សូមកូនគ្រប់ៗរូបកុំយកគំរូតាមឲ្យសោះ!! កូនដល់ទៅ ៥ នាក់ តែទុកម្តាយឱ្យឈឺនៅវត្តម្នាក់ឯង បន្សល់ទុកត្រឹមលិខិតផ្តាំផ្ញើ អានចប់ទឹកភ្នែកស្រក់ហូរ...
និយាយពីរឿងពិតរបស់អ្នកម្តាយដ៏កម្សត់ម្នាក់នេះវិញម្តង រូបគាត់គឺជាស្ត្រីមេម៉ាយ មានកូនចំនួន ៥នាក់ ក្នុងនោះ មានកូនស្រី ២នាក់ និង កូនប្រុសចំនួន ៣នាក់ ស្វាមីរបស់គាត់ បានស្លាប់ចោលគាត់ តាំងពីរូបគាត់់មានវ័យ ៣៥ឆ្នាំមកម្ល៉េះ ។ ចាប់តាំងពីស្វាមីរបស់គាត់បានស្លាប់ទៅ ការងារទាំងប៉ុន្មាន ត្រូវធ្លាក់មកលើរូបគាត់ ជាអ្នករែកពន់ទាំងអស់ ដោយរូបគាត់បានដើរតួនាទី ជាម្តាយផង និង ជាឪពុកផង ក្នុងការមើលការខុសត្រូវ និង ចិញ្ចឹមបីបាច់ថែរក្សាកូន ឱ្យបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ និង រហូតដល់មានប្តី ប្រពន្ធគ្រប់ៗគ្នា ដើម្បីអនាគតកូនៗរូបគាត់ស៊ូទ្រាំលំបាកលំបិនតែម្នាក់ឯង ។
បន្ទាប់ពីផ្ចុងផ្តើមឱ្យកូនប្រុស ស្រី មានគូស្រករគ្រប់គ្នាអស់ហើយនោះ អ្នកម្តាយរូបនេះ ហាក់មានអារម្មណ៍កម្សត់ ព្រោះរូបគាត់ក៏កាន់តែចាស់ ហើយកូនប្រុស ស្រីមួយចំនួន ក៏បានបែកចេញទៅនៅខាងប្តី ឬ ប្រពន្ធរបស់គេអស់ រូបគាត់រស់នៅ ជាមួយកូនប្រុសពៅ ដែលមានជីវភាពក្រលំបាកជាងគេ ។ ហើយកូនបងៗដែលមានប្តី ប្រពន្ធទៅរស់នៅឆាយៗពីគាត់នោះ ហាក់មិនសូវខ្វល់ខ្វាយ ឬ នឹកនា ដល់រូបគាត់ជាម្តាយឡើយ ដែលធ្វើឱ្យរូបគាត់មានការពិបាកចិត្ត និង នឹកកម្សត់ខ្លួនយ៉ាងខ្លាំង ។
តែមុននឹងគាត់ចេញទៅរស់នៅវត្តនោះ គាត់ក៏បានសរសេរសំបុត្រមួយច្បាប់ ទុកផ្តាំផ្ញើដល់កូនៗរបស់គាត់ ប៉ុន្តែសំបុត្ររបស់គាត់នោះ មិនបានទុកនៅកណ្តាលវាល ឬ កន្លែងណា ដែលកូនឆាប់បានឃើញឡើយ ។ គាត់សរសេរសំបុត្ររួច យកទៅទុកក្នុងហោប៉ៅអាវប៉ាកផ្កាពណ៌ស ដែលរូបគាត់តែងតែពាក់ទៅចូលរួមពិធីបុណ្យក្នុងភូមិ ឬ ទៅវត្ត ជារៀងរាល់ថ្ងៃសីលនោះ ដោយបត់ទុកដាក់យ៉ាងស្អាតនៅក្នុងទូ ហើយរូបគាត់ក៏លាកូនៗរបស់គាត់ទៅរស់នៅក្នុងវត្ត ។
