រកឃើញមូលហេតុពិតដែលបណ្តាលឲ្យមានការចាប់ម៉ូតូធំហើយ ដោយ ​លោក​ចេ​វ ហាក់ ចេញបញ្ជាក់តែម្តង



ការបង្ក្រាប​ម៉ូតូ​កែច្នៃ​ជាពិសេស​ចំពោះ​ម៉ូតូ​តូចធំ​ដែលមាន​សម្លេង​លាន់ឮ​ខ្លាំងៗ​ដោយ​នគរបាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​​បន្តបន្ទាប់​កន្លងមក​នេះ មាន​អ្នកគាំទ្រ​និង​មាន​អ្នក​ថ្នាំងថ្នាក់ ដោយសារ​នគរបាល​ដែលជា​អ្នក​អនុវត្តន៍​បានធ្វើ​លើសពី​បទបញ្ជា​។​

​ ​
​ជា​ការពិត​អ្នកណា​ក៏​មិន​ពេញចិត្ត ចំពោះ​សម្លេង​ម៉ូតូ​ដែល​គេ​បាន​កែច្នៃ​បំពុង​សឺ​ម៉ាំង​ឲ្យ​លាន់ឮ​ទ្រហឹង​ពេញ​ផ្លូវ​នៅក្នុង​ទីក្រុង​ដែរ ។ អ្នកប្រើប្រាស់​ម៉ូតូ​មាន​សម្លេង​ឮ​រំពង​ពេញ​ដងផ្លូវ​នេះ​តែងតែ​រោទ៍​ម៉ាស៊ីន​ម៉ូតូ​របស់ខ្លួន​យ៉ាងខ្លាំង​នៅ​កន្លែង​ចង្អៀត​ឬ​ផ្លូវ​មាន​មនុស្ស​​អ៊ូអរ​ដើម្បី​អោយគេ​ចាប់អារម្មណ៍ តែ​វា​បែរ​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​ដល់​អ្នកដទៃ ខណៈ​ម៉ូតូ​ទាំងនោះ​ដែល​មិនសូវមាន​ល្បឿន​ទៅមុខ​សោះ​។​

​ ​
​នគរបាល​គ្រប់​ខណ្ឌ​ក្នុង​រាជធានី បាន​បង្ក្រាប​ម៉ូតូ​ដែលមាន​សម្លេង​ខ្លាំងៗ​តាម​បទបញ្ជា​របស់​អ្នក​លើ ដោយមាន​ហេតុផល​កែច្នៃ​ខុស​​លក្ខណៈ​បច្ចេកទេស​ត្រូវ​បង្ក្រាប ។ តែ​ការបង្ក្រាប​មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​ខ្លះ​បានធ្វើ​លើស​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ម្ចាស់​ម៉ូតូ​មួយចំនួន ពិសេស​ជនបរទេស​ដែល​ភាគច្រើន​បាន​ប្រើប្រាស់​ម៉ូតូ​ធំ​ក្នុងការ​ធ្វើដំណើរ​។​

​ ​
​អ្នក​ប្រតិកម្ម​នឹង​ការបង្ក្រាប​ម៉ូតូ​កែច្នៃ​បំពុង​សម្លេង​បាន​លើកឡើងថា ម៉ូតូ​ធំ​ខ្លះ​មិនបាន​កែច្នៃ​បំពង់​សម្លេង​ទេ​តែ​ក៏ត្រូវ​នគរបាល​ឃាត់​​ម៉ូតូ​របស់គេ​ទុក ។ ម៉ូតូ​សេរី​ថ្មីៗ​ចុងក្រោយ​ដែលមាន​កម្លាំង​លើសពី​១២០០​សេ​សេ មាន​សម្លេង​ខ្លាំង​តែ​មិន​ដូច​សម្លេង​សឺ​ម៉ាំង​កែច្នៃ​នោះ​ទេ​។​

