ព្រះបាទ​ចន្ទ​រាជា ដែល​គេ​សង់​ចេតិយ​នៅ​កំពូលភ្នំ​ឧ​ត្តុ​ង្គ​ជា​ស្ដេច​កាត់​ព្រះ​កេស​ស្ដេច​កន និង​រំដោះទឹកដី​ខ្មែរ​ពី​សៀម​បង្កើត​ក្រុង​លង្វែក​?


ព្រះបាទ​ចន្ទ​រាជា (​ឆ្នាំ​គ្រងរាជ្យ​៖ ១៥១៦-១៥៦៦) ឬ​ពញា​ចន្ទ ជា​បុត្រ ធម្ម​រាជា និង​ជា​ព្រះអនុជ​ពៅ​របស់​ព្រះបាទ​ស្រី​សុគន្ធ​បទ​។គ្រិស្តសករាជ ១៥០៤ សម្ដេចព្រះ​ធម្ម​រាជា​សោយ​ទិវង្គត សម្ដេចព្រះ​ស្រី​សុគន្ធ​បទ​ដែលជា​បទ​បាន​ឡើង​សោយរាជ្យ ហើយ​ក្រោយមក​ស​ម្ថេ​ច​ពញា​ចន្ទ​ដែល​ត្រូវជា​អនុជ ក៏ត្រូវ​សម្ដេចព្រះរៀម​តែងតាំង​ជាស​ម្ដេច​ឧបរាជ គ្រប់គ្រង​នា​ដែនដី​ចតុមុខ នា​វេលា​ដែល​សម្តេច​ព្រះរាជា ទ្រង់​ផ្លាស់​រាជធានី​ទៅ​តាំង​នា​ទួល​បា​សាណ​វិញ​។​
ក្រោយមក ដោយ​ស្ថាន​ការ​នយោបាយ​ក្នុងប្រទេស​ចាប់ផ្ដើម​ចលាចល សម្ដេចព្រះ​ពញា​ចន្ទ​ក៏បាន​ភៀស​ព្រះកាយ​ទៅ​គង់​នា​ក្រុង​អយុធ្យា ហើយ​ប្រកប​កិច្ចការ​នា​ក្នុង​រោងដំរី​នៃ​រាជវាំង​មហាក្សត្រ​អយុធ្យា​។​ ​នៅក្នុង​ឱកាស​ដែល​ស្ដេច​កន​ធ្វើគ​ត​ព្រះបាទ​ស្រី​សុគន្ធ​បទ​នៅ​បន្ទាយ​ស្ទឹងសែន​ក្នុង​ឆ្នាំ​១៥១២​នោះ ព្រះ​អង្គចន្ទរាជា កំពុង​គង់នៅ​ក្រុង​អយុធ្យា​ស្រុក​សៀម​ឯនោះ​។ នៅពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម ព្រះអង្គ​ក៏​រក​មធ្យោបាយ​មក​សង​សឹក និង​ស្ថា​រព​ព្រះរាជ​វង្ស​របស់​ទ្រង់​ឡើងវិញ​។ ​នៅក្នុងពេល​ដែលមាន​កា​រ​ផ្អាក​ការប្រយុទ្ធ​គា្ន​នោះ នាយទាហាន​ទាំងឡាយ​រួមជាមួយ​ព្រះរាជវង្សានុវង្ស​ផង បាន​ឯកភាពគ្នា​ស្នើ​សុំអោយ​ព្រះអង្គ​ច័ន្ទ​រាជា ឡើង​សោយរាជ្យ​ជា​ព្រះរាជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ព្រះអង្គ​បាន​យល់ព្រម​ទទួល​តាម ប៉ុន្តែ​ទ្រង់​បានសម្រេច​ព្រះទ័យ​ថា​ទ្រង់​នឹង​ទទួលយក​ការ​អភិសេក​លុះណាតែ​ទ្រង់​ដណ្តើមបាន​ជ័យជម្នះ​លើ​នាយក​ក្បត់​(​ស្ដេច​កន​)​រួច​សិន​។ គេ​បានរៀបចំ​សង់​ព្រះ​ស​ន្លា​ផ្សេងៗ សម្រាប់ធ្វើ​ការប្រកាស​តែងតាំង​ព្រះរាជា​នេះ រួមមាន​ព្រះរាជបល្ល័ង្គ​បាំង​ទៅដោយ​ក្លស់​រួត​៥​ជាន់ ព្រះអង្គ​បានឱ្យ​សង់​៥​ជាន់​សិន (​មិនទាន់​ទទួលយក​ក្លស់​៩​ជាន់​ភ្លាម​ទេ គ្រឿង​ប្រដាប់​បំពាក់​អោយ​សេះ ដែល​អូស​ព្រះ​រាជរថ គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​ដំរី​ពេល​យាង​ចេញ​ធ្វើសង្គ្រាម គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​សេះ​ចម្បាំង និង​គ្រឿង​ប្រដាប់​លម្អ​ព្រះរាជ​ទីនាំង​នាវា​។​
ព្រះ​អង្គចន្ទរាជា បាន​ឡើង​គង់​លើ​រាជបល្ល័ង្គ​បាំង​ដោយ​ក្លស់ នៅក្នុង​គ្រិស្តសករាជ ១៥១៦ ត្រូវ​នឹង​មហាសករាជ ១៤៣៨ ចុល្លសករាជ​៨៧៨ គឺ​ថ្ងៃ​ច័ន្ទ ១៥​រោជ ខែផល្គុន ឆ្នាំជូត​អដ្ឋស័ក ដោយ​ទ្រង់​ទទួល​ព្រះ​ឋានៈ ជា​ព្រះរាជា​មិនទាន់​អភិសេក ថាស​ម្តេច​ព្រះបរមនាថ​ច័ន្ទ​រាជា​ធិ​រាជ ស្រី​ជ័យ​ចេស្តា មហាក្សត្រ អង្គ​ម្ចាស់​ក្រុង​កម្ពុជា​។​ ​រហូតដល់​ឆ្នាំ​១៥២៦ ជោគជ័យ​ត្រូវបាន​ទាំងស្រុង​មកលើ​ព្រះ​ចន្ទ​រាជា ដោយ​ស្ដេច​កន​ត្រូវ​ចាប់បាន​ហើយ​សម្លាប់ចោល​។​
​ចាប់ពី​ឆ្នាំ​១៥២៧ ព្រះបាទ​ចន្ទ​រាជា​បាន​ឲ្យ​គេ​សាងសង់​បន្ទាយលង្វែក​។ នៅ​ឆ្នាំ​១៥២៩ ព្រះអង្គ​យាង​ទៅ​គង់នៅ​បន្ទាយលង្វែក ហើយ​លង្វែក​ក៏​ក្លាយជា​រាជធានី​ខ្មែរ​រហូតដល់​ចុង​សតវត្ស​ទី​១៦​។​ ​ព្រះបាទ​ចន្ទ​រាជា ជា​ស្ដេច​សឹកសង្គ្រាម​ក៏​ល្បីល្បាញ​មួយអង្គ​ក្នុង​សតវត្ស​ទី​១៦ ព្រោះ​ព្រះអង្គ​បាន​រំដោះទឹកដី​ខ្មែរ​មកវិញ​រហូតដល់​ក្រុង​អយុធ្យា​។ ព្រះរាជា​បានតែងតាំង​រដ្ឋមន្ត្រី សេនាបតី ព្រះសង្ឃរាជ​នៃ​ព្រះវិហារ​ពុទ្ធសាសនា​ទាំង​៧​នាយក្រុម ព្រះរាជវង្សានុវង្ស​២​អង្គ ព្រះ​ឥសី​ផាត ជា​មេក្រុម​បារគូ​ទទួលបន្ទុក​ថែរក្សា​អាវុធ​ស័ក្តិសិទ្ធិ និង​រៀបចំ​ពិធី​តាម​ព្រហ្មញ្ញសាសនា​ផ្សេងៗ នាម៉ឺន​តូចធំ អាស្រ័យ​ទៅតាម​គុណូបការៈ ដែល​ពួកគេ​បាន​បំពេញ​កន្លងមក​។

