មិននឹកស្មានថា !សំបុត្រមួយច្បាប់សល់ពីការលិចកប៉ាល់ TITANIC ដាក់ដេញថ្លៃរាប់សិបម៉ឺនដុល្លារ
សំបុត្រផ្ទាល់ខ្លួនមួយច្បាប់ត្រូវបានគេរកឃើញនៅលើសាកសពបុរសម្នាក់កាលពីលិចកប៉ាល់ TITANIC ជាង១០០ឆ្នាំមុន ឥឡូវត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃបំបែកកំណត់ត្រាគឺ ១៦៦ ០០០ ដុល្លារ ក្នុងចំណោមរបស់របរដែលបន្សល់ពីមហាសោកនាដកម្មលេចកប៉ាល់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
សំបុត្រនោះក្រុមគ្រួសារលោកគឺជាអ្នកលក់ ដើម្បីដាក់ឲ្យដេញថ្លៃ នៅក្នុងពិធីដេញថ្លៃមួយធ្វើឡើង នៅភាគខាងត្បូងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។
ជាសំបុត្រដែលត្រូវបាន សរសេរដោយអ្នកដំណើរក្នុងសង្កាត់ទី១ម្នាក់ មានឈ្មោះថា Alexander Oskar Holverson (សង្កាត់ទី១ គឺជាសង្កាត់អ្នកមានលើកប៉ាល់ TITANIC ដូចតួអង្គស្រីឈ្មោះ Rose ក្នុងរឿង TITANIC ស្នាក់នៅសង្កាត់ទី១ ខណៈ Jack នៅសង្កាត់អ្នកក្រថ្នាក់ទី៣ រីឯសង្កាត់ ឬ ថ្នាក់ទី២ គឺជាអ្នកមធ្យម ) លោកគឺជាអ្នកជំនួញមានដើមកំណើតនៅមិនីសូតា សហរដ្ឋអាមេរិក បានធ្វើដំណើរលើកប៉ាល់នោះជាមួយប្រពន្ធឈ្មោះ Mary Alice តែប្រពន្ធគាត់នៅរស់។
លោកAlexander Oskar Holverson បានសរសេរសំបុត្រនោះទៅកាន់ម្តាយ រៀបរាប់ចំណាប់អារម្មណ៍អំពីកប៉ាល់យក្ស ដែលខ្លួនបានធ្វើដំណើរ សរសើរម្ហូប និង តន្រ្តីនៅលើនោះ។ លោកបានសរសេរវាឡើង១ថ្ងៃប៉ុណ្ណោះមុនកប៉ាល់លិចនៅយប់ថ្ងៃទី១៤ មេសា ឆ្នាំ ១៩១២ ដែលបានសម្លាប់មនុស្សជាង ១ ៥០០នាក់។ ប្រភពខាងលើបន្ត។
ក្នុងសំបុត្រនោះលោកថែមទាំងបានសរសេរទៀតថា លោកបានប្រកៀកស្មាជជែកគ្នាលេងជាមួយមហាសេដ្ឋីលំដាប់ពិភពលោកមិនប្រកាន់ខ្លួនម្នាក់។ "លោក John Jacob Astor គឺជាអ្នកជំនួញអាមេរិកផ្នែកហិរញ្ញវត្ថុ និង អចលនទ្រព្យមានបំផុតនៅលើពិភពលោក។ គាត់មើលទៅសាមញ្ញដូចជាមនុស្សដទៃទៀត បើទោះបីជាគាត់មាន ប្រាក់រាប់លានដុល្លារក៏ដោយក៏គាត់មកអង្គុយលេងលើដំបូលកប៉ាល់ជាមួយយើងទាំងអស់គ្នាដែរ"៕



Post a Comment