ជីវិតរស់នៅក្នុងវត្ត រូបគាត់ក៏ដូចជាដូនជីដទៃទៀត ក្រៅពីរៀនធម៌ អង្គុយសមាធិ ក៏តែងតែជួយធ្វើកិច្ចការងារដទៃទៀត នៅក្នុងវត្ត ដូចជាការជួយធ្វើចង្ហាន់ប្រគេនព្រះសង្ឃ បោសសំអាតទីធ្លា និង ជួយលាងចាន ឆ្នាំងជាដើម ។ ជីវិតរស់នៅក្នុងទីអារាមវត្តអស់រយៈពេលជិត៧ឆ្នាំ វ័យរបស់គាត់ក៏កាន់តែចាស់ជរា មានជម្ងឺប្រចាំកាយក៏ច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពក៏កាន់តែទ្រុឌទ្រោមទៅៗទោះបីជាមានជំងឺ និង សុខភាពទ្រុឌទ្រោមយ៉ាងណាក្តី ក៏រូបគាត់មិនបានផ្តល់ដំណឹងនេះ ឱ្យកូនចៅបានដឹងឮឡើយ គឺសុខចិត្ត ស៊ូទ្រាំលំបាក លំបិនតែម្នាក់ឯង ។ ហើយចាប់តាំងពីទៅស្នាក់នៅក្នុងវត្តមក កូនៗរបស់គាត់មិនដែលបានទៅលេងគាត់ញឹកញាប់ឡើយគឺយូរៗពួកគេនាំគ្នាទៅលេងម្តង ។ ដោយម្នាក់ៗរវល់តែពីការងារ ប្រកបរបរចិញ្ចឹមកូនចៅរបស់ពួកគេរៀងៗខ្លួន ។
មកនិយាយពីសំបុត្រ ដែលទុកនៅផ្ទះកូន ឯណោះវិញ នៅថ្ងៃមួយកូនស្រីច្បង បានទៅលេងផ្ទះប្អូនប្រុសពៅ ដែលអ្នកម្តាយកម្សត់រូបនេះធ្លាប់រស់នៅជាមួយ ហើយកូនស្រីច្បងរូបនោះ ក៏បានរើកកាយទូដាក់សម្លៀកបំពាក់របស់ម្តាយខ្លួន ពេលនោះគេក៏បានប្រទះឃើញអាវប៉ាកផ្កាពណ៌សមួយ ហើយក៏ស្ទាប់ហោប៉ៅអាវនោះ ក៏ឃើញសំបុត្រមួយច្បាប់នៅក្នុងហោប៉ៅអាវនោះ រូបគេក៏យកសំបុត្រនោះមកអាន ។
ដោយអត្ថន័យនៅក្នុងសំបុត្រនោះ បានសរសេរថា «សំបុត្រ ម៉ែ ! កូនៗជាទីស្រលាញ់របស់ម៉ែ ! ម៉ែសរសេរសំបុត្រមួយច្បាប់នេះ ទុកសម្រាប់ឱ្យកូនអាន ព្រោះថា ម៉ែកាន់តែចាស់ណាស់ទៅហើយ ជីវិតគឺវាមិនទៀងនោះទេ មិនដឹងជាថ្ងៃណាម៉ែ រលត់សង្ខាឡើយ ។ បើទោះបីជាកូនមានប្តី ប្រពន្ធ និង កូនគ្រប់ៗគ្នាហើយក្តី តែសម្រាប់ម៉ែ នៅតែមើលឃើញកូន ជាកូនតូចរបស់ម៉ែដដែល ម៉ែតែងតែនិយាយហើយ និយាយទៀត ម៉ែមិនចង់បានអ្វីពីកូននោះទេ ម៉ែគ្រាន់តែសុំឱ្យកូនចេះស្រលាញ់បងប្អូន ចេះអធ្យាស្រ័យ អត់ឱនឱ្យគ្នា ទៅវិញ ទៅមក មានធុរៈអ្វីចេះជួយគ្នាគឺម៉ែសប្បាយចិត្តណាស់ទៅហើយ ។ ពេលម៉ែចាស់ទៅ សូមកូនស្រលាញ់ម៉ែ ដូចម៉ែស្រលាញ់កូន កាលពីកូននៅតូចៗនោះផង កុំខ្ពើមរអើមម៉ែអី ! ពេលម៉ែស្លៀកពាក់ និង ងូតទឹកខ្លួនឯងមិនកើត សូមកូនងូតទឹក និង ស្លៀកសម្លៀកបំពាក់ឱ្យម៉ែ ដូចម៉ែធ្លាប់ងូតទឹក និង ស្លៀកសម្លៀកបំពាក់ ឱ្យកូនកាលពីកូននៅតូចផង ! ពេលម៉ែហូបបាយខ្លួនឯងមិនកើត សូមកូនបញ្ចុកបាយម៉ែ និង ជូតមាត់ឱ្យម៉ែ ដូចម៉ែធ្លាប់បញ្ចុកបាយ និង ជូតមាត់ឱ្យកូន កាលពីកូននៅតូចនោះផង ! ពេលម៉ែ ងងឹតភ្នែក ហើយដើរមិនរួចនោះ សូមកូនលើកម៉ែ គ្រាម៉ែ និង ដឹកដៃម៉ែដើរ ដូចកាលពីម៉ែធ្លាប់លើកកូន និង ដឹកដៃកូនរៀនដើរ កាលពីកូននៅតូចនោះផង ! នៅពេលម៉ែបត់ជើងតូច ឬ ធំមិនដឹងអីនោះ សូមកូនកុំខ្ពើមរអើមម៉ែអី ជួយជូត លាង ដុស និង សំអាតឱ្យម៉ែ ដូចអ្វីដែលម៉ែធ្លាប់ធ្វើចំពោះកូន កាលពីកូននៅតូចនោះផងចុះ កុំខ្ពើមរអើមម៉ែអី ! បើមានជាតិក្រោយពិតមែន សូមឱ្យកូនៗកើតជាកូនម៉ែ ទៀត !»។
នៅពេលអានសំបុត្រនេះចប់ ទឹកភ្នែករបស់គេ បានហូរចុះមក ជាមួយអារម្មណ៍ក្តុកក្តួលអួលណែន ឱរ៉ា ហើយរូបគេ ក៏បានប្រាប់រឿងរ៉ាវនេះទៅប្អូនៗដទៃទៀតឱ្យបានដឹង ហើយពួកគេក៏បានមកអានសំបុត្រនេះជុំគ្នា នៅផ្ទះប្អូនប្រុសពៅ នៅពេលបានអានសេចក្តីសំបុត្រនោះហើយ ម្នាក់ៗបានស្រែកទ្រហោយំទាំងអស់គ្នា ដោយនឹកឃើញកាលពីពួកគេនៅតូចៗដែលម្តាយធ្លាប់តស៊ូ កម្សត់ កម្រ លំបាកលំបិនក្នុងការចិញ្ចឹមបីបាច់ថែរក្សាពួកគេ កាលពីនៅតូច ៗ។ បន្ទាប់ពីបានអានសំបុត្រគ្រប់គ្នាហើយ ស្រ្តីជាកូនច្បងក៏បានផ្តើមគំនិត យកម្តាយរបស់ខ្លួនពីវត្តមកផ្ទះវិញ ក្នុងគោលបំណងងាយស្រួលក្នុងការមើលថែទាំ គាត់ ។ ប៉ុន្តែនៅពេលទៅយកម្តាយនៅវត្ត ឃើញម្តាយកំពុងតែមានជំងឺ ដេកនៅនឹងគ្រែងើបមិនរួចនោះ កូនម្នាក់ៗមានអារម្មណ៍សោកសង្រេង ហើយនឹកគិតថា វាស្ទើរតែហួសពេលទៅហើយ ព្រោះតែឃើញម្តាយចាស់ជរា ហើយមានជម្ងឺធ្ងន់ធ្ងរបែបនេះទៀត ។ យកម្តាយមកនៅផ្ទះមិនទាន់បានមួយអាទិត្យស្រួលបួលផង អ្នកម្តាយកម្សត់រូបនោះ ក៏បានលាចាកលោកនេះទៅ ក្នុងជន្មាយុ ៧៦ ឆ្នាំ ដូច្នេះអ្វីៗគឺវាបានហួសពេលទៅហើយ ។
នេះជារឿងពិត របស់គ្រួសារមួយ នៅជាយក្រុងភ្នំពេញ ដែល«ក្រុមការងារយើង»សុំសិទ្ធលាក់អត្តសញ្ញាណរបស់គ្រួសារនោះ ។ ប្រិយមិត្តអានហើយ សូមពិចារណាតាមការគួរ ថាតើ យើងជាកូនៗត្រូវមានតួនាទីអ្វីខ្លះ ចំពោះឪពុកម្តាយ ឬ អ្នកមានគុណរបស់យើង ?៕
ប្រភព៖ប្រជាប្រិយ
ប្រភព៖ប្រជាប្រិយ




Post a Comment