គេ​បាន​និយាយថា ព្រះរាជា​ក៏បាន​ចាត់​ឱ្យគេ​សាងសង់​វត្ត​មួយ​នៅនឹងកន្លែង ដែល​គេ​លើក​ឱ្យ​ព្រះអង្គ​សោយរាជ្យ​នោះ​។ គឺ​នៅពេលនោះ​ហើយ ដែល​ទី​រួម​ខែត្រ​អ​ម្រិ​តបុ​រៈ បាន​ដូរ​ឈ្មោះ​មកជា បរិបូ​ណ៍​វិញ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ព្រះអង្គ​បាន​សាងសង់​វត្ត​អារាម​ជាច្រើន បដិមា​ត្រលែងកែង ព្រះ​គោ និង​ប្រមូល​អ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យ​ចងក្រង និង​សរសេរ​ឯកសារ​គ្រប់​ប្រភេទ​សម្រាប់​កុលបុត្រ កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​។ ស្នា​ព្រះហស្ត​ដ៏​ល្បីល្បាញ​របស់​ព្រះអង្គ ក្រៅពី​វិស័យ​អក្សរសាស្ត្រ​ជាតិ ការរំដោះ​ទឹកដី ទ្រង់​ក៏​ជា​អ្នក​ស្ថាបនិក​នូវ​យុ​គស​ម៏័​យ​លង្វែក ដែលមាន​បន្ទាយលង្វែក​ជា​រាជធានី​ដ៏​រឹងមាំ ល្បី​ថា​មាន​ដើម​ឬ​ស្សី​ព័ទ្ធជុំវិញ ដែលជា​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ខ្លាំងក្លា​របស់​ខ្មែរ​នា​សម័យ​នោះ​។​បញ្ចាក់​៖ នៅ​ឆ្នាំ​១៥៦៦ ព្រះបាទ​ចន្ទ​រាជា​ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ក្រុង​លង្វែក​។​

ប្រភព៖ខ្មែរអប្សរា

No comments