ក្មេងតូចអាយុទើបតែ១៧ខែប៉ុណ្ណោះ បានស្រែកយំអោបសាកសពម្តាយរបស់គេជាប់ ទាំងមិនមានសម្លេងឆ្លើយតប និងថែមទាំងបានបៅដោះម្តាយរបស់គេទៀតផង
គួរឲ្យខ្លោចចិត្តមួយ កំពុងធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកសឹងពុំបាន ពេលឃើញកុមារតូចម្នាក់ យំអោបសាកសពម្តាយ និងព្យាយាមអោនបៅដោះម្តាយ មើលទៅស្រងោះស្រងោចបំផុត ទាំងក្មេងនេះមិនដឹងថាម្តាយរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះត្រូវគេដឹងថាបានកើតឡើង កាលពីព្រឹកថ្ងៃពុធ ទី២៤ ឧសភា ២០១៧ មានទីតាំងស្ថិតក្នុងស្រុក Damoh រដ្ឋ Madhya Pradesh តំបន់ភាគកណ្តាលនៃប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មានមីរ័រ ចុះផ្សាយឲ្យដឹងថា ក្មេងតូចអាយុ១៧ខែម្នាក់ បានយំអោប និងបៅដោះម្តាយ ទាំងមិនដឹងថាម្តាយស្លាប់បាត់ទៅហើយទេ។ ក្រោយមកប៉ូលិសបានមកដល់កន្លែងកើតហេតុ ក្រោយពីមានគេរាយការណ៍ហេតុការណ៍នេះ។ សាកសពស្ត្រីរងគ្រោះ គេរាយការណ៍ថា ត្រូវរថភ្លើងបុកស្លាប់ ពេលព្យាយាមដើរឆ្លងផ្លូវដែក។
Monu Balmiki អាយុ២៧ឆ្នាំ សាក្សីនៅទីតាំងកើតហេតុបាននិយាយថា «ពួកយើងបានប្រទះឃើញសាកសពនារីរងគ្រោះ ដេកក្បែរផ្លូវរថភ្លើង ហើយពួកយើងក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។ ប៉ុន្តែនៅពេលដែលពួកយើងដើរជិតមើល ស្រាប់តែឃើញកុមារតូចម្នាក់ នៅក្បែរសាកសពនារីរងគ្រោះ បានស្រែកយំនិងបៅដោះម្តាយ។ ពេលនោះ វាកាន់តតែធ្វើឲ្យពួកយើងអាណិត និងហូរទឹកភ្នែកតែម្តង» ។
លោក Nand Ram ប្រធានប៉ូលិសស្ថានីយផ្លូវដែកក្នុងតំបន់ បានឲ្យដឹងថា «កុមារនោះពិតជាបានយំលើម្តាយគេពិតមែន ប៉ុន្តែមិនមានការឆ្លើយតប ពីម្តាយគេវិញទេ។ ហើយក្មេងតូចនោះក៏បានព្យាយាមដាស់ម្តាយគេ និងបៅដោះម្តាយរបស់គេ។ ពួកយើងពិតជាស្លុតចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង ពេលឃើញរូបភាពបែបនេះ» ។
លោកបន្តថា «ពួកយើងកំពុងព្យាយាមស្វែងរកអាស័យដ្ឋាន របស់នារីរងគ្រោះ និងព័ត៌មានពាក់ព័ន្ធខ្លះៗពីនាង ដែលអាចឲ្យគ្រួសារនាងបានដឹង» ។
គួរឲ្យដឹងថា ក្រោយកើតហេតុ សាកសពស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ រីឯកុមាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតនៅឡើយ៕
Post a Comment