ស្លាប់ទាំងមិនអស់ចិត្ត! មកចូលរូបជួបម្តាយ ជាលើកចុងក្រោយដើម្បី… (រឿងពិត)
នៅភូមិខ្ញុំ មានយុវជនម្នាក់មិនសូវគ្រប់ទឹកទេឈ្មោះ «អាហ៊រ»។ មានយប់មួយអាហ៊រគេងនៅផ្ទះតែម្នាក់ឯង ដោយសារឪពុកម្តាយវាបានទៅគេងលេងនៅផ្ទះបងរបស់វា។ ជាទម្លាប់យុវជននេះមិនគេងក្នុងផ្ទះទេ កន្លែងគេគេងគឺនៅ ខាងមុខផ្ទះដែលមានរនាំងទ្វាដែកនៅខាងក្រៅ។ ព្រឹកឡើងពេលឪពុកម្តាយអាហ៊រមកដល់ផ្ទះវិញ ទ្វារដែកចាក់សោរជាធម្មតាទេ ពេលគាត់បើកសោរទ្វារដែកចូលផ្ទះក៏ឃើញកូននៅគេងក្នុងមុងជាធម្មតា ពួកគាត់ទាំងពីរក៏មិនចាប់អារម្មណ៍ ព្រោះកូនគាត់មួយនេះជួនកាលគេគេងដល់ម៉ោង ៩ ព្រឹក ទើបក្រោក។ ពេលគាត់ចូលដល់ទ្វាផ្ទះ ទ្វាផ្ទះគ្មានចាក់សោរទេ អ៊ុំស្រីក៏ ស្រែកបន្ទោសកូនគាត់នៅក្នុងមុងនោះថា
«ហ្អែងដេកអត់ចាក់សោរផ្ទះទេអី?»
អាហ៊រក៏គ្មានឆ្លើយតប។ ពេលគាត់ចូលទៅក្នុងផ្ទះរបស់របររប៉ាត់រប៉ាយ ដូចមានមនុស្សរុះរើខ្លាំងសម្បើមណាស់ គាត់ភ្ញាក់ស្មារតី
«អូ! វីវរហើយ ប្រាកដជាចោរចូលផ្ទះហើយ យីកូននេះដេកដូចគេងាប់ ចោរចូលផ្ទះហើយ វានៅដេកធ្វើហី គ្មានដឹងអីសោះ យ៉ាប់ណាស់មានកូនមិនគ្រប់ទឹក»។
អ៊ុំទាំងពីរមិនបារម្ភថាបាត់អីទេ ព្រោះគាត់គ្មានទុកលុយកាក់ក្នុងផ្ទះទេ រីឯទូរទស្សន៍ក៏ចោរវាមិនយកទៅដែរ (លុយគាត់ទុកនៅធនាគារ)។ គាត់រៀបចំឥវ៉ាន់ទុកដាក់តាមរបៀបរៀបរយវិញរួចហើយ គាត់ក៏ដើរទៅដាស់កូនគាត់ដើម្បីសួរនាំ គាត់ស្រែកហៅយ៉ាងណាក៏កូនគាត់មិនភ្ញាក់ដែរ គាត់ក៏ចាប់អង្រួនកូន
«ពុទ្ធោឪវា កូនយើងចោរវាយស្លាប់បាត់ហើយ ក្បាលនិងមុខវាឡើងហើមពោរ ខ្លួនវារឹងអស់ហើយ មិនដឹងជាស្លាប់ពីពេលណាទេ កូនអ៊ើយកូន អ្នកណាមកសម្លាប់កូន បើគេចង់យកអីកូនឲ្យគេទៅ កូនមិនគួរប្រថុយជីវិតបែបនេះទេ»។ អ៊ុំស្រីបានស្រែកប្រាប់អ៊ុំប្រុស រួចហើយអង្គុយទ្រហោរយំព្រោះអាណិតកូន។
ប៉ូលីសបានចុះទៅយកកំណត់ហេតុនឹងធ្វើកោសលវិច្ច័យ។ ប៉ូលីសបានសនិ្នដ្ឋានថា នេះជាទង្វើចោរប្លន់។ បន្ទាប់មកពិធីបុណ្យសពក៏បានរៀបចំតាមប្រពៃណី។ បុណ្យ ៧ ថ្ងៃបានធ្វើរួចទៅហើយ តែប៉ូលីសគ្មានតម្រុយណាមួយនឹងអាចរកចាប់ឃាតកទេ ព្រោះយុវជនម្នាក់នេះ ជាមនុស្សខ្លាចគេណាស់ មិនដែលហ៊ានឈ្លោះជាមួយនរណាឡើយ សូម្បីតែក្មេងតូចក៏អាចសម្លុតគេឲ្យរត់បានដែរ។
