តួស្រីប្តឹងតួប្រុសចោទថាចាប់រំលោភក្នុងល្បែងស្នេហាតាម Facebook ទើបតួប្រុសភ័យចុះកិច្ចសន្យាព្រមរៀបការជាមួយ
តួអង្គប្រុសម្នាក់មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយ ឋិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតួអង្គស្រីដែលធ្លាប់បង្កាត់ភ្លើងសេ្នហ៍តាមបណ្តាញព័ត៌មានសង្គម Facebook ជាមួយគ្នា ដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដោយប្តឹងចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើរាងកាយ និងចាប់រំលោភសេពសន្ថវៈ រួចហើយមានបំណងចង់ដោះដៃមិនទទួលខុសត្រូវ ។ ប៉ុន្តែបន្ទាប់ពីទទួលបានព័ត៌មានថា មានបណ្តឹងប្រឆាំងនឹងខ្លួនដូច្នេះ គឺរំលងពេលតែមួយថ្ងៃតួអង្គប្រុសមានអារម្មណ៍ភ័យខ្លាច ក៏បានចូលខ្លួនមកចុះកិច្ចសន្យាទទួលខុសត្រូវ ដោយប្រកាសចំពោះមុខសមត្ថកិច្ចថា នឹងឲ្យឪពុកម្តាយចូលស្តីដណ្តឹងរៀបការជាមួយតួអង្គស្រីស្របច្បាប់ ។
ល្បែងស្នេហាតាម Facebook ដែលនាំឲ្យមានការប្តឹងផ្តល់គ្នាចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើហិង្សា ហើយបែរជាមកចុះកិច្ចសន្យារៀបការស្របច្បាប់វិញនោះ មានតួអង្គប្រុសឈ្មោះ សាន សឿន អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជន (ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង) បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងតួអង្គស្រីឈ្មោះ សុខ ដានី អាយុ៣៣ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បច្ចុប្បន្នស្នាក់នៅខេត្តកំពង់ចាម ។
នាង សុខ ដានី ដែលជាតួអង្គស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងបានស្គាល់លោក សាន សឿន ជាតួអង្គប្រុសអស់រយៈពេលប្រមាណ០៦ខែមកហើយ តាមរយៈ Facebook រហូតដល់នាងបានជ្រុលប្រគល់ខ្លួនប្រាណជូនបុរសកំពូលស្នេហ៍របស់នាងទៀតផង ។ ក្រោយមក មិនដឹងជាមានរឿងហេតុអ្វី ស្រាប់តែតួអង្គប្រុសដែលជាដៃគូស្នេហា បែរជាចង់ដោះដៃមិនទទួលខុសត្រូវ ហើយតែងបង្កនូវជម្លោះរហូតដល់ហ៊ានវាយនាងឡើងជាំដៃម្ខាង និងបិទទូរស័ព្ទលែងទំនាក់ទំនងថែមទៀត ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលមូលដ្ឋាន ឪពុកម្តាយទាំងសងខាងបានចុះកិច្ចសន្យាថា នឹងរៀបការតួអង្គប្រុស និងតួអង្គស្រីទាំង២នាក់ជាគូស្វាមី-ភរិយានៅឆ្នាំក្រោយ ។
មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលថា តើគូស្នេហ៍ដែលកសាងឡើងតាមរយៈ Facebook នេះ អាចមានសុភមង្គលក្នុងរូបភាពជាគូស្វាមីភរិយាទៅថ្ងៃអនាគតដែរឬទេ ខណៈពួកគេបានបង្កនូវរឿងអាស្រូវតាំងពីដើមទីទៅហើយនោះ ៕
Post a Comment