បណ្តាំដូនតាតែងនិយាយថាប្រុសតែងតែចង់បានប្រពន្ធក្រមុំចំឡែកអីតែគាត់ រត់ចោលគូដណ្តឹងក្រមុំ យកប្រពន្ធមេម៉ាយកូន៣ដោយហេតុផង...


លោះក្រមុំសុទ្ធតែប្រាថ្នាចង់បានគូគាប់ទ្រនាប់ជីវិតជាកំលោះក្រមុំដូចគ្នា។ ប៉ុន្តែសម្រាប់បុរសម្នាក់នេះ កាលពីនៅកំលោះ មានក្រមុំតាមស្រឡាញ់ជាច្រើននាក់ និង ឪពុកម្តាយចូលស្តីដណ្តឹងកូនក្រមុំគេឱ្យទៀត។ លុះជិតដល់ថ្ងៃចូលរោងការ ស្រាប់តែឱបបង្វេចរត់ចោលគូដណ្តឹង ដើររសាត់អណ្តែតតែម្នាក់ឯង។ ទីបំផុត បែរជាមកលង់ស្នេហ៍មេម៉ាយកូន៣ យកធ្វើជាប្រពន្ធរហូតមកទល់សព្វថ្ងៃ…។
*លោក អ៊ឹម ដេត អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិយាង ឃុំយ៉ាង ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃរស់នៅភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៤, ស្រី២) ដែលមានឪពុកឈ្មោះ សាអ៊ីម(ស្លាប់), ម្តាយឈ្មោះ គួន ទួន អាយុ៧០ឆ្នាំ។ កាលពីក្មេង លោករៀនសូត្របានតិចតួចណាស់មិនចប់ថ្នាក់បឋមសិក្សាផងក៏ឈប់ទៅ ព្រោះតែក្រុមគ្រួសារមានជីវភាពក្រីក្រពេក ដែលពេលនោះលោកស៊ីឈ្នួលឃ្វាលគោក្របីឱ្យអ្នកស្រុក យកប្រាក់កម្រៃចិញ្ចឹមជីវិតរហូតដល់វ័យជំទង់។ នៅពេលធំពេញកំលោះ ដោយសារជួបបញ្ហាជីវភាពខ្សត់ខ្សោយនេះហើយ ធ្វើឱ្យក្នុងចិត្តរបស់លោកអៀនខ្មាសស្រីៗ មិនហ៊ានសម្លឹងមើលមុខគេ ឡើយ ហើយក៏មិនហ៊ានប្រាថ្នាលួចស្រឡាញ់នារីទាំងនោះដែរ ទោះបីជាមានក្រមុំនៅក្នុងស្រុកភូមិឱ្យដៃ ផ្តល់សញ្ញាបើកភ្លើងខៀវឱ្យក៏លោកមិនចាប់អារម្មណ៍ដែរ។
លោក ដេត បន្តឱ្យដឹងទៀតថា ដ្បិតតែលោកជាត្រកូលអ្នកក្រមែន ប៉ុន្តែលោកមានរូបសម្រស់ពីធម្មជាតិស្រស់សង្ហា មានក្រមុំមិនតិចនាក់ទេដែលស្រឡាញ់លង់ស្នេហ៍ចង់បានលោកធ្វើប្តីនោះ សូម្បីតែកូនធម៌របស់ឪពុកក៏លង់ស្នេហ៍លោកដែរ។ ទន្ទឹមនោះ ឪពុកម្តាយរបស់លោកក៏ពេញចិត្តពេញថ្លើមនាងដែរ ដោយបានចូលស្តីដណ្តឹងនាងដល់មេបា រង់ចាំថ្ងៃចូលរោងការប៉ុណ្ណោះ តែលោកហាក់បីដូចជាមិនចេះស្រឡាញ់មនុស្សស្រីសោះ ជាពិសេសស្រីក្រមុំតែម្តង ហើយក៏មិនទាន់ចង់បានប្រពន្ធអ្វីដែរ ក៏សម្រេចចិត្តឱបបង្វេចរត់ចោលផ្ទះ ចោលគូដណ្តឹងក្រមុំតែម្តង។ ពេលនោះ លោកបានមកស៊ីឈ្នួលច្រូតស្រូវឱ្យគេនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ អស់រយៈពេល២ឆ្នាំ ទើបត្រឡប់ទៅផ្ទះវិញ។