នៅថ្ងៃទី ៩ បន្ទាប់ពីថ្ងៃកើតហេតុ មេប៉ុសប៉ូលីសប្រចាំឃុំឈ្មោះ ណន ក៏បាននែនាំអ៊ុំទាំងពីរឲ្យទៅរកគ្រូបញ្ចូលរូប៖
«អ៊ុំអ្ហា យប់ម៉ិញខ្ញុំយល់សបិ្តឃើញអាហ៊រ វាថា វាចង់ជួបអ៊ុំទាំងពីរណាស់ និងចង់ផ្តាំផ្ញើអ៊ុំឲ្យធ្វើកិច្ចការបង្ហើយឲ្យវាផង មុននឹងវាទៅឆ្ងាយ វាថា វានៅបានតែមួយថ្ងៃនឹងទៀតទេ អ៊ុំអាចទៅរកគេបញ្ចូលរូបទៅ ប្រាកដជាអាចជួបវាហើយ វាថាឲ្យអ៊ុំទៅរកយាយវ៉ាក់ វានៅចាំអ៊ុំនៅផ្ទះយាយវ៉ាក់»
អ៊ុំប្រុសគាត់មិនជឿរឿងអញ្ចឹងៗទេ គាត់ក៏បញ្ជាក់ទៅម៉េប៉ុស្តិ
«ក្មួយអ៊ើយ កុំនិយាយលេងអី អ៊ុំមិនជឿទេ អ៊ុំដឹងថាក្មួយឯងប្រើល្បិចតាមចាប់ឃាតក បានជាមករកអ៊ុំឲ្យធ្វើអញ្ចឹង។ ក្មួយឯងជាអ្នកកាន់ច្បាប់ ក្មួយឯងអាចទៅចាប់ឃាតកតាមគេចូលរូបប្រាប់បានដែរ?»
«មែនណាអ៊ុំ ខ្ញុំហ៊ានស្បថ វាមកពន្យល់សប្តិប្រាប់ខ្ញុំថាអញ្ចឹងមែន ខ្ញុំគ្មានប្រើល្បិចអីទេអ៊ុំ ដូចអ៊ុំនិយាយអញ្ចឹង ពាក្យសំដីរបស់គ្រូបញ្ចូលរូប គ្មានតុលាការឯណាគេជឿហើយយកមកចោទប្រកាន់ឃាតកបានទេ ខ្ញុំក៏ដឹងដែរណាអ៊ុំ» មេប៉ុសិ្តបានពន្យល់។ អ៊ុំស្រីគាត់មានការនឹករលឹកស្រណោះកូនគាត់ជាខ្លាំង គាត់ក៏ជឿសំដីមេប៉ុស្តិ ម្យ៉ាងមេប៉ុស្តិក៏បានស្បថស្បែរទៀត។
«តោះឪវា ទៅរកយាយវ៉ាក់មួយភ្លែតទៅ វាមិនខាតពេលប៉ុន្មានដែរ» និយាយពីយាយវ៉ាក់ បានជាគេហៅគាត់យាយវ៉ាក់មកពីគាត់ខ្វាក់ភ្នែកទាំងសងខាង គាត់ចេះទាយ ចេះបញ្ចូលរូប ដែលអ្នកស្រុកតែងតែទៅរកគាត់ ហើយការទាយរបស់គាត់ឆុតណាស់ អ្នកភូមិខ្ញុំគេជឿគាត់ណាស់។ មានពេលមួយនោះយាយខ្ញុំបាត់ខ្សែរកមាស ១ តម្លឹង យាយខ្ញុំទៅរកគាត់ទស្សន៍ទាយ គាត់ប្រាប់ថា ខ្សែរកហ្នឹងមិនបាត់ទេ គ្រាន់តែវង្វេងដៃទេ ខំរកទៅឃើញហើយ គឺរកនៅទិសខាងកើត យាយខ្ញុំត្រឡប់មកវិញខំរកទៅពិតជាបានឃើញវិញមែន។
«ម៉ែ! ម៉ែ! គេវាយកូនឈឺណាស់ម៉ែអ៊ើយ កូនអង្វរគេយ៉ាងម៉េចក៏គេមិនស្តាប់ដែរម៉ែ កូនហៅម៉ែ ហៅពុក ហៅគេឯងឲ្យជួយដែរ តែគ្មានអ្នកណាឮកូនហៅសោះ»
«កូនអ៊ើយកូន ម៉ែសុំទោស ម៉ែមិនគួរទុកកូននៅផ្ទះទេ ម៉ែគួរតែនាំកូនទៅជាមួយ កូនអ៊ើយចាំជាតិក្រោយកូនមកកើតជាកូនម៉ែទៀតចុះណាកូនណា បើកូនស្រឡាញ់ម៉ែ»
«ម៉ែកូនចង់ជួបម៉ែ ផ្តាំម៉ែរឿងមួយណាម៉ែ ម៉ែធ្វើបានទេម៉ែ?»
