រៀបការ១០ឆ្នាំ គ្មានកូនសូម្បីម្នាក់ តែពេលមានបានកូនភ្លោះ បែរត្រូវឪពុកធ្វើរឿងរន្ធត់១
ប្ដីប្រពន្ធមួយគូ រស់នៅជាមួយគ្នាជាង ១០ឆ្នាំហើយ ប៉ុន្មានពុំមានកូនសូម្បីតែម្នាក់។ ពួកគេរស់នៅជាមួយគ្នាយ៉ាងរីករាយ និងសង្ឃឹមយ៉ាងមុតមាំថា នឹងមានកូនម្នាក់ មុនខួបអាពាហ៍ពិពាហ៍លើកទី ១១ ព្រោះអ្នកទាំងពីរតែងតែត្រូវមិត្តភ័ក្ដិ និងសមាជិកគ្រួសារ បញ្ចុះបញ្ចូលឲ្យលែងលះគ្នា។ ប៉ុន្តែពួកគេមិនអាចធ្វើទៅបាន ដោយសារចំណងស្នេហ៍ដ៏ស្អិតល្មួតរវាងគ្នា។
ជាច្រើនខែកន្លងផុតទៅ ថ្ងៃមួយ ប្ដីត្រលប់មកពីធ្វើការ គាត់បានឃើញប្រពន្ធខ្លួនដើរបណ្ដើរជាមួយបុរសម្នាក់តាមផ្លូវ។ ប្ដីឃើញបុរសនោះបានដាក់ដៃលើ.ក និងស្មាប្រពន្ធយ៉ាងស្និតស្នាលដែលមើលទៅរីករាយខ្លាំងណាស់។ រយៈពេលមួយសប្ដាហ៍កន្លងទៅ គាត់តែងតែឃើញបុរសនោះធ្វើសកម្មភាពដដែលៗចំពោះប្រពន្ធខ្លួននៅតាមទីកន្លែងផ្សេងៗ។
នាល្ងាចមួយ ប្ដីត្រលប់មកពីធ្វើការដូចសព្វដង គាត់បានឃើញបុរសនោះទៀត ជូនប្រពន្ធខ្លួនមកដល់ផ្ទះ ពេលគាត់ក្រឡេកមើលភ្លាម ស្រាប់តែបុរសនោះថើប.កប្រពន្ធ ហើយប្រាប់ថា ខ្លួនទៅវិញហើយ។ ប្ដីកើតចិត្តខឹងឆែវ និងចាប់ផ្ដើមក្រៀមក្រំមួយរំពេច ប៉ុន្តែមិនហ៊ាននិយាយរឿងនេះត្រង់ៗជាមួយប្រពន្ធទេ។
រយៈពេល ២ថ្ងៃបន្ទាប់ ក្រោយត្រលប់មកពីធ្វើការវិញ ប្ដីកំពុងកាន់ថូទឹកទៅយកទឹកពីម៉ាស៊ីនចម្រុះ ស្រាប់តែឃើញទូរសព្ទរបស់ប្រពន្ធរោទ៍។ ដោយមិនឃើញប្រពន្ធនៅក្បែរ ប្ដីក៏លើកជំនួស ហើយក៏បានឮសំឡេងប្រុសម្នាក់និយាយ ” ហេឡូអូន បងនឹងទៅលេងផ្ទះអូននៅល្ងាចនេះ តាមការសន្យា”។ គ្រាន់តែឮភ្លាម ប្ដីដាក់ទូរសព្ទចុះគ្រាំង។
ប្ដីយល់ថា វាជាសំឡេងមនុស្សប្រុសម្នាក់ដែលតែងតែដើរជាមួយប្រពន្ធខ្លួននោះប្រាកដណាស់។ គាត់ចាប់ផ្ដើមខឹងញ័រដៃញ័រជើង ហើយគិតថា ខ្លួនបាត់បង់ប្រពន្ធទៅបុរសម្នាក់ផ្សេងទៀតហើយ។ គិតរួច ថូទឹកក៏ធ្លាក់ចេញពីដៃទៅកម្រាលឥដ្ឋបែកខ្ចាយ។
បន្ទាប់ពីឮសំឡេងបែកថូ ប្រពន្ធបានរត់មកក្បែរប្ដី ហើយសួរ “តើបងមានរឿងអ្វី?” ប្ដីកំពុងតែខឹងខ្លាំងស្រាប់ផង ក៏រុញច្រានប្រពន្ធមួយទំហឹងដួលទៅលើកម្រាលឥដ្ឋ។ នាងមិនអាចកម្រើក ឬក្រោករួច ទើបប្ដីដឹងថា នាងបានដួលលើអំបែងថូដែលខ្លួនធ្វើឲ្យបែក មុតចូលក្នុងខ្លួននាង។ បន្តិចក្រោយមក ក៏ឃើញប្រពន្ធដេកស្ដូកលើបំបែងថូបាត់ទៅហើយ។