លោកបញ្ជាក់ថា ក្នុងពេលទៅស៊ីឈ្នួលច្រូតស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ មានក្រមុំៗក៏មិនតិចនាក់ដែរទេដែលមានចិត្តស្រឡាញ់រូបលោក ឱ្យដងឱ្យផ្លែនោះ។ ប៉ុន្តែក្នុងចិត្តលោកហាក់បីដូចជាគ្មានចំណាប់អារម្មណ៍លើនារីទាំងនោះសោះឡើយសូម្បីតែប៉ុនក្រចកដៃ ធ្វើឱ្យលោកធុញទ្រាន់ក្រមុំតាមសុំស្នេហ៍ លោកក៏ត្រឡប់ទៅស្រុកកំណើតវិញ រួចបង្ហួសទៅរកការងារធ្វើនៅស្រុកថៃដោយឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ។ ប៉ុន្តែ មិនបានប៉ុន្មានថ្ងៃផងត្រូវតម្រួតថៃចាប់បានរួចបញ្ជូនត្រឡប់មកស្រុកខ្មែរវិញ ដែលនៅពេលនោះហើយ លោកបានជួបស្ត្រីមេម៉ាយកូន៣ម្នាក់ឈ្មោះ ញ៉ូវ យ៉ើត សព្វថ្ងៃអាយុ៤៧ឆ្នាំ(ប្រពន្ធសព្វថ្ងៃ)។
លោក អ៊ឹម ដេត បញ្ជាក់បន្តទៀតថា ក្នុងពេលតម្រួតថៃចាប់បាន លោកនិងនាង ញ៉ូវ យ៉ើត បានប្រាប់ទៅពួកគេ(តម្រួតថៃ)ថា ជាប្តីប្រពន្ធនឹងគ្នា ដើម្បីបន្លំភ្នែកតម្រួតថៃ កុំឱ្យចាប់វាយធ្វើបាប។ លុះពេលត្រឡប់ចូលមកដល់ទឹកដីខ្មែរវិញ មិនដឹងឥទ្ធិពលអ្វី ស្រាប់តែធ្វើឱ្យលោកមានចិត្តអាណិត លើស្ត្រីមេម៉ាយកូន៣នោះជាខ្លាំង ដូចពាក្យចាស់ពោលថា “អាណិតធំជាងស្រឡាញ់” ក៏ប្រថុយលួងលោមអង្វរសុំស្នេហ៍រហូតនាងឆ្លើយអូខេ យកធ្វើជាប្រពន្ធ រួមរស់ជាមួយគ្នាមកទល់សព្វថ្ងៃ។ បើគិតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំហើយ បើទោះជាប្រពន្ធមិនមានលទ្ធភាពបង្កើតកូនឱ្យលោកបាន១គ្រាប់ភ្ជាប់និស្ស័យពិតមែន តែមិនអាចធ្វើឱ្យបំណងស្នេហ៍ពួកលោកប្រេះឆានឹងគ្នាឡើយ។ ហើយលោកបានស្រឡាញ់កូនប្តីដើមរបស់ប្រពន្ធ ចាត់ទុកដូចជាកូនខ្លួនបង្កើតដោយចិញ្ចឹមពួកគេប្រកបដោយព្រហ្មវិហារធម៌ និង រៀបចំទុកដាក់ឱ្យមានប្រពន្ធប្តីទៀតផង។
អ្នកស្រី ញ៉ូវ យ៉ើត ជាប្រពន្ធបានឱ្យដឹងថា កាលពីក្រមុំគាត់បានរៀបការជាមួយប្តីដើម រួមរស់ជាមួយគ្នាបង្កើតកូនប្រុសស្រីបានចំនួន៣នាក់ជាចំណងនិស្ស័យស្នេហ៍។ បន្ទាប់មកក៏បែកបាក់គ្នាទៅ។ ក្រោយពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ កំព្រារងា កាយចិត្ត គាត់តែងដើររសាត់អណ្តែតគ្រប់ទីកន្លែង ធ្វើការយកប្រាក់មកចិញ្ចឹមកូនរហូតធ្លាក់ដល់ទឹកដីប្រទេសថៃ។ លុះពេលតម្រួតថៃចាប់បញ្ជូនមកស្រុកខ្មែរវិញ ក៏បានជួបស្នេហ៍ជាមួយប្តីទី២នេះម្តង។
ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា ប្តីទី២នេះដ្បិតតែមានអាយុក្មេងជាងគាត់ច្រើនពិតមែន ប៉ុន្តែគេមានចិត្តស្រឡាញ់ម្តាយកូនរបស់ពួកគាត់ ស្មគ្រ័ស្មោះណាស់ និង ចាត់ទុកកូនប្តីដើមរបស់គាត់ដូចជាកូនបង្កើតរបស់ខ្លួនអ៊ីចឹង ហើយកូនៗវិញក៏គោរពស្រឡាញ់ឪពុកចុងដូចជាឪពុកបង្កើតរបស់ពួកគេដែរ មិនដែលកើតមានជម្លោះ ឬ អាក់អន់ស្រពន់ចិត្តនឹងគ្នាម្តងណាឡើយ។ តាមពិតទៅ គាត់ក៏ចង់បង្កើតកូនឱ្យប្តីទី២នេះដែរដោយខំប្រឹងជួយចូកជួយចែវគ្នាឡើងបែកញើសប៉ុនៗគ្រាប់ពោត តែគ្មានធុំក្លិនកូនមកក្បែរសោះ រហូតមកដល់ពេលនេះ ក្តីស្រមៃចង់បានកូនរបស់ប្តីប្រពន្ធពួកគាត់ប្រហែលជាមិនបានសម្រេចឡើយ។
លោក ស៊ុន កៀត អាយុ៥០ឆ្នាំ និងអ្នកស្រី ឯម សុឃឿត អាយុ៤៤ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធរបស់អ្នកស្រី ញ៉ូវ យ៉ើត ដ្បិតតែមានអាយុខុសគ្នាឆ្ងាយមែន ប៉ុន្តែស្រឡាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចស្រមោចនិងស្ករ។ ចំណែកបុរសជាប្តីវិញក៏មានចិត្តទូលាយ មិនប្រកាន់កូនដើមកូនចុងទេ ដោយមានចិត្តស្រឡាញ់កូនប្តីដើមរបស់ប្រពន្ធដូចជាកូនបង្កើតរបស់ខ្លួន។ ចំណុចទាំងអស់នេះហើយ ទើបធ្វើឱ្យគ្រួសារអ្នកទាំងពីររស់នៅចុះសម្រុងនឹងគ្នា មានសេចក្តីសុខសុភមង្គលផ្អែមល្ហែមអស់រយៈពេលជាង១០ឆ្នាំមកនេះ។
រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធលោក អ៊ឹម ដេត ប្រហែលជាគូព្រេងនឹងគ្នាពីអតីតជាតិព្រោះលោក ដេត មិនមានចិត្តស្រឡាញ់ស្រីក្រមុំសោះ សូម្បីតែឪពុកម្តាយចូលដណ្តឹងស្រីក្រមុំ ត្រៀមចូលរោងការទៅហើយ សុខចិត្តឱបបង្វេចរត់ចោលគូដណ្តឹង។ លុះបានជួបស្ត្រីអភ័ព្វស្នេហ៍មេម៉ាយកូន៣ ក៏មានចិត្តអាណិតធំជាងស្រឡាញ់ តាមអង្វរសុំស្នេហ៍យកធ្វើជាប្រពន្ធតែម្តង ដោយមិនគិត រឿងអតីតកាលរបស់នាងឡើយ ដោយយកទ្រឹស្តី “កកក៏បាយ មេម៉ាយក៏ស្រី” និងរួមរស់ជាមួយគ្នាក្នុងរង្វង់សុភមង្គលរហូតមកដល់សព្វថ្ងៃ។ ពួកគាត់ សូមឱ្យចំណងស្នេហ៍អ្នកទាំងពីរនៅស្ថិតស្ថេរជាអមតៈដល់ចាស់កោងខ្នង៕

No comments