«ម៉ែធ្វើបានណាកូន កូនប្រាប់មកចុះណាកូន»
«ម៉ែ! ខ្ញុំមានលុយ ៧០ ម៉ឺន ច្រកស្បោងកប់ទុកក្នុងដីក្រោមគ្រែខ្ញុំដេកណាម៉ែ ម៉ែទៅយកលុយនេះទិញគ្រែនឹងស្បង់ឲ្យអស់លុយនឹងទៅ យកទៅប្រកេនលោក ហើយឧទ្ទិសកុសលដល់កូនផងណាម៉ែណា កូនអត់បានធ្វើបុណ្យទេ មានតែប៉ុណ្ណឹងទេ»
«មិនអីទេកូន ម៉ែធ្វើឲ្យកូនបាន ម៉ែធ្វើឲ្យលើសនឹងទៀតណាកូន ចុះកូនមានដឹងថាអ្នកណាសម្លាប់កូនទេ?»
«កុំធ្វើលើសនឹងអីម៉ែ ធ្វើក៏មិនបានដល់កូនដែរ ធ្វើត្រឹមតែលុយកូនទៅបានហើយ។ រីឯអ្នកសម្លាប់កូន កូនស្គាល់តែម្នាក់ទេក្នុងចំនោមគ្នាវាបួននាក់ តែកូនប្រាប់មិនបានទេព្រោះគេហាមដាច់ខាត អាចត្រឹមតែនិយាយបានថា ជាអ្នកភូមិយើងនឹង កាលយប់នឹងវាមកឈរនៅមុខផ្ទះយើងនៅម៉ោង១០យប់ ហើយវាហៅកូនឲ្យបើកទ្វា វាសុំខ្ចីឆ្នាំងអ៊ុត អ៊ុតខោអាវ ខ្ញុំក៏បើកទ្វា គ្រាន់តែបើកភ្លាមគ្នាវាបីនាក់ទៀតរត់មកពីទីងងឹត យកកាំបិតមកភ្ជង់កូន ហើយសម្លុតរកលុយ ឲ្យយកលុយឲ្យវា ខ្ញុំថាខ្ញុំមិនដឹងលុយនៅឯណាទេ វាថាម៉ែឪហ្អែងទៅណាហើយ ខ្ញុំប្រាប់ពួកវាថាមិននៅទេ វាក៏ឲ្យខ្ញុំចាក់សោរ
ទ្វាផ្ទះ ខ្ញុំមិនហ៊ានប្រឆាំងវាទេ ចាក់សោរឲ្យវា។ ពេលវារវល់តែរុះរើខាងក្នុង ខ្ញុំក៏រត់ចេញ គ្នាវាពីរនាក់ដេញខ្ញុំ កុំអីវាដេញខ្ញុំមិនទាន់ទេ តែមានអាមួយនោះវាគប់ខ្ញុំត្រូវនឹងដំបងចំកំភួនជើង ហើយវាវាយក្បាលខ្ញុំពីរដំបងទៀត ហើយអូសខ្ញុំទៅវិញ ពេលទៅដល់ផ្ទះ វារុញខ្ញុំចូលក្នុងផ្ទះ វាយខ្ញុំហើយវាយទៀត ឲ្យយកលុយឲ្យវា តែខ្ញុំមិនដឹងថាម៉ែពុកទុកលុយនៅឯណាទេ ប្រាប់វាបានតែមួយម៉ាត់ គឺ អត់ដឹងទេ។ វារកហើយរកទៀត តែរកមិនឃើញវាក៏វ៉ៃកូនរហូត កូនឃើញមនុស្សពីរនាក់មកជួយនាំកូនរត់ចេញ កូនអរណាស់បានរួចជីវិតហើយ ប៉ុន្តែមិនមែនទេ ពីរនាក់ហ្នឹងជាយមបាលមកយកព្រលឹងខ្ញុំសោះម៉ែ គេបានប្រាប់ខ្ញុំថាខ្ញុំស្លាប់ហើយ គេបាននាំខ្ញុំមកផ្ទះនៅពេលម៉ែធ្វើបុណ្យ៧ថ្ងៃ ហើយគេប្រាប់ខ្ញុំថាឲ្យខ្ញុំនៅនឹង ២ ថ្ងៃទៀត។ កូនចង់ជួបម៉ែ តែជួបមិនបានសោះ ហៅយ៉ាងណាក៏ម៉ែមិនឮ អញ្ចឹងហើយបានខ្ញុំទៅប្រាប់បងណន ម៉េប៉ុស្តិ ឲ្យមករកម៉ែ។ ឥឡូវកូនទៅវិញហើយម៉ែ កូនដល់ពេលហើយ»
