សង្ស័យប្រពន្ធផិត ប្រពន្ធថាទេប្តីមិនព្រមក៏ចាប់ស្រាតពិនិត្យ
ជីវិតប្តីប្រពន្ធ បើមិនជឿទុកចិត្តគ្នា សង្ស័យគ្រប់រឿង រមែងរស់នៅជួបរឿងរ៉ាវរកាំរកូសនឹងគ្នា ឥតស្វាង។ ជាក់ស្តែង ប្តីប្រពន្ធ១គូនេះ ប្តីកើតរោគប្រចណ្ឌ សង្ស័យប្រពន្ធឥតឈប់ឈរ ម្តងចោទប្រពន្ធដាក់អ្នកនេះ ម្តងដាក់អ្នកនោះ សូម្បីតែប្រពន្ធទៅបេះបន្លែស្លនៅខាងក្រោយផ្ទះ ក៏ប្តីមិនទុកចិត្តដែរ ចាប់ស្រាតពិនិត្យមើលប្រដាប់ ខ្លាចប្រពន្ធលួច មានសហាយ…
-អ្នកស្រី សាង សាមឿន អាយុ៣៥ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា ឪពុកអ្នកស្រីឈ្មោះ ម៉ាត់ សាង(ស្លាប់) ម្តាយឈ្មោះ ឯក នី អាយុ៥៩ឆ្នាំ។ អ្នកស្រីជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់។ កាលពីក្មេង ដោយសារក្រុម គ្រួសារមានជីវភាពមិនសូវធូរធារ អ្នកស្រីគ្មានឱកាសបានរៀនសូត្រជ្រៅជ្រះដូចគេឡើយ។ លុះធំពេញក្រមុំ ម្តាយទុកឪពុកដាក់ឱ្យរៀបការជាមួយប្តីឈ្មោះ ភោគ សុភ័ក្រ អាយុប្អូនអ្នកស្រី ៤ឆ្នាំ រួមរស់ជាមួយគ្នា បង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) ជាចំណងអាពាហ៍ពិពាហ៍។ កាលពីរៀបការហើយថ្មីថ្មោង ប្តីស្រឡាញ់ថ្នាក់ថ្នម ជឿទុកចិត្តលើប្រពន្ធណាស់ មិនដែលកើត រោគប្រចណ្ឌឡើយ សូម្បីតែស្រាក៏មិនចេះផឹកដែរ ពោលគឺ ដឹងតែពីខំប្រឹងប្រែង ធ្វើការរក ប្រាក់ចិញ្ចឹមគ្រួសារប៉ុណ្ណោះ។
អ្នកស្រីឱ្យដឹងបន្តថា ប៉ុន្តែក្រោយពីបង្កើតបានកូនស្រីច្បងម្នាក់ ប្តីមានការប្រែប្រួលខុសប្លែក ពីមុនឆ្ងាយណាស់ បែកគំនិតទៅអង្គុយព័ទ្ធវង់ជល់កែវ ជាមួយបនភឿន ស្រវឹងស្រាធ្លាក់ភ្នែក ស្ទើររាល់ថ្ងៃ។ លុះចូលដល់ផ្ទះពេលណា តែងរករឿងឈ្លោះជាមួយប្រពន្ធ ថែមទាំងហ៊ាន លើកដៃវាយ ដំលើរាងកាយអ្នកស្រីទៀត ធ្វើឱ្យអ្នកស្រីឈឺចាប់ជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ប្តីកើតរោគប្រចណ្ឌខ្លាំងដែរ មិនជឿទុកចិត្តប្រពន្ធបន្តិចណាឡើយ។ ពេលអ្នកស្រីនិយាយ ជាមួយមនុស្សប្រុសស្គាល់គ្នា រស់នៅក្នុងភូមិ ឬ បងប្អូនប្រុស ឪពុកមា ក៏មិនបានដែរ ប្តីតែង រករឿងឈ្លោះហើយចាប់បង្ខំ រួមរ័កមេត្រីទាំងកំរោល ចាត់ទុកនាងដូចជាទាសីតណ្ហា មិនមែន ជាប្រពន្ធឡើយ។ ពេលអ្នកស្រីស្តីបន្ទោសឱ្យ ប្តីតែង យកលេសថា ខ្លួនស្រវឹងស្រាមិនបានចាំអ្វីឡើយ។
