ស្នាដៃ​ដែល​ វណ្ណ ម៉ូលីវណ្ណ ដែលកូនខ្មែរមិនអាចបំភ្លេចបាន.....


លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេនិងបង្កើតស្នាដៃជាច្រើន នៅក្នុងចលនា ស្ថាបត្យកម្ម​ខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

គាត់បានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែក សិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និង​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេសកម្ពុជាដែលទើប ទទួលបានឯករាជ្យថ្មីៗក្នុងឆ្នាំ១៩៥៦។ បន្តិចក្រោយ​មក​គាត់​ត្រូវបានសម្តេច នរោត្តម សីហនុ តែងតាំងជាស្ថាបត្យកររដ្ឋ។
គាត់បានបន្តរចនាគម្រោងសាធារណៈ ដែលត្រូវបានគេស្គាល់ និង បានចាប់ទុករាល់​សម្ឋិផល​ទាំង​អស់​នោះ គឺជាភាពដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលសាង សង់ឡើងជាចំណែក​មួយនៃ​ទំនើបនីយ​កម្មទូទាំងប្រទេស ដែលបានចាប់ផ្តើម ដោយរបបសង្គម រាស្ត្រនិយម។ គាត់ក៏បានរច​នាលំនៅដ្ឋាន​ឯកជន និងរចនាសម្ព័ន្ធតូចៗជាច្រើន នៅក្នុងសម័យ នោះដែរ។ បន្ថែមពីលើការងារ​ជាច្រើនរបស់​គាត់ ក្នុងនាមជាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ក៏ជាអ្នករៀបចំទីក្រុង និងគ្រប់គ្រងការ​ពង្រីកក្រុង​ភ្នំពេញ ក៏ដូចជាការបង្កើតកំពង់ផែសមុទ្រក្រុង ព្រះសីហនុ(កំពង់សោម) និងនៅទីតាំងផ្សេងៗ ទៀត​។ ជាងនេះទៀត គាត់ក៏បានចូលរួមនៅក្នុង ការងារដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង​បាន​បោះពុម្ពផ្សាយអត្ថបទជាច្រើនស្តីពី ទំនើបភាវូបនីយកម្មប្រទេសកម្ពុជា​នៅក្នុងព្រឹត្តិប័ត្រ​ស្រាវ​ជ្រាវ​ជាភាសាខ្មែរជាច្រើន។
ក្នុង​សំណង់​ទាំង​អស់​ដែល​លោក​បាន​កសាង​និង​គូ​ប្លង់​ឡើង លោក វណ្ណ ម៉ូលីវណ្ណ ​ស្រលាញ់​ជាង​គេ​គឺ​ពហុកីឡាដ្ឋានជាតិអូឡាំពិក និងសាលមហោស្រព​ព្រះសុរាម្រិត​នៅ​ទន្លេបាសាក់​ក្នុងទី​ក្រុង​ភ្នំពេញ។ ចំពោះ​ស្នាដៃ​ផ្សេង​ទៀត​រួម​មាន វិមានឯករាជ្យ សំណង់«​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា​ស្នាក់នៅ​ (១៩៦៥-១៩៦៧) វិមានរដ្ឋចំការ​មន ​និង​វិទ្យាស្ថាន​ភាសា​បរទេស​ ​ជា​ដើម៕











No comments