​ ​
​លោក​ចេ​វ ហាក់ ប្រធាន​កា​រិ​យា​ល​យ័​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​តុលា​ឆ្នាំ​២០១៧​ថា​ការត្រួតពិនិត្យ​ម៉ូតូ​កែច្នៃ​កន្លងមក​ម៉ូតូ​ដែល​បំពាក់​ដោយ​សឺ​ម៉ាំង​ដើម​មិនបាន​ឃាត់​ទេ យើង​អាច​ដឹង​សឺ​ម៉ាំង​សុទ្ធ​​ឬ​មិន​សុទ្ធ​តាមរយៈ​ការ​ឆែក​លើ​ហ្គូ​ហ្គ​ល​ដើម្បី​ឲ្យ​ដឹងថា​ម៉ូតូ​ប្រភេទ​ណា​ប្រើ​សឺ​ម៉ាំង​អី​ចៀសវាង​ការឃាត់ទុក​ច្រឡំ​។​

​ ​
​ប្រធាន​កា​រិ​យា​ល​យ័​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​កន្លងទៅ​យើង​បាន​ឃាត់​ម៉ូតូ​ដែលមាន​សឺ​ម៉ាំង​ដើម​ដោយសារ​គេ​បាន​ដោះ​សំបុក​(​ឧបករណ៍​បន្ថយ​សម្លេង​)​ចេញ ដើម្បី​ឲ្យ​ម៉ាស៊ីន​រត់​ធូរ​មិនសូវ​ស៊ីប្រេង តែមាន​សម្លេង​ខ្លាំង​។ ​អ្នក​ប្រើ​ម៉ូតូ​បែបនេះ​យើង​បានធ្វើ​ការអប់រំ​ហើយ​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​។ ឯ​ម៉ូតូ​ខ្លះ​មាន​សឺ​ម៉ាំង​ត្រឹម​ត្រូវតែ​គ្មាន​ពន្ធ​នាំចូល​មិនបាន​ដោះលែង​ទេ គឺ​ឲ្យ​បង់ពន្ធ​សិន​។​

​ ​
​ចំណែក​លោក​វរៈ​ស​នី​យ​ប៉ែន​ ​ឃុន​ ​នាយរង​កា​រិ​យល​យ័​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៧​ខែតុលា​ថា ម៉ូតូ​ដែល​បាន​ឃាត់​ក្នុង​ខែកញ្ញា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤២៨​គ្រឿង ដែល​ក្នុងនេះ​មាន​ម៉ូតូ​គ្មាន​​ស្លាក​លេខ​និង​ម៉ូតូ​បំពាក់​ឧបករណ៍​ខុស​លក្ខណៈ​បច្ចេកទេស​។​

​ ​
​មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ចំណោម​ម៉ូតូ​ទាំង​៤២៨​គ្រឿង មាន​បំពាក់​ឧបករណ៍​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​១៣១​គ្រឿង និង ម៉ូតូ​គ្មាន​ស្លាក​លេខ​២៩៧​គ្រឿង ។ ម៉ូតូ​ដែលមាន​ម្ចាស់​ចូលមក​ដោះស្រាយ​រួច​បាន​ចំនួន​៣០២​គ្រឿងក្នុង​នេះ​មាន​ម៉ូតូ​ត្រូវបំពេញ​​បែបបទ​ធ្វើ​ស្លាក​លេខ​ចំនួន​២១៧​គ្រឿង ម៉ូតូ​បំ ពាក់​ឧបករណ៍​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៨៥​គ្រឿង​។ ​ម៉ូតូ​ដែល​មិនទាន់បាន​ដោះស្រាយ​មាន​ចំនួន ១២៦​គ្រឿង​ក្នុងនេះ មាន​ម៉ូតូ​អត់​ពន្ធ​ចំនួន ៥​គ្រឿង​ម៉ូតូ​មាន​ស្លាក​លេខ​មិន​ប្រក្រតី​​ចំនួន​១៥​គ្រឿង​៕​

















No comments