មិនសរសើរមិនបាន! កូនអ្នកនេសាទ មិនដែលចូលសាលា ក្លាយជាម្ចាស់ក្រុមហ៊ុនលំដាប់ពិភពលោក
Mazda Motor ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយដែលមានឈ្មោះល្បីក្នុងចំណោមក្រុមហ៊ុនដទៃ និងត្រូវបានធ្វើចរាចរណ៍ទីផ្សាររថយន្តនៅប្រទេសកម្ពុជាផងដែរ ផ្តើមបង្កើតឡើងដោយស្ថាបនិកដែលកើតចេញពីគ្រួសារក្រីក្រ តស៊ូរហូតក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំដូចសព្វថ្ងៃនេះ ។
លោក Jujiro Matsuda ស្ថានិកក្រុមហ៊ុន Mazda កើតចេញពីគ្រួសារអ្នកនេសាទ ហើយរូបគាត់ជាមនុស្សដែលមិនចូលចិត្តរៀននៅសាលាទេ ហើយដោយថែមទាំងគ្រួសារក្រផងនោះ ជាហេតុធ្វើឲ្យគាត់មិនបានចូលរៀននៅសាលាណាមួយឡើយ ។
កាលនៅក្មេង បំណងប្រាថ្នាគាត់មិនខ្ពស់ប៉ុន្មានទេ គាត់គ្រាន់តែចង់ធ្វើជាជាងដុំដែកប៉ុណ្ណោះ ទើបគាត់បានទៅសុំគេធ្វើការនៅរោងស្លដែក ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន។ អាយុបាន ១៤ឆ្នាំ ខណៈពេលដែលគាត់កំពុងធ្វើការនៅទីនោះ គាត់បានបង្កើត ស្នប់សប់ខ្យល់ ហើយបានដាក់ឈ្មោះថា Matsuda type pump។ លោក Matsuda ជាមនុស្សដែលខិតខំធ្វើការខ្លាំងបំផុត ទើបលោកអាចក្លាយជាអ្នកមើលការខុសត្រូវប្រតិបត្តិការក្នុងរោងជាងទាំងអស់។
តែជាអកុសល គាត់ត្រូវគេបង្ខំឲ្យចេញពីរោងចក្