​ក្រោយ​ទទួល​ជ័យ​ជម្នះ​ហើយ ​ព្រះអង្គ​ទ្រង់​បាន​រៀបអភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​ព្រះបាទ​ជ័យវីរវរ្ម័ន ថែមទៀតផង។ លុះនៅឆ្នាំ១០១១ ​ទ្រង់​បាន​បញ្ជា​ឱ្យ​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ធ្វើការ​ស្បថ​សច្ចាថា ​ស្មោះត្រង់​នឹង​ព្រះអង្គ​គ្រប់​កាលៈទេសៈ ពោលទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ​ឬក៏​ក្នុង​ពេល​មាន​សុខសន្តិភាពក្តី។ ​ចំពោះ​អត្ថបទ​សច្ចាប្រណិធាន​នេះ ​គឺមាន​ចារ​នៅខ្លោង​ទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង។
គួររម្លឹកថា ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់ជាស្ដេចសឹកដ៏​អង់អាច​ក្លាហាន​បំផុត។​ ទ្រង់​បាន​លើកទ័ព​ទៅវាយ​ពួក​មននៅ​ហរិបុញ្ជ័យ​ឡាំហ៊ន់ ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ​ធ្វើឱ្យ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើវាល​ទំនាប​ទន្លេ​មេណាម​ទាំងមូល ​ព្រម​ទាំង​វាល​ទំនាប​ទន្លេមេគង្គ រហូតដល់ហ្លួងព្រះបាង។ ក្នុងវិស័យសំណង់ ព្រះបាទសូរ្យវរ្ម័នទី១ ​ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស​ ប្រាសាទ​តាកែវ ​និងគោបុរៈ នៃរាជវាំង។ ក្រៅពីនេះ ព្រះអង្គបានកសាងប្រាសាទភ្នំជីសូរ្យ ផ្នែកខ្លះនៃ​ប្រាសាទ​ព្រះវិហារ ​និង​ព្រះខ័ន​កំពង់​ស្វាយ។​
ព្រះបាទសូរ្យវរ្ម័នទី១អង្គនេះហើយដែលបានរៀបចំគម្រោងប្លង់ទីក្រុងអង្គរទី២ ដែលមានប្រាសាទបាពួនជាស្នូល ​ហើយត្រូវ​បាន​កសាង​ឱ្យ​សម្រេច​ដោយ​ព្រះរាជ​បុត្រ ឬចៅក្មួយ​របស់​ព្រះអង្គ​ ដែល​សោយ​រាជ្យ​បន្តពី​ព្រះអង្គ។ ក្នុងផ្នែកសាសនាវិញ ព្រះបាទសូរ្យវរ្ម័នទី១​ គឺជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហា​យាន។ នៅក្នុង​រាជ្យ​ព្រះអង្គ​ក៏ដូចជា​រាជ្យ​មុនៗ​ដែរ ​ដ្បិត​ថា​ព្រះ​អង្គ​កាន់​ពុទ្ធសាសនា តែ​ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុកដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯទៀត​ដូចគ្នា។​
ជាសក្ខីភាពស្រាប់ ព្រះអង្គទ្រង់ចាត់ចែងឱ្យមន្ត្រីរបស់ព្រះអង្គជួសជុលបូជនីយដ្ឋាន និងបដិមាផ្សេងៗខាង​ព្រហ្មញ្ញសាសនា ​ក្នុង​រាជ​ធានី​ដែល​ខូច​ខាត​ដោយ​សង្គ្រាម​ស៊ីវិល​ជាដើម។​ មិន​តែ​ប៉ុណ្ណោះ ក៏មាន​ចំណារ​នៃសិលាចារឹក​ខ្លះបានឱ្យដឹងថា ក្នុងរជ្ជកាលរបស់ព្រះអង្គ ពួក​កាន់​សាសនា​ព្រាហ្មណ៍ និងកាន់​សាសនាព្រះពុទ្ធនៃយានទាំងពីរបានរួមរស់ដោយសុខសាន្តជាមួយគ្នាទៀតផង។ ព្រះបាទសូរ្យវរ្ម័នទី១ ​ទ្រង់​សោយ​ទិវង្គតនៅ​ឆ្នាំ១០៥០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថានិវាន៌បទ៕
សម្រួលចាក៖ rfa.org/khmer/news/history/activities-of-kings-during-angko

No comments