បើមិនជឿកុំប្រមាថ !!! «ពាក់ខ្សែចង្កេះ» ព្រោះមានអាថ៌កំបាំងក្នុងផ្លូវងងឹត…
ថ្វីបើបច្ចុប្បន្ន ជាយុគសម័យបច្ចេកវិទ្យាជឿនលឿន មានការអភិវឌ្ឍន៍យ៉ាងណា បើក្រឡេក មើលបងប្អូនប្រជាជនពលរដ្ឋខ្មែរយើងមួយចំនួន នៅប្រកាន់ខ្ជាប់អបិយជំនឿ ឬមន្តអាគមអូមអាម ដែលមានតាំងពីបរមបុរាណ។ ជាក់ស្តែងដូចជា «ការពាក់ខ្សែចង្កេះ» ជាដើម ដែលប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមានការលើកឡើង និងយល់ឃើញទៅតាមជំនឿរៀងៗខ្លួន។ អ្នកមួយចំនួនថា ពាក់ខ្សែចង្កេះជួយការពារមិនឲ្យត្រូវអំពើពីអ្នកដទៃ រីឯអ្នកខ្លះទៀតថា ពាក់ខ្សែចង្កេះដើម្បីគ្រាន់តែជួយឲ្យរីកចម្រើនការរកស៊ី ឬយីអ៊ុនឡើងខ្ពស់ប៉ុណ្ណោះ។
បណ្តាអ្នកដែលមានជំនឿលើមន្តអាគមបង្កប់ក្នុងខ្សែចង្កេះបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា៖ ចំពោះការធ្វើខ្សែចង្កេះដែលបានទទួលការប្រោះព្រំពីព្រះសង្ឃ គឺសម្រាប់តែដើម្បីសុខសប្បាយ ការពារខ្លួនពីខ្មោចព្រាយបិសាច និងការធ្វើអំពើផ្លូវងងឹតតែប៉ុណ្ណោះ។ ចំពោះខ្សែចង្កេះដែលបញ្ចុះមន្តអាគមអូមអាម ធ្វើអំពើធ្វើស្នេហ៍អ្វីនោះ គឺមិនបានស្ថិតនៅក្នុងព្រះពុទ្ធសាសនាយើងនោះទេ ដោយខ្សែចង្កេះនោះ គឺធ្វើដោយគ្រូមន្តអាគម គ្រូស្នេហ៍ និងគ្រូអូមអាមផ្សេងៗទៀត។ ចំពោះការហាមប្រាម ឬត្រណមក្នុងការពាក់ខ្សែចង្កេះនោះ ព្រះសង្ឃរបស់យើងមិនបានមានត្រណមឬឃាត់ឃាំងអ្វីទេព្រោះខ្សែចង្កេះគ្រាន់តែសម្រាប់សុខសប្បាយ និងការពារធម្មតាប៉ុណ្ណោះ ។
តែបើចំពោះខ្សែចង្កេះដែលធ្វើដោយគ្រូស្នេហ៍ផ្សេងៗ គេមានត្រណមហាមមិនឱ្យ ដើរក្រោមស្នួលខោអាវយកសារុងពាក់នឹងក្បាលហាមបរិភោគផ្លែស្ពឺ និងសាច់ឆ្កែ ពោលគឺទៅតាមត្រណមរបស់គ្រូគេរៀងៗខ្លួន។ រាល់ខ្សែចង្កេះទាំងនោះបើសិនជាយើងពាក់យូរៗទៅ កើតអាការរមាស់នោះបានន័យថា យើងកំពុងតែមានអ្នកធ្វើអំពើ ឬមានបំណងអាក្រក់មកលើយើងហើយ។
អ្នកស្រីនិយាយថាពីមុនមកខ្ញុំឈឺរហូត ម្តងឈឺនេះម្តងឈឺនោះសឹងតែថាចាយលុយរីងខ្លួន ឯណាថ្នាំពេទ្យផងថ្នាំខ្មែរផងវេទនាស្ទើរស្លាប់ខ្លួន។ ប៉ុន្តែទើបក្រោយមក ខ្ញុំបានមីងនិងម៉ែនាំទៅមើលគ្រូខ្មែរម្នាក់ គ្រូខ្មែរនោះថាខ្ញុំត្រូវអំពើគេ ដោយសារគេច្រណែនឈ្នានីសមកលើខ្ញុំនិងគ្រួសារ ហើយគាត់ក៏បានឲ្យខ្ញុំធ្វើខ្សែចង្កេះពាក់ បញ្ចុះយ័នគាថាផ្សេងៗអីអ៊ីចឹងទៅ។ បន្ទាប់ពីហ្នឹងមកទើបរាងស្រឡះក្នុងខ្លួន។ រឿងធ្វើខ្សែចង្កេះនេះវិញ ក៏អស់ច្រើនដងដែរ ស្រោចទឹកផងអីផង សព្វគ្រប់បែបយ៉ាងតាមតែគេប្រាប់ ព្រោះថាអារឿងធ្វើអំពើនេះមិនមែនលេងសើចទេ បើមិនខំរកជំនួយទេដឹងតែទៅហ្មង (ស្លាប់) ។ ប៉ុន្តែមកទល់ពេលនេះ ខ្ញុំក៏បានជាអស់ហើយ៕
ប្រភព : dom-neng
Post a Comment