និយាយដល់ត្រឹមនេះ យាយវ៉ាក់ក៏បិទភ្នែក ហើយក៏សួរមកអ៊ុំប្រុស អ៊ុំស្រី វិញ
«ម៉េចហើយអស់ចិត្តហើយនៅយាយតា គេបាននិយាយអីខ្លះ?»
មេប៉ុសិ្តបានឆ្លើយជំនួស
«គេមិនបានប្រាប់ពីឃាតកថាជាអ្នកណាសោះ អ្នកទាំងអស់គ្នានៅទីនេះកុំនិយាយរឿងនេះអី ខ្ញុំចង់បញ្ឆោតឃាតក ឲ្យចេញមុខ»
មេប៉ូលីស ណន ជឿយាយវ៉ាក់ ឬមិនជឿខ្ញុំមិនដឹងទេ តែប៉ូលីសរូបនេះ ក៏បានផ្សពផ្សាយពាក្យចរចាម អារ៉ាម ថា «គេបញ្ចូលរូបប្រាប់ហើយថាឃាតកជានរណា តែមិនទាន់ចាប់ព្រោះមិនទាន់បានដីកាពីតុលាការ»
ពេលត្រឡប់មកផ្ទះវិញ អ៊ុំស្រីម្តាយអាហ៊រ មើលទៅក្រោមគ្រែរបស់វា បានឃើញមានស្នាមដីផុសៗ គាត់កាយទៅ ឃើញកញ្ចប់លុយចំនួន ៧០ ម៉ឺនពិតប្រាកដមែន គាត់ស្រែកយំនឹកស្រណោះកូនគាត់។ និយាយពីអ៊ុំប្រុស ក្រោយពីបានឃើញភស្តុតាងគាត់ចាប់ផ្តើមជឿយាយវ៉ាក់តាំងពីពេលនោះមក។ អ្នកក្នុងភូមិក៏នាំគ្នាជឿយាយវ៉ាក់គ្រប់ៗគ្នា យាយវ៉ាក់ល្បីណាស់ពេលនោះ មានអ្នកទៅរកគាត់ច្រើនឡើងៗ។ ដោយធុញនឹងភ្ញៀវច្រើនពេក ម្យ៉ាងយាយវ៉ាក់មិនចូលចិត្តមនុស្សអូរអរពេកទេ គាត់បដិសេធឈប់ទាយ ឈប់ចូលរូបរហូត ទោះជាមនុស្សក្នុងភូមិក៏ដោយ។ គាត់ឲ្យក្មួយគាត់សង់តូបមួយឲ្យគាត់ស្នាក់នៅក្នុងវត្ត ប្រហែល ២ ឆ្នាំក្រោយ យាយវ៉ាក់ ក៏បានអនិច្ចកម្មទៅ។ គេនាំគ្នានិយាយតៗគ្នាថាយាយវ៉ាក់មានបារមីខ្លាំងណាស់ ព្រោះគាត់ខ្វាក់ភ្នែកទេ តែគាត់ស្គាល់លុយច្បាស់ណាស់ ថាជាសន្លឹកក្រដាស់ប៉ុន្មានៗ និងស្គាល់មនុស្សក្នុងភូមិគ្រប់គ្នា ពេលទៅរកគាត់មិនបាច់ប្រាប់ឈ្មោះទេ គាត់ស្គាល់ច្បាស់តែម្តង។
