ការពិតចឹងទេ! ខ្មោចរក្សាសីល ឫទេវតាថ្នាក់ទាបដែលថែរក្សាមនុស្ស គឺព្រះភូមិ ជំនាងផ្ទះ និងម្រេញគង្វាល
ទាក់ទងទៅនឹងជំនឿដែលមានតាំងពីយូរលង់ណាស់មកហើយនោះ រហូតមកដល់ពេលបច្ចុប្បន្ន ប្រជាជនខ្មែរយើងមួយចំនួនហាក់បីជា មិនសូវមានការចាប់អារម្មណ៍ ជឿច្រើនដូចមុនឡើយ ទាំងនេះក៏ដោយសារតែបច្ចេកវិទ្យាទំនើបមានភាពជឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឲ្យប្រជាជនខ្មែរមួយចំនួនយល់ឃើញថា ជំនឿមួយចំនួនគ្រាន់តែជាការលើកឡើងបោកប្រាស់ ឬកាឡៃតែប៉ុណ្ណោះ ។ ដើម្បីជាការរំលឹកឡើងវិញខ្លះៗ ក្រុមការងារអង្រុតបានធ្វើការស្រាវជ្រាវចងក្រងជាបទពិសោធន៍ទាក់ទងទៅនឹងរឿង «ម្រេញគង្វាល ជំនាងផ្ទះ និងព្រះភូមិ» ដើម្បីចែកជូនមិត្តអ្នកអាន ប៉ុន្តែ តើវាគួរជឿ ឬមិនគួរជឿ គឺទៅតាមជំនឿរបស់អស់លោក-អ្នកខ្លួនឯងទេ ។
ព្រះភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើមនោះ ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ នៅក្នុងជំនឿអ្នកតា ឬជំនឿវិញ្ញាណនិយម ដែលមានអាយុកាលជាយូរអង្វែងមកហើយ នៅក្នុងទឹកដីខ្មែរ សម័យព្រាហ្មញ្ញសាសនា មុនពុទ្ធសាសនា ។ ហើយក៏នៅមានឥទ្ធិពល បន្តរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ មានដូចជា ប្រទេសនៅលាវ ថៃ និងប្រទេសខ្មែរជាដើម ។ នៅក្នុងជំនឿវិញ្ញាណនិយម ព្រះភូមិ (អ្នករក្សាដីភូមិចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារលំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែលមិនអាចជួយរក្សាខ្លួនឯងបាន ដូចជាអ្នកពិការនិងចាស់ជរា) ។
– ព្រះភូមិ ៖ យើងក៏សង្កេតឃើញវត្តមាននៅគ្រប់ផ្ទះខ្មែរទាំងអស់ មានព្រះភូមិមួយ ធ្វើអំពីឈើប្រក់ស្បូវ ឬគ្រឿងស្ថិតក្នុងបរិវេណទីធ្លាខាងមុខផ្ទះ ឬនៅក្បែរផ្ទះ ។ នេះគឺជារានព្រះភូមិដែលជាវិញ្ញាណ ឬព្រលឹងដូនតាថែរក្សាទីតាំង ឬកន្លែងរស់នៅរបស់កូនចៅ ។ ចាស់ទុំបានឲ្យដឹងថា ព្រះភូមិ ត្រូវប្រជានុរាស្ត្រខ្មែរឲ្យតម្លៃយ៉ាងខ្ពស់ ហើយទង្វើនេះបណ្តាលមកពីសម្បត្តិដ៏ល្អប្រពៃរបស់ព្រះភូមិ គឺជាអ្នកមានបារមីខ្លាំងក្លាណាស់ កាលពីនៅរស់ ដោយក្រោយពីទទួលមរណៈភាព ក៏បានទៅជាព្រះភូមិ ប្រយោជន៍ និងបីបាច់ថែរក្សាកូនចៅ ក្នុងលោកយើងនេះ។ បើតាមអ្នកស្រុក អ្នកភូមិ ជួនកាលអ្នកស្រុកនិងភូមិទាំងនោះ អាចនឹងធ្វើឲ្យគេដឹងថា មានអ្វីកើតឡើងថែមទៀតផង ។ ជានិច្ចកាល ព្រះភូមិដែលជាប្រភេទវិញ្ញាណដូនតានោះ មានឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែរ ដោយផ្សាយនូវការគោរពកោតខ្លាច ។ ដូច្នេះហើយបានភ្ញៀវដែលចូលផ្ទះនីមួយៗ ត្រូវដើរកាត់រានព្រះភូមិជាទូទៅដោយដៃបក់ ឬក៏អុជធូបទាន សូមសេចក្តីអនុញ្ញាតជាដើម ជាសញ្ញានៃភារកិច្ចដ៏ជ្រាលជ្រៅ ។ ដូច្នេះជុំវិញករណីសារសំខាន់របស់ព្រះភូមិនេះ ទោះបីមានប្រភពខុសប្លែកគ្នាបន្តិច និងម្នាងផ្ទះក៏ដោយ ក៏យើងអាចនិយាយបានថា ព្រះភូមិ គឺជាព្រលឹងដូនតារក្សាភូមិ-ស្រុក ផ្ទះសម្បែងមិនឲ្យពួកព្រាយបិសាច ឬចោរចូលឆាឆៅក្នុងផ្ទះសម្បែងរបស់ពួកគេដែលជាកូនចៅ ។
– ជំនាងផ្ទះ ឬម្នាងផ្ទះ ៖ ទំនៀមទំលាប់មួយជាប្រពៃណីខ្មែរតាំងពីដូនតា គឺជំនឿលើជំនាងផ្ទះ ដែលប្រហែលជាស្លាកស្នាមគ្រប់គ្រងតាមបែបមាតាធិបតេយ្យ ។ ម្ល៉ោះហើយជនជាតិខ្មែរជឿថា ផ្ទះនីមួយសុទ្ធសឹងតែមានម្នាងផ្ទះ នៅតាមថែរក្សាជានិច្ចកាល ។ ខ្មែរជឿថា ផ្ទះថ្មីដែលទើបនឹងសាងសង់រួច គឺមានទេវតាផ្ទះមកតាមថែរក្សា ។ ជំនាងផ្ទះ ជួយរក្សាមិនគ្រាន់តែកំណប់ទ្រព្យមាសប្រាក់មិនឲ្យបាត់បង់ប៉ុណ្ណោះទេ ថែមទាំងទប់ទល់ការពារ និងខ្មោចបិសាច មិនឲ្យមកបៀតបៀនម្ចាស់ផ្ទះផង ។ ព្រោះថា ជំនាងផ្ទះ គឺជាប្រភពខ្មោច ឬជាវិញ្ញាណមានរិទ្ធានុភាព ជាងខ្មោចបិសាចផ្សេងៗឯទៀត ហើយសាងតែអំពើល្អក្នុងជាតិមុន ។ លក្ខណៈសំគាល់មួយទៀត គឺជំនាងផ្ទះ ស្លៀកពាក់ស្អាតបាត មានរូបរាងប្រៀបដូចទេវតា ប្រកបដោយសីលធម៌ខ្ពស់ផង ។ ជាឧទាហរណ៍ជាក់ស្តែង ទោះបីម្ចាស់ផ្ទះណាមួយត្រូវបង្ខំចិត្តចាកចេញពីផ្ទះដោយប្រកាណាមួយក៏ដោយ តែម្នាងផ្ទះមិនបោះបង់ផ្ទះនេះជាដាច់ខាត ហើយរង់ចាំដោយបន្តថែរក្សារហូតដល់ពេលមានម្ចាស់ផ្ទះថ្មី មករួមរស់ជាមួយមនុស្សតទៅទៀត ។
– ម្រេញគង្វាល ៖ ម្រេញគង្វាលដែលជាប្រភេទខ្មោច ដែលមានរូបរាងតូចដូចកូនក្មេង ចូលចិត្តស្លៀកពាក់ក្រហម ហើយរួមរស់ជាមួយមនុស្សនៅតាមផ្ទះ ។ តួនាទីរក្សាម្ចាស់ផ្ទះ កុំឲ្យចោរលួចប្លន់ ឬជនពាលមកបៀតបៀន ធ្វើទុក្ខបុកម្នេញឡើយ ។ វត្តមានរបស់ម្រេញគង្វាលអាច គូសបញ្ជាក់តាមរយៈរានមួយ ធ្វើអំពីឈើកូនផ្ទះ ឬកញ្ជ្រែងមួយ ដែលមានព្យួរឯកសណ្ឋានមួយឈុតពណ៌ក្រហម ។ ខ្មោចប្រភេទនេះ ចូលចិត្តស្ករគ្រាប់ណាស់ ដូច្នេះហើយបានជារៀងរាល់ថ្ងៃ នៅពេលល្ងាច ម្ចាស់ផ្ទះរមែងតែដាក់ស្ករគ្រាប់នៅកញ្ជ្រែង ព្រមទាំងទឹកផឹកយ៉ាងទៀងទាត់ នៅលើរានរបស់ពួកគេ ព្រោះកុំឲ្យឆាឆៅ នៅពេលស្រេកឃ្លាន ។ ម្យ៉ាងវិញទៀត អ្នកស្រុកជឿថា ពួកម្រេញគង្វាលរាល់យប់ តែងតែចេញមកលេង ល្បែងខ្លាធ្លាក់អណ្តូង ហើយទន្ទឹមនឹមនេះ រូបគេក៏ចូលចិត្តពង្វក់ក្មេងៗ ឲ្យលេងជាមួយវាដែរ ។ ដោយសារបានទទួលចំណីអាហារទៀងទាត់ ពពួកខ្មោចម្រេញគង្វាល មានទឹកចិត្តស្រឡាញ់បីបាច់ថែរក្សាម្ចាស់ផ្ទះណាស់ ដោយភក្តីភាពជាទីបំផុត ជាហេតុនាំឲ្យម្ចាស់ផ្ទះរបស់ខ្លួនរកស៊ីមានបានដូចក្តីប្រាថ្នា ៕





Post a Comment