ភ្ជាប់​​ពាក្យ​​រួច​​សឹម​រៀបការ និង ​រៀប​ការ​តែ​ម្ដង​មួយ​ណា​ប្រសើរ​ជាង?




គូ​​​ស្នេហ៍​​ជា​ច្រើន​មុន​ពេល​រៀបការ ពួក​គេ​ជ្រើស​យក​ការ​ភ្ជាប់​ពាក្យ​សិនទើប​រៀប​ការ​តាម​ក្រោយ ។ តែ​គូ​ស្នេហ៍​មួយ​ចំនួន​វិញ​មិន​បែប​នេះ​ឡើយ គឺ​សម្រេច​រៀប​ការ​តែ​ម្ដង ព្រោះ​គេ​យល់​ថា​ ការ​ភ្ជាប់​ពាក្យ​ត្រូវ​ចំណាយ​លុយ​ច្រើន​ឥត​អំពើ ចាំ​រៀប​ការ​តែ​ម្ដងជួយ​ឲ្យ​ពួក​គេ​ចំណេញ​លុយ សល់​ប្រាក់​រកស៊ីក្រោយ​រៀប​អាពាហ៍ពិពាហ៍។ ម្យ៉ាង​ទៀត គេ​​យល់​ថា​​​​ចាំ​​បញ្ចូល​​ពិធី​​ភ្ជាប់​ពាក្យ​ក្នុង​ពេល​​រៀបការ​​តែ​​ម្ដង​​ល្អ​​ជាង។
ដូច្នេះ ​រវាង ភ្ជាប់​ពាក្យ​រួច​ចាំ​រៀបការ និង​ រៀប​មង្គលការ​តែ​ម្ដង មួយ​ណា​ល្អ​ជាងហើយ​បើ​រៀប​ការ​​តែ​​ម្ដង​​ដោយ​​មិន​បាច់​ភ្ជាប់​ពាក្យ​ អាច​ខុស​ប្រពៃណី​ឬ​ទេ?

ទាក់​​ទិន​នឹង​រឿង​នេះ រ៉ា​វី អាយុ​ ២៣ ឆ្នាំ​ និយាយ​ថា បើ​សិន​កញ្ញា​មាន​គូ​ស្រករដែល​ត្រូវ​ដឹក​ដៃ​គ្នា​ចូល​​រោង​​ជ័យ នាង​នឹង​ជ្រើស​យក​ពិធី​រៀប​ការ​តែ​ម្ដង ដោយ​មិន​ភ្ជាប់​ពាក្យ​ទេ។
អ្វី​​ដែល​ជំរុញ​ឲ្យ​អតីត​និស្សិត​ផ្នែក​ប្រវត្តិវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និយាយ​ដូច្នេះ ក៏​ព្រោះ​​នាង​យល់​ថា “ការ​ភ្ជាប់​ពាក្យ​មិន​ត្រឹម​តែ​ចំណាយ​លុយ​ច្រើន​ឥត​ប្រយោជន៍​ទេ ថែម​ទាំង​ជា​​ចំណង​​គ្មាន​សេរីភាព​ថែម​ទៀត ព្រោះ​នៅ​ពេល​ខាង​ប្រុស​ធ្វើ​អ្វី​ខុស ​មិន​ស្មោះ​ត្រង់ យើង​ជា​នារី​​​​ពិបាក​សុំ​គេ​ផ្ដាច់​ពាក្យ ដោយសារ​ខ្លាច​​ខូច​ឈ្មោះ”។ មួយ​វិញ​ទៀត កញ្ញា​គិត​ថា ការ​រៀបការ​​ដោយ​​គ្មាន​​ភ្ជាប់​ពាក្យក៏​មិន​ខុស​ប្រពៃណី​អ្វី​ដែរ។
ចំណែក យុន សុ​ផា​លី​ណា អាយុ​២៨​ឆ្នាំ ដែល​បាន​ភ្ជាប់​ពាក្យ​រៀបការ​រួច​ហើយ មិន​ឯកភាព​អ៊ីចឹង​​ឡើយ។ អ្នកនាង​ថា​​ការ​រៀប​ចំ​ឲ្យ​មាន​ពិធី​ស្ដី​ដណ្ដឹង​មុន​រៀបការជួយ​ឲ្យ​ញាតិ​ជិត​ខាង​ដឹង​ថា គូ​ស្នេហ៍​ទាំង​ពីរ​នោះ​មាន​គូ​គាប់​រួច​ហើយ​ ដែល​នឹង​ត្រូវ​ជិត​រៀប​ការ។
លើស​ពី​នេះ ពី​បរម​បុរាណ​មក​ពិធី​នេះ​មាន​យូរ​ហើយ​ ហើយ​ក៏​មិន​មែន​មាន​តែ​អ្នក​នាង​ម្នាក់​ដែល​​បាន​​រៀប​ចំ​ធ្វើ​ដែរ បង​ប្អូន ឪពុក​ម្ដាយ​​នាង​ក៏​មុន​ពេល​រៀប​ការ​​សុទ្ធ​​តែ​ភ្ជាប់​ពាក្យ​សិន​ព្រោះ​បើ​​រៀបការ​​តែ​​ម្ដង​​ខុស​​ភ្នែក​ញាតិ ប្រាស​ចាក​ប្រពៃណី។

