ថ្ងៃបុណ្យទាន កូនប្រុសមិនអាចឈប់សម្រាកពីការងារបាន អ្នកម្តាយសុខចិត្តធ្វើដំណើររាប់រយគីឡូម៉ែត្រមករក ដើម្បីធ្វើរឿងមួយនេះ!



នៅរៀងរាល់ពិធីបុណ្យពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) ឬខ្មែរយើងនិយមហៅថា បុណ្យសែនលោកខែ គេតែងសង្កេតឃើញថា ប្រជាជននៅអាស៊ីជាច្រើន ជាពិសេសជនជាតិចិនតែម្តង តែងតែជួបជុំបងប្អូនគ្រួសារ ដើម្បីរៀបចំធ្វើពិធីសែនមួយនេះ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីជាម្តាយជនជាតិចិនម្នាក់ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត ដោយសារទឹកចិត្តដ៏ប្រពៃរបស់គាត់ ដោយខំប្រឹងធ្វើដំណើរមកពីទីឆ្ងាយ ដើម្បីលៃលកយកនំលោកខែ មកឲ្យកូនប្រុសទទួលទាន បើទោះជាកូនប្រុសនោះ ខកខានមិនបានទៅលេងស្រុកកំណើតក៏ដោយក្តី។
ស្រ្តីជាម្តាយរូបនេះ បានធ្វើដំណើរចេញពីផ្ទះក្នុងខេត្ត Shanxi ចំងាយរាប់រយគីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីយកនំលោកខែធ្វើដោយផ្ទាល់ដៃ មកឲ្យកូនប្រុសជាទីស្រលាញ់ ដែលមិនអាចឈប់សម្រាកពីការងារបាន បើទោះជាថ្ងៃបុណ្យទានក្តី។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាកូនមានឈ្មោះ Xiao Fei បច្ចុបប្បន្នរស់នៅ និងបំពេញការងារក្នុងទីក្រុងប៉េកាំង គិតមកទល់ពេលនេះអស់រយៈ៥ឆ្នាំមកហើយ។ ជារឿយៗលោក Xiao តែងតែធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំគ្រួសារនៅរៀងរាល់ឱកាសបុណ្យទាន។ ប៉ុន្តែដោយសារក្នុងឆ្នាំនេះលោកមានការងារច្រើនដែលត្រូវបំពេញ ទើបបណ្តាលឲ្យលោកខកខាន។
ទោះបីជាយ៉ាងនេះក្តី ដោយសារទឹកចិត្តអ្នកម្តាយស្រលាញ់កូនគ្មានដែនកំណត់ ទីបំផុតម្តាយរបស់គាត់ខំជម្នះរៀបចំនំលោកខែធ្វើឡើងដោយផ្ទាល់ដៃ រៀបចំដាក់ក្នុងវ៉ាលីនិងនំផ្សេងៗជាច្រើនទៀត រួមមាន សណ្តែកដី និងគ្រាប់វ៉លណាត់ជាដើម ដែលលោក Xiao ចូលចិត្តញ៉ាំ យកមកឲ្យដោយខ្លួនឯងតែម្តង។
លោក Xiao បានថ្លែងប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា ម្តាយរបស់លោកចេះធ្វើនំលោកខែនេះយូរឆ្នាំមកហើយ ហើយម្តាយលោកក៏តែងតែធ្វើវា សឹងតែរាល់ឆ្នាំដែរ។ បើនិយាយពីរសជាតិវិញ ស្នាដៃធ្វើនំរបស់ម្តាយលោក គឺនៅតែឆ្ងាញ់ មិនផ្លាស់ប្តូរឡើយ៕ 





No comments