គ្រូពេទ្យ និងប្ដីប្រាប់ឲ្យបោះកូនពិការចោល ម្ដាយថា«ទេ» ដល់កូន​ធំឡើងធ្វើ​រឿងភ្ញាក់ផ្អើលមួយ

 ម្ដាយ​វ័យ​ក្មេង​រស់​នៅ​​ប្រទេស​ចិន​ម្នាក់ បាន​ជួយ​កូន​ប្រុស​ពិការ​របស់​ខ្លួន ពុះពារ​ជម្នះ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​រស់​នៅ​។ គាត់​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង រហូត​បាន​ជួយ​កូន​ប្រុស ឲ្យ​ចូល​រៀន​នៅ​សកលវិទ្យាល័យ​​ល្បី​លំដាប់​ពិភព​លោក​ Harvard University នៅ​អាមេរិក​ថែម​​ផង។
អ្នកស្រី Zou Hongyan មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ថា Ding Ding ដោយ​រូបគេ​ស្ទើរ​តែ​ថប់​ដង្ហើម​ស្លាប់ នៅ​ពេល​ឆ្លង​ទន្លេ (ពិបាក​កើត) កាល​ពី​ឆ្នាំ​១៩៨៨។ ​ទោះ​បី​ជាគេ​អាច​រស់​រាន​មាន​ជីវិត ប៉ុន្តែ Ding បាន​កើត​មាន​ជំងឺ​ពិការ​ខួរក្បាល និង​រាងកាយ។
ក្រុម​គ្រូពេទ្យ នៅ​ក្នុង​ខេត្តហ៊ូបេ បាន​ប្រាប់​​ឲ្យ​អ្នក​ស្រី Zou បោះបង់​កូន​ប្រុស​ចោល ដោយសារ​តែ​រូបគេ នឹង​ក្លាយ​ជា​មនុស្ស​គ្មាន​តម្លៃ ព្រោះ​ខ្សោយ​​បញ្ញា ឬ​អាច​ពិការ​អស់​មួយ​ជីវិត។ លើស​ពី​នេះ ប្ដី​​អ្នក​ស្រីក៏​​ប្រាប់​អ្នក​ស្រី​ថា កូន​​នេះ​នឹង​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​គ្រួសារ​ជាក់​ជា​មិន​ខាន​។ តែ​​​យ៉ាង​ណា អ្នកស្រី Zou ​មិនដាច់​ចិត្ត​នៅ​តែ​ទទូច​សុំ​ចិញ្ចឹម​​កូន​ប្រុស រហូត​​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ ឈាន​ដល់​ការ​លែងលះ​គ្នា។
ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អ្នកស្រី Zou ត្រូវ​បង្ខំចិត្ត​ធ្វើ​ការងារ​ជាច្រើន ដើម្បី​ទ្រទ្រង់​គ្រួសារ និង ព្យាបាល​កូន​ប្រុស។ អ្នក​ស្រី​បាន​ធ្វើ​ការ​ពេញ​ម៉ោង នៅ​ឯ​មហាវិទ្យាល័យ​មួយ ក្នុង​ទីក្រុង Wuhan និង​ធ្វើការ​ក្រៅ​ម៉ោង ជា​អ្នក​បង្វឹក​ពិធីការ (Protocol Trainer) ព្រម​ទាំង​ធ្វើ​ជា​អ្នក​លក់​ធានា​រ៉ាប់រង ទៀត​ផង។
អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​នោះ​គឺ អ្នក​ស្រី​បាន​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កែប្រែ​វាសនា​កូន​ប្រុស រហូត​​​ចែក​ពេល​វេលា​នាំ​កូនប្រុស​ទៅ​ហ្វឹកហាត់​​កាយ​សម្បទាជា​ទៀត​ទាត់ ហើយ​ក៏​បាន​រៀន​ម៉ាស្សា​ដែរ ដូច្នេះ​អ្នក​ស្រី​អាច​ម៉ាស្សា​ឲ្យ​កូន​ប្រុស​ផ្ទាល់​តែម្ដង។ អ្នកស្រី Zou ថែម​ទាំង​លេង​ហ្គេម​រំញោច​ខួរក្បាល និង​ហ្គេម​ផ្គុំ​រូប ជាមួយ Ding ដើម្បី​ជួយ​ជំរុញ​ប្រាជ្ញា​កូនប្រុស​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ។