អ្នក​នាង​បាន​​ចំណាយ​លុយ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​អស់ ​៦០០ ដុល្លារ បន្ត​ថា៖ “សម័យ​ឥលូវ យុវវ័យ​មួយ​ចំនួន គាត់​ចូល​ចិត្ត​អ្វី​ដែល​ងាយ​ខ្លី​ឆាប់ ដោយ​ពេល​ខ្លះ គាត់​សឹង​តែ​ខ្ជិល​មិន​ចង់​រៀបការ​ទៀត ត្រឹម​ចុះ​អ៊ី​តា​ស៊ី​វិល ដោយ​យក​ស្ទីល​តាម​អឺរ៉ុប។ បើ​គាត់​គិត​តែ​អ្វី​ដែល​ចំណេញ​ហួស​ហេតុ​ពេក​បែបនេះ ថ្ងៃ​ក្រោយ​ទំនៀម​ទម្លាប់​ក្នុង​ពិធី​ផ្សេង​ៗ​របស់​ខ្មែរ​បាត់​បង់​បន្តិច​ម្ដង​ៗ រហូត​ក្មេង​ជំនាន់​ក្រោយ​លែង​ដឹង​តែ​ម្ដង”។
រី​ឯ លោក ប៉ូ​លីន អតីត​និស្សិត​សាកលវិទ្យាល័យ​ស៊ី​តិច ជំនាញIT បញ្ចេញ​យោបល់​ថា រវាង​ភ្ជាប់​ពាក្យ​មុន​រៀប​ការ និង​រៀប​ការ​តែ​ម្ដង ​វា​មាន​ចំណុច​ល្អ​និង​អាក្រក់​ផ្សេង​គ្នា អាស្រ័យ​លើ​បុគ្គល។ ប្រសិន​ជា​ពួក​គាត់​ស្រលាញ់​គ្នា​យូរ​ហើយ​ និង​មាន​គម្រោង​រៀបការ​ពិត​ប្រាកដ ២ ឬ ៣ ឆ្នាំ​ទៀត គាត់​គួរ​មាន​ពិធី​ភ្ជាប់​ពាក្យ ចៀស​វាង​អ្នក​ជិត​ខាង​និយាយ​ដើម​មិន​ល្អ​ថា​ជា​សង្សារ​បណ្ដើរ​តែ​គ្នា។ បើ​ជា​គូ​ដណ្ដឹង​ហើយ ទោះ​មិន​ទាន់​រៀប​ការ​ភ្លាមៗ ក៏​វា​ជា​ការ​ផ្ដល់​តម្លៃ​សេចក្ដី​ថ្លៃថ្នូរ​ដល់​ឪពុក​ម្ដាយ​ទាំង​សង​ខាង និង​ខាង​ស្រី​ផង​ដែរ។
លោក​មិន​ហ៊ាន​អារ​កាត់​ថា​ភ្ជាប់​ពាក្យ​អាច​ជា​រឿង​ឥត​ប្រយោជន៍​នោះ​ទេ ប៉ុន្តែ​បើ​រៀបចំ​ចំណាយ​លុយ​ខ្ជះខ្ជាយ​មាន​រៀប​ចំ​រោង​ធំ​ដុំ នាំ​ឲ្យ​ខាត​ទទេ ព្រោះ​ពិធី​នេះ​គ្មាន​ចំណង​ដៃ​មក​វិញ​ឡើយ។ បើ​ធ្វើ​ត្រឹម​តែ​បង្គ្រប់​កិច្ច​សម​ល្មម ហៅ​អាចារ្យ ទិញ​ផ្លែ​ឈើ​និង​ហៅ​ញាតិ​មិត្ត​ជិតស្និទ្ធ​ប៉ុន្មាន​នាក់​ចូល​រួម​បាន​ហើយ។


អត្ថន័យ​ពិធី​ភ្ជាប់​ពាក្យ​ខ្មែរ
ក្នុង​សម័យ​ដើម ពិធី​ភ្ជាប់​ពាក្យ ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ មុន​ពេល​រៀប​ការ។ តាម​ប្រពៃណី​ខ្មែរ ពិធី​ភ្ជាប់​ពាក្យ​ជា​ពិធី​មួយ​មាន​អត្ថន័យ​ជ្រាលជ្រៅ។ ពិធី​នេះ​រៀប​ចំ​ឡើង ដើម្បី​ជា​ចំណង​អនុស្សាវរីយ៍ ដែល​ចង​ភ្ជាប់​បុរស​និង​នារី ឲ្យ​ក្លាយ​ទៅ​ជា​ស្វាមី ភរិយា​ ក្នុង​ពេល​អនាគត​។