ប្ដីទៅលើកឱបប្រពន្ធភ្លាមៗ ហើយក៏ឃើញស្រោមសំបុត្រមួយនៅនឹងដៃប្រពន្ធ។ គាត់បានស្ទុះទាញយកមើល ដែលជាសំបុត្ររំជួលចិត្តមួយច្បាប់ដោយសរសេរថា៖ “ប្ដីសម្លាញ់ អូនមិនអាចបរិយាយអារម្មណ៍របស់អូនបានឡើយ ទើបអូនសម្រេចចិត្តសរសេរវា ទុកឲ្យប្ដីមើល។ អូនមានដំណឹងល្អមួយសម្រាប់បង គឺអូនបានទៅជួបគ្រូពេទ្យកាលពីសប្ដាហ៍មុន គ្រូពេទ្យប្រាប់ថា អូនមានផ្ទៃពោះ ២ខែហើយ។ តើបងសប្បាយចិត្តទេ កូនរបស់យើង គឺភ្លោះទៀតផង។ គ្រូពេទ្យពិនិត្យឲ្យអូននោះ គឺជាបងប្រុសរបស់អូនដែលបានបែកគ្នាជាយូរមកហើយ បន្ទាប់ពីអាពាហ៍ពិពាហ៍របស់យើងមកម្លេះ។
ប៉ុន្តែបងប្រុសអូន គាត់ចិត្តល្អណាស់ គាត់សន្យាតាមដានពិនិត្យសុខភាពឲ្យអូន និងកូនដោយមិនគិតប្រាក់ទេសូម្បីមួយសេន។ គាត់ក៏បានសន្យាមកញ៉ាំអាហារពេលល្ងាចនេះនៅផ្ទះយើងដែរ។ អរគុណប្ដីសម្លាញ់ដែលតែងតែមើលថែអូនរហូតមក”។ ពីប្រពន្ធសម្លាញ់របស់បង។ សំបុត្របានរបូតចេញពីដៃរបស់ប្ដីធ្លាក់ទៅក្រោម។
ស្របពេលជាមួយគ្នានេះ ស្រាប់តែមានសំឡេងគោះទ្វារ ហើយអ្នកគោះ គឺជាបុរសម្នាក់ដែលបុរសជាប្ដីតែងតែឃើញដើរជាមួយប្រពន្ធខ្លួន បានចូលមក រួចនិយាយថា “សួស្ដីបាទ! ខ្ញុំ Max ជាបងប្រុសរបស់ប្រពន្ធលោក។ រំពេចនោះ Max បានក្រឡេកទៅម្ខាង ឃើញប្អូនស្រីខ្លួនកំពុងដេកស្ដូកក្នុងថ្លុកឈាម។ គាត់តក់ស្លុតយ៉ាងខ្លាំង ហើយប្រញាប់នាំនាងទៅកាន់មន្ទីរពេទ្យក្បែរផ្ទះ និងដឹងថា នាងបានសន្លប់បាត់ស្មារតី ប៉ុន្តែជាអកុសល កូនភ្លោះជាកូនដំបូងនេះ បានរលូតស្លាប់បាត់បង់ជីវិតទាំងពីរទៅហើយ៕
ន័យអប់រំ៖ យើងមិនគួរឆាប់ប្រតិកម្ម ឬមានវិធានការភ្លាមៗណាមួយចំពោះមនុស្សខ្លួនស្រលាញ់ ជាប្ដី ឬប្រពន្ធពេកទេ នៅពេលយើងមិនបានសួរបញ្ជាក់ផ្ទាល់ពីពួកគេ។ យើងគ្រប់គ្នាសុទ្ធតែមានកំហុសដោយមិនអាចជៀសរួច។ យើងមិនត្រូវប្រញាប់វិនិច្ឆ័យអ្នកដទៃពេកទេ អ្វីៗដែលយើងឃើញ យើងឮ ឬគេប្រាប់មិនប្រាកដថា ត្រឹមត្រូវទាំងអស់ឡើយ។ គ្រប់គ្នាត្រូវរៀនទប់កំហឹងខ្លួនឯង ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ព្រោះការមានវិធានការទាំងកំហឹង តែងតែខុសផុងខ្លួនកាន់តែជ្រៅថែមទៀត៕ (ប្រែសម្រួល៖ ឡូយកប់) (ហាមលួចចម្លងអត្ថបទពីវេបសាយ ឡូយកប់ ដាច់ខាត)
Post a Comment