អ្នកស្រី សាមឿន រៀបរាប់បន្តទៀតថា តាមពិតទៅ រឿងប្រើអំពើហិង្សា ប្តីធ្លាប់វាយនាងតែ២ដងប៉ុណ្ណោះ តែរឿងធ្ងន់ធ្ងរដែល អ្នកស្រីអាចទទួលយកបាននោះគឺ រឿងផ្លូវភេទ និង ភ្លើងប្រចណ្ឌរបស់ប្តីតែម្តង ពោលគឺ ឱ្យតែមានជាតិស្រាចូលពោះពេលណា កម្រើកតណ្ហាពេលនោះ ហើយប្តីតែងចាប់បង្ខំប្រពន្ធរួមភេទទាំងទទឹងទិស មិនថានាងសរសៃខ្ចីទើបឆ្លងទន្លេ ឬ នៅមុខកូនៗទេ។ ជាងនេះទៀត អ្វីដែលធ្វើឱ្យអ្នកស្រីឈឺចាប់មិនអាចបំភ្លេចបាននោះគឺ មានល្ងាចមួយ ពេលអ្នកស្រីដើរទៅបេះបន្លែស្លឹកបាស ផ្ទី នៅខាងក្រោយផ្ទះបានមួយស្របក់ ស្រាប់តែប្តីដើរទៅចាប់ឱបពីក្រោយ ហើយយកដៃលូកស្ទាបប្រដាប់ភេទនាង ហើយនាំចូល ក្នុងបន្ទប់បញ្ជាឱ្យដោះសម្លៀកបំពាក់ចេញ ឆែកមើលអីវ៉ាន់ (ប្រដាប់ភេទ) ដោយសារតែប្តីមិនជឿទុកចិត្តលើរូបនាង ខ្លាចលួច ខិលខូចប្រព្រឹត្តអំពើផិតក្បត់ប្តី បង្កជាជម្លោះយ៉ាងក្តៅគគុក។ សកម្មភាពរបស់ប្តីនៅពេលនោះ ជាការប្រមាថដ៏ធ្ងន់ធ្ងរដែល នាងមិនអាចទទួលយកបានឡើយ។ តែជាការសំណាងដែរ ដោយសារមានជម្លោះជាមួយគ្នាលើកចុងក្រោយនេះ ដែលធ្វើឱ្យ ប្តីចេះភ្ញាក់រលឹកកែខ្លួន ម៉្លេះសមអ្នកស្រីប្តឹងលែងក្បាលប្តីឡប់ខួរនេះចោលជាមិនខាន។
លោក ភោគ សុភ័ក្រ ជាប្តីបានទទួលស្គាល់ថា ពិតជាបានប្រព្រឹត្តអំពើមិនគប្បីលើប្រពន្ធមែន ដោយសារតែខ្វះការពិចារណា ឱ្យបានវែងឆ្ងាយ និងបណ្តែតបណ្តោយខ្លួនឱ្យភ្លើងប្រចណ្ឌដឹកមុខ។ តែចាប់ពីថ្ងៃនេះទៅ លោកដឹងខ្លួនខុស ឈប់ធ្វើបាប ឬ ប្រើកម្លាំងបាយ ក៏ដូចជាប្រចណ្ឌប្រពន្ធខុសរឿងរហូតសង្ស័យចាប់សម្រាតប្រពន្ធពិនិត្យប្រដាប់ភេទដូចមុនទៀតហើយ។ តាមពិតទៅ លោកក៏មិនចង់ធ្វើបែបនេះដែរ ប៉ុន្តែឱ្យតែផឹកស្រាស្រវឹង បាត់បង់ម្ចាស់ការរលីង មិនដឹងថាខ្លួនឯងបានធ្វើអ្វី ខ្លះដាក់ប្រពន្ធឡើយ ហើយចាប់តាំងពីអាជ្ញាធរ និង មន្ត្រីអង្គការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារមកពន្យល់អប់រំ លោកមានការ ភ្ញាក់រឭក និង សោកស្តាយដែលធ្វើឱ្យប្រពន្ធហូរទឹកភ្នែក។ ចាប់ពីថ្ងៃនេះទៅ លោកសន្យាមិនឱ្យរឿងនេះកើតឡើងសាជាថ្មីឡើយ សូម្បីតែស្រាក៏កាត់បន្ថយការផឹកដែរ ប៉ុន្តែ មិនឈប់ទាំងស្រុងទេ គឺនៅផឹកតិចតួច មិនចង់ឱ្យដាច់ទំនាក់ទំនងមិត្តភក្តិ។