លោក សាស្ត្រាចារ្យ សំបូរ ​ម៉ាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ ​និង​វប្បធម៌​ខ្មែរ ​បាន​ឲ្យ​ដឹង​ថា ពិធី​ភ្ជាប់​ពាក្យ ជា​ពិធី​មួយ​ដែល​មាន​ភាព​អធិក​អាធ័ម​ណាស់ ក្នុង​ប្រពៃណី​ទំនៀម​ទំ​លាប់​ខ្មែរ គឺ​ជា​ការ​ជួបជុំ​គ្នា​រវាង​ភាគី​កូន​ស្រី-​ប្រុស ដើម្បី​និយាយ​អំពី​គោល​ការណ៍​នៃ​ការ​ផ្សំផ្គុំ​នូវ​កូន​ចៅ​ជំនាន់​ក្រោយ​ របស់​ខ្លួន។​ ការ​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​នេះ​ ដើម្បី​បង្ហាញ​ថា ប្រាប់​អំពី​អត្ថន័យ​ថា ថៃ្ង​នេះ ពេល​នេះ​ គឺ​ភាគី​ខាង​ស្រី និង​ខាង​ប្រុស​នាំ​គ្នា​និយាយ អំពី​កូន​ចៅ និង​សិក្សា​អំពី​តម្រូវ​ការ​នានា​សម្រាប់​ឲ្យ​កូន​ចៅ​ទាំង​សង់​ខាង ធ្វើការ​ប្រតិបត្តិ។ ប៉ុន្តែ​​ការ​រៀប​ចំ​ឲ្យ​មាន​ពិធី​ភ្ជាប់​ពាក្យ​នេះ មិន​ទាន់​អាច​ចាត់​ចូល​​ជា​លក្ខខណ្ឌ​ផ្លូវ​ការ​នោះ​ទេ ពី​ព្រោះ​ត្រូវ​ការ​ពិនិត្យ​ពិចារណា​ ថ្លឹង​ថ្លែង​ មាន​ន័យ​ថា អាច​ផ្ដាច់​អាច​បន្ត​ ទៅ​តាម​លក្ខខណ្ឌ​ជាក់​ស្ដែង​រវាង​ភាគី​ទាំង​សង​ខាង។ ​
​លោក​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ប្រជា​ជន​​ខ្មែរ​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​សម្រាប់​កូន​ស្រី​ ប្រុស​នេះ​ ទី​១​ ជា​​កិច្ច​សន្យា​រវាង​ភាគី​ទាំងពីរ​ក្នុង​ផ្លូវ​រួម​សង្វាស​​ជា​មួយ​គ្នា​ នៅពេលអនាគត និង​ដើម្បី​ឲ្យ​គូរ​ភាគី​ទាំង​ពីរ​ដឹង​​​ខ្លួន​ថា ខ្លួន​នឹង​ត្រូវ​មាន​គូរ​ស្វាមី​ភរិយា។​ ក្រោយ​ពី​ពិធី​ភ្ជាប់​ពាក្យ​បាន​ចប់​សព្វ​គ្រប់​ហើយ តែង​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ រវាង​កូន​ប្រុស​-ស្រីខ្លះ តែ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​​ធ្វើ​អ្វី​ខុស​គន្លង​​ប្រ​ពៃ​ណី​ឡើយ។
លោក សាស្ត្រាចារ្យ​បាន​លើក​ឡើង​ទៀត​​ថា បច្ចុប្បន្ន​នេះ លោក​ សង្កេត​ឃើញ​ថា ពិធី​ភ្ជាប់​ពាក្យ​បាន​រៀប​ចំឡើង​ ដោយមាន​លក្ខណៈ​កាត់​ច្រើន ព្រោះ​ដោយ​សារ​តែ​ ទីកន្លែង​សម្រាប់​រៀប​ចំ​ពិធី មាន​ភាព​ចង្អៀត​ ហើយ​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ពិធី ការ​ធ្វើ​ឡើង​បែប​នេះ​ គឺ​មាន​ការ​​ខុស​ឆ្គង​។
