តុលាការសម្រេចដោះលែង ក្រុមអ្នកខ្លាំងករណីជម្លោះប្រើហិង្សា គ្រាន់តែស្តោះទឹកមាត់ និងសម្លឹងមុខគ្នា ឲ្យមានសេរីភាពវិញ




(ភ្នំពេញ)៖ បន្ទាប់ពីសាកសួររួចលោក ខៀវ កូឡា ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង ជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីហិង្សា ដោយចេតនាលើគ្នាទៅវិញទៅមក ឲ្យមានសេរីភាពឡើងវិញ​។
បើតាមមន្ដ្រីតុលាការ ​ការដោះលែងនេះ ធ្វើឡើងនៅ​ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ គឺក្រោយមួយថ្ងៃដែលសមត្ថកិច្ចអាវុធ ហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៤នាក់ ជាគូបដិបក្ខវាយប្រហារគ្នាទៅវិញទៅមក ដើម្បីឲ្យតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់​។


តាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្ក​ឡើងដោយភាគីពីរក្រុមមានជម្លោះគ្នា ភាគីទី១មានគ្នា០២នាក់ គឺឈ្មោះ យ៉ែម ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់អង្ករ ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២២៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ឈ្មោះ សុខ វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ហ្គាស ស្រុកកំណើតភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឯភាគីម្ខាងទៀតមានគ្នា០២នាក់ដែរ គឺឈ្មោះ ស៊ឹម វិបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ វ៉ង ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
អង្គហេតុដែលនាំឲ្យមានជម្លោះកើតឡើង គឺដំបូងឡើយផ្តើមចេញពី​ភាគីទាំងពីរ បានផឹកស៊ីនៅកន្លែងពីរផ្សេងគ្នា ដោយភាគីទី១ ផឹកគ្នា០២នាក់ ឯភាគីទី២ផឹកគ្នា០៦នាក់។ បន្ទាប់មកឈ្មោះ សុខ វណ្ណី នៅភាគីទី១​បានងើបយកលុយលក់អង្ករទៅប្រគលឲ្យបងស្រី នៅផ្ទះក្បែរគ្នានឹងកន្លែងផឹកស៊ី ក៏បានជួបនឹងឈ្មោះ ស៊ឹម វិបុល នៅភាគីទី២ ដែលងើបចេញពីកន្លែងផឹងស៊ីផ្សេងមួយទៀត​ដើម្បីទៅហៅកូន​ពេលដើរជួបគ្នា ឈ្មោះ ស៊ឹម វិបុល ក៏បានស្តោះទឹកមាត់ និងសម្លឹងមុខឈ្មោះ សុខ វណ្ណី បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាតាមពាក្យសម្តីខ្លាំងៗ ហើយក៏ត្រឡប់ទៅអង្គុយកន្លែង ផឹកស៊ីរាងៗខ្លួនវិញ។
តែដោយឈ្មោះ សុខ វណ្ណី មិនសុខចិត្តក៏រ៉ាយរ៉ាប់ប្រាប់ដល់មិត្តភក្តិខ្លួន ឈ្មោះ យ៉ែម ពេជ្រ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នាបន្ត រហូតឈានដល់ការយកដំបង ដុំថ្ម គប់គ្នាទៅវិញទៅមក ផ្អើលដល់អ្នកជិតខាង មកប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅហាមឃាត់ តែភាគីទាំងពីរមិនព្រមស្តាប់ ទើបសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនភាគីទាំងពីរបក្ខ​មកសម្រុះសម្រួលគ្នាតែម្តង។
ក្រោយពេលស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ថបានរកឃើញថា ជនសង្ស័យទាំងពីរបក្ខ​គឺជាក្រុមអន្ធពាល ដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ព្រមទាំងវាយតប់បង្ករបួសស្នាម ដល់អ្នកជិតខាងជាញឹកញាប់ ដោយប្រើ​កាំបិត ដំបង ដុំថ្ម បង្កឲ្យអ្នកជិតខាងមានរបួស ជាច្រើនករណីរួចមកហើយ ទើបសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង​បញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការព្រមគ្នា ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់៕
ប្រភព៖freshnews

No comments