អ្នកស្រី ឃាន សាម៉ុន អាយុ៤៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា ជីវិតរបស់អ្នកស្រី សាង សាមឿន អភ័ព្វណាស់ ត្រូវប្តីធ្វើបាប ទាំងផ្លូវកាយផ្លូវចិត្ត និង ផ្លូវភេទ នាំឱ្យនាងរស់រងទឹកភ្នែករាល់ថ្ងៃ ព្រោះតែប្តីកាន់ដបស្រា និង កើតរោគប្រចណ្ឌ។ បើតាមគាត់ ក៏ដូចអ្នកស្រុកមួយចំនួនសន្និដ្ឋានថា សកម្មភាព របស់លោក ភោគ សុភ័ក្រ គឺជាចេតនាសុទ្ធសាធ មិនមែនមកពីផឹកស្រា ធ្វើឱ្យបាត់បង់ម្ចាស់ការ មកវាយប្រពន្ធនោះទេ ព្រោះនេះគ្រាន់តែជាល្បិចមនុស្សប្រុស យកកំហុសរបស់ខ្លួនទៅទម្លាក់លើស្រា ប៉ុណ្ណោះ។ តែយ៉ាងណា គាត់សង្កេតឃើញលោក សុភ័ក្រ ចេះភ្ញាក់រឭកកែខ្លួនបានច្រើននាមួយរយៈចុងក្រោយនេះ បើពុំដូច្នេះទេ ប្រពន្ធហែលឆ្លងសមុទ្រទឹកភ្នែកមិនផុតឡើយ។
រីឯអ្នកស្រី ជ័យ កត អាយុ៣៩ឆ្នាំ ដែលអភ័ព្វត្រូវប្តីវាយដំដែរនោះបានឱ្យដឹងថា នាងមិនជឿលើមនុស្សប្រុសទេ ព្រោះប្តីនាង ក៏ធ្លាប់សន្យាកែខ្លួនដូចជាប្តីអ្នកស្រី សាមឿន ដែរពោលគឺកែខ្លួនធ្វើជាប្តីល្អបានតែមួយរយៈខ្លីប៉ុណ្ណោះ ឱ្យតែបានទៅព័ទ្ធវង់ ជល់កែវផឹកស្រា ហើយ ត្រឡប់មកវិញបញ្ចោញចរិកដើមដដែល មិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ។ ប៉ុន្តែ បើសន្យាកែខ្លួនហើយ ឈប់ផឹកស្រាទៀត ក្រែងលោជឿខ្លះ។
ចំណែកលោក គង់ ដៀង ជាអនុភូមិបានឱ្យដឹងថា ទោះជាកន្លងមក ប្តីប្រពន្ធមួយគូនេះតែងឈ្លោះប្រកែក គ្នាជាញឹកញាប់ក្តី ប៉ុន្តែស្ត្រីជាប្រពន្ធមិនដែលមកប្តឹង ឬ រាយការណ៍ឱ្យលោកដឹងឡើយ មានតែអ្នកជិតខាងប៉ុណ្ណោះដែលឈឺឆ្អាលមករាយការណ៍ ឱ្យលោក ព្រោះតែ សាមីខ្លួនជាប្រពន្ធយល់ថា ប្តីនាងអាចនិយាយស្តាប់គ្នាបានខ្លះ។ លុះមានជម្លោះចុងក្រោយ លោកបានទៅ ធ្វើការអប់រំពន្យល់ណែនាំទាំងពីរនាក់ប្តីប្រពន្ធ ឃើញថា បុរសជាប្តីចេះភ្ញាក់រឭកកែខ្លួនបានច្រើន។ បើទៅថ្ងៃមុខ គេធ្វើខ្លួនល្អ បានប៉ុណ្ណឹង នោះគ្រួសាររបស់គេនឹងរកពន្លឺសុភមង្គលឃើញជាមិនខាន៕
Post a Comment