និយាយពី ប៉ូលីស ក្រោយពីផ្សាយពាក្យចចាមអារាមហើយ ប៉ូលីសបានដាក់កំលាំងពួនស្ទាក់ នៅផ្ទះយាយវ៉ាក់ នៅផ្ទះ អាហ៊រ និងនៅទិសទាំងពីរនៃផ្លូវចម្ងាយពីផ្ទះអាហ៊រ ១០០ ម៉ែត្រ ព្រោះប៉ូលីសសន្និដ្ឋានថា ប្រាកដជាអ្នកជិតខាងណាមួយហើយបានជាអាហ៊រវាស្គាល់ (ដល់អញ្ចឹងបានខ្ញុំដឹងថាប៉ូលីស ណន ជឿយាយវ៉ាក់ បញ្ចូលរូបដែរ ប្រហែលជាមកពីភស្តុតាងលុយ ៧០ ម៉ឺននោះហើយ)។ នៅយប់នោះ ម៉ោងប្រហែល ១០ យប់ ប៉ូលីស ណន បានឃើញមនុស្សម្នាក់ដើរតាមផ្លូវមានវាលី្លខោអាវមួយផង គាត់ស្គាល់ច្បាស់ថាវាជានរណា គាត់ហៅវាឈប់ហើយសួរ
«អាម៉ៅ យប់ស្មើនឹងហើយ ហ្អែងទៅណា?»
អាម៉ៅ ឆ្លើយទាំងទឹកមុខភ័យ «ខ្ញុំទៅមើលគេរាំធុងបាស់បង បងឯងសួរធ្វើអី?»
«អាម៉ៅ ផ្ទះហ្អែងនៅក្រោយផ្ទះអាហ៊រសោះ យប់គេប្លន់វាហ្អែងអត់ឮ វាស្រែកអីទេអី» មេប៉ូលីសសួរវាបែបសម្លុតៗ
វាដាក់វាល្លីចុះ ហើយឆ្លើយក្នុងអាការៈភ័យខ្លាំង
«អត់ទេបង ខ្ញុំមានបានប្លន់សម្លាប់វាឯណាបង បងឯងកុំចេះតែចោទគេ»
«អញមានបានថាហ្អែងប្លន់សម្លាប់គេឯណា អញសួរហ្អែងថាមានឮអាហ៊រស្រែកឬអត់ ម៉េចក៏ហ្អែងរអៀសខ្លួន ហើយហ្អែងទៅមើលគេរាំសោះ ចាំបាច់វេចខោអាវទៅជាមួយ ហ្អែងប្រាកដជាចោរប្លន់មែនហើយ ហើយហ្អែងប្រុងរត់ចោលស្រុក មែនឬអត់?»
មេប៉ូលីសនិយាយបានត្រឹមនេះ អាម៉ៅរត់ប្រុច មេប៉ូលីសបាញ់ឡើងលើ ២ គ្រាប់ វាឮសម្លេងកាំភ្លើងវាលែងហ៊ានរត់ ហើយវាបានសារភាពប្រាប់ថាវាពិតជាចោរប្លន់មែន ថែមទាំងបានប្រាប់ពីបក្សពួករបស់វាបីនាក់ទៀត។ វាថាបានជាវារត់ ព្រោះឮគេនិយាយថា អាហ៊រ បានចូលរូបប្រាប់អំពីលុយ ៧០ ម៉ឺន ហើយលុយបានរកឃើញមែន ហើយអាហ៊របានបញ្ជាក់ប្រាប់ច្បាស់ហើយអំពីចោរប្លន់នោះជានរណា អញ្ចឹងហើយវាមានតែរត់ទេទើបរួចខ្លួន ព្រោះអាហ៊រស្គាល់វាច្បាស់ណាស់ នរណាហ៊ានមិនជឿកក្នុងរឿងហ្នឹង បើរកឃើញលុយ ៧០ ម៉ឺនមែន។
ការចូលរូបនេះឆុតត្រង់លុយ ៧០ ម៉ឺន រីឯបញ្ហាចោរប្លន់នោះ ការចូលរូបមិនបានបញ្ជាក់ច្បាស់ទេ នេះជាល្បិចរបស់ប៉ូលីសក្នុងការវែកមុខរកចោរប្លន់ និងឃាតក តែប៉ុណ្ណោះ។
ប្រភព៖ konpov.com
Post a Comment