លើស​ពី​នេះ​ អ្នក​ស្រី​បាន​​ខិតខំ​តស៊ូ​​ឲ្យ​កូនបាន​ចូល​រៀន​ចេះ​ដឹង​នឹង​គេ ដើម្បី​យក​ឈ្នះ​ពិការភាព ឬ​បញ្ញា​ខ្សោយ​ពី​កំណើត​ និង​​​របៀប​រស់​នៅ​​សព្វ​​ថ្ងៃ។ Ding មាន​បញ្ហា​លើ​ការ​ធ្វើ​ចលនា​ដៃ និង​មិន​អាច​ចាប់​កាន់​ចង្កឹះ​បាន ដូច្នេះ​អ្នកស្រី Zou បាន​បង្រៀន​រូបគេ​ឲ្យ​ចេះ​ប្រើ​។
អ្នក​ស្រី Zou រៀប​រាប់​ថា «ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្មាសអៀន ដោយសារ​បញ្ហា​រាងកាយ​ឡើយ… ដោយសារ​តែ​គេ​មាន​បញ្ហា​ច្រើន​កន្លែង ដូច្នេះ​ខ្ញុំ​មាន​ការ​តឹង​រឹង​ណាស់​ទៅ​លើ​រូបគេ ដើម្បី​ឲ្យ​គេ​ខំ​ប្រឹង​ធ្វើ​អ្វី​មួយ​ដែល​លំបាក»។
ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ច្រើន​ឆ្នាំ Ding បាន​ធំ​ពេញ​រូប​ពេញ​រាង និង​រៀន​សូត្រ​​ច្រើន​ រហូត​អាច​កែ​ប្រែ​វាសនា​បាន​ស្ទើរ​ទាំង​ស្រុង។ ស្ថិត​ក្នុង​វ័យ​ ២៩​ឆ្នាំ Ding បាន​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ស្រលាញ់ និង​ការ​លះបង់​របស់​ម្ដាយ ដែល​បាន​ជួយ​រូបគេ ឲ្យ​ទទួល​បាន​ជោគជ័យ បើ​ទោះ​បី​ជា​ពិការ​រាងកាយ​ក៏​ដោយ។ តាមរយៈ​ការ​ណែនាំ​ពី​ម្ដាយ Ding បាន​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ថែម​ទាំង​ក្លាយ​ជា​សិស្ស​ពូកែ​ទៀត​ផង។
នៅ​ក្នុង​ឆ្នាំ​ ២០១១ លោក Ding បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាលា​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បរិស្ថាន Environmental Science and Engineering School នៃ​សកលវិទ្យាល័យ Peking University។ បន្ទាប់មក លោក​បាន​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត នៅ​ឯ​សាលា​ច្បាប់ International Law School។ ក្រោយមក លោក​បាន​ធ្វើ​ការ​រយៈ​ពេល​២​ឆ្នាំ ដើម្បី​ជួយ​សម្រួល​បន្ទុក​ម្ដាយ។
លោក Ding បាន​និយាយ​ថា «ខ្ញុំ​មិន​ដែល​ហ៊ាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សកលវិទ្យាល័យ Harvard ទេ ប៉ុន្តែ​ម្ដាយ​របស់​ខ្ញុំ​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​សាកល្បង។ រាល់​ពេល​ដែល​ខ្ញុំ​ស្ទាក់ស្ទើរ​ចិត្ត គាត់​តែងតែ​ណែនាំ​ខ្ញុំ រហូត​បាន​ចូល​រៀន​កាល​ពី​ឆ្នាំ ២០១៦​»៕


ប្រភព៖scmp

No comments