មាននរណាគេចង់ទៅមើលអត់? ផ្ទះគំរូតម្លៃថោក និងមធ្យមដំបូងគេបង្អស់នៅកម្ពុជា ធ្វើរួចរាល់ហើយ!
អស់រយៈពេលជិត៩ខែកន្លងមកហើយ បន្ទាប់ពីគម្រោងសាងសង់លំនៅដ្ឋានសាធារណៈដែលមានតម្លៃសមរម្យលើកដំបូងគេបង្អស់នៅកម្ពុជា បានសម្រេចចិត្តបើកការសាងសង់ជាផ្លូវការកាលពីថ្ងៃទី៧ ខែមករា ដើមឆ្នាំ២០១៧។ ហូតមកដល់បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកនិងមធ្យមមួយនេះ ត្រូវបានម្ចាស់គម្រោងប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានបញ្ចប់រួចរាល់ហើយនូវការរចនាផ្ទះគំរូដ៏ស្រស់ស្អាត ហើយក៏នឹងត្រៀមប្រកាសបើកជូនសាធារណជនឲ្យចូលទៅទស្សនាឆាប់ៗនេះផងដែរ។
នេះជាគម្រោងដែលបានធ្វើឲ្យរំជើបរំជួលនិងចាក់ដោតដល់បេះដូងប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ពិសេសបុគ្គលិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ ដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលពួកគាត់តែងតែសុបិនប្រាថ្នាចង់បានផ្ទះមួយខ្នង រស់នៅដោយពិតប្រាកដ ដែលមានតម្លៃថោកសមរម្យ អស់ជាច្រើនឆ្នាំមកហើយ។
គម្រោងសាងសង់លំនៅដ្ឋានសាធារណៈតម្លៃថោកនិងមធ្យមដំបូងគេ នៅកម្ពុជានេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការនិងប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមតិពីសាធារណជនមួយចំនួនបានរិះគន់ពីគម្រោងអភិវឌ្ឍន៍មួយនេះ ដោយបានលើកឡើងថា មានភាពយឺតយ៉ាវដែលអាចធ្វើឲ្យដំណើរការសាងសង់ត្រូវអូសបន្លាយពេលយូរបន្ថែមទៀត។
លោកឧកញ៉ា សៀ ប្ញទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ ឡែនដ៍ ដែលជាម្ចាស់គម្រោងនៅពីក្រោយនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យដំបូងគេដ៏រឹងមាំមួយនេះ បានបញ្ជាក់អះអាងថា អ្វីៗ គឺក្រុមហ៊ុនយើងគោរពទៅច្បាប់ទាំងអស់ ដោយសារមានច្បាប់គតិយុត្តិមួយចំនួនទាមទារត្រូវបំពេញឲ្យបានច្បាស់លាស់។
លោកឧកញ៉ាបន្តថា «បើទោះបីជាស្ថិតនៅក្នុងរដូវភ្លៀងពិបាកធ្វើការក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុនកំពុងតែពន្លឿនដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីបំពេញការដ្ឋានដែលជាវាលទំនាបឲ្យស្មើនឹងផ្លូវជាតិ»។ លោកឧកញ៉ាបន្តថា «អ្វីៗយើងធ្វើទៅតាមផែនការ សូមឲ្យប្រជាជនអត់ធ្មត់រង់ចាំបន្តិច។ យើងនឹងបានលំនៅដ្ឋានមួយពិតប្រាកដដែលមានគុណភាព»។
គម្រោងលំនៅដ្ឋានមួយនេះគឺស្របទៅនឹងការដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានជូនប្រជាពលរដ្ឋដែលមានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយក្នុងជំហានទី១នៃគម្រោងនេះ នឹងត្រូវចំណាយប្រាក់សាងសង់ប្រមាណជា ៦០លានដុល្លារអាមេរិក ដោយធ្វើការសាងសង់នៅលើផ្ទៃដី២៤ហិកតា មានចំនួន ២២៩៧ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land បានបញ្ជាក់អះអាងថា ដើម្បីមានសិទ្ធិទទួលបានផ្ទះតម្លៃសមរម្យនេះ ពលរដ្ឋខ្មែរ ពិសេស មន្រ្តីរាជការត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា៖
1. ជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ក្រោម ៥០០ដុល្លារ ជាបុគ្គលដែលរៀបការហើយ ទិញហើយមិននៅមិនអាចយកទៅជួលនិងលក់បន្ដ លុះត្រាតែ៥ឆ្នាំក្រោយ ទើបអាចជួលនិងលក់បន្ដបាន។
2. មិនអនុញ្ញាតឲ្យអ្នកមានលុយទិញទុកសម្រាប់ធ្វើអាជីវកម្មនោះទេ។
3. រាល់ការទទួលទិញលក់និងកក់ ក្រុមហ៊ុននិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកពិនិត្យដោយផ្ទាល់។
4. តម្លៃផ្ទះចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ ទៅ ៣ម៉ឺនដុល្លារ អាស័្រយទៅតាមប្រភេទផ្ទះនិងទំហំ។
គួរបញ្ជាក់ថា ផ្ទះដែលត្រូវសាងសង់ មាន ២២៩៧ល្វែង ចែកជាពីរប្រភេទ៖ ផ្ទះប្រភេទទី១ មានចំនួន ២០២៥ខ្នង ដែលមានទំហំដី ៤ម៉ែត្រ គុណ ១០,៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០២ បន្ទប់ទឹក០១។ ផ្ទះប្រភេទទី២ ចំនួន ២៧២ខ្នង ដែលមានទំហំដី ៦ម៉ែត្រ គុណ ១០,៥ម៉ែត្រ ទំហំផ្ទះ ៦ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០៣ និងបន្ទប់ទឹក ០៣។ លំហមុខផ្ទះ ១,៥ម៉ែត្រនិងលំហក្រោយផ្ទះ ២ម៉ែត្រ៕
ប្រភព៖ Brown Realty Group
Post a Comment