​ដើម្បី​ចូល​រួម​ថែ​រក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​គង់​វង្ស ពិសេស​របៀប​នៃ​ការ​រៀប​ចំពិធី​ភ្ជាប់​ពាក្យ​នេះ លោក​ សំបូរ​ ម៉ា​ណ្ណា​រ៉ា បាន​លើក​ឡើង​ថា លុះ​ត្រា​តែ​ មាន​ការ​កែ​ទម្រង់​ទៅ​លើ​របត់​អាចារ្យ ដែល​លោក​អាចារ្យ ដើរ​តួរ​សំខាន់​ណាស់​ ក្នុង​ការ​ណែ​នាំ​និង​ផ្ដល់​យោបល់​ មក​កាន់​គូរ​ភាគី​ទាំង​សង​ខាង​របស់​​កូន​ស្រី​ប្រុស និង​ការ​កែ​ទម្រង់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ជា​ នៅ​សាលា​រៀន​ ត្រូវ​តែ​មាន​ការ​អប់រំ​ទៅ​លើ​របៀប​​របប​ប្រពៃណី​ខ្មែរ ចាប់​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ​​ឡើង​ទៅ ដើម្បីឲ្យ​អ្នក​សិក្សា​បាន​យល់​ ព្រោះថា​អ្នក​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា អ្នក​បន្តវេន​ក្នុង​ការ​គោរព​ប្រតិបត្តិ នូវ​របៀប​របប​ប្រពៃណី​ខ្មែរ នា​ពេល​អនាគត ។
​ចំណែក​ប្រ​វត្តិ​នៃ​ពិធី​ភ្ជាប់​ពាក្យ​នេះ ត្រូវ​បាន​លោក​​សាស្ត្រាចារ្យ នៃ​សា​កល​វិទ្យាល័​យ ​ពុទ្ធិក​ លោក ម៉ម ជា បាន​រៀបរាប់​ថា នៅ​មុន​មាន​ពិធី​ភ្ជាប់​ពាក្យ​នេះ​ ដំបូង​ចាស់​ទុំ​ បាន​សួរ​នាំ​ខែ​ឆ្នាំ​កូន​ប្រុស​ស្រី រួម​ទាំង​មាតាបិតា​ខាង​ប្រុស​ខាង​ស្រី​បាន​ត្រូវគ្នា​អស់​ហើយ​នោះ ទើប​មាន​ការ​សន្មត​រវាង​ម្ដាយ​ឪពុក​ទាំង​សង​ខាង​ថា តើ​ពេល​ណា​អាច​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​បាន​? លុះ​ដល់​ថ្ងៃ​កំណត់​នៃ​ពិធី​ភ្ជាប់​ពាក្យ​ឪពុកម្ដាយ​និង​សាច់​ញាតិ​ខាង​កូន​ ប្រុស​ ត្រូវ​ដង្ហែ​ជំនូន ចូល​ទៅ​ផ្ទះ​ខាង​កូន​ស្រី ដោយ​មិន​មាន​វត្ត​មាន​កូន​ប្រុស​ចូលរួម​ដង្ហែ​នោះ​ឡើយ ។
​ជំនូន​ដែល​ត្រូវ​ដង្ហែ​ ទៅ​ផ្ទះ​ខាង​ស្រី​នោះ​ សាស្ត្រាចារ្យ នៃ​សា​កល​វិទ្យាល័យ ​ពុទ្ធិក បាន​រៀប​រាប់​ថា​ ​ត្រូវ​មាន​ផ្លែ​ឈើ​គ្រប់​មុខ នំចំណី ប្រាក់ មាន ពេជ្រ ខាន់ស្លា ពិសេស​បំផុត​នោះ​គឺ ត្រូវ​មាន ថង់​រង​ពីរ​ ម្លូ​ស្លា​ដាក់​ពីរ​ជើង​ពាន សំខាន់​បំផុត​នោះ​គឺ ត្រូវ​មាន​ជើង​ពាន​មួយ សម្រាប់​ដាក់​ ទាន​មួយ​គូរ កែវ​ទឹក​មួយ​គូរ ម្លូ​បី​មាត់ រួម​ទាំង​មាន​ អ្នក​ផ្លូវ​ចៅ​មហា និង​អ្នក​នាំ​ផ្លូវ​ចៅ​មហា​នាំ​មុខ។
ទោះ​ជា​យ៉ាងណាក្ដី​ លោក​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ ហើយ​ថា កុំ​ព្យាយាម​កាត់​បន្ថយ​ចំពោះ​ការ​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់បង់​នូវ​ប្រពៃណី​ខ្មែរ​ដែល​ល្អផូរ​ផង​​តាំង​ពី​ បុរាណកាល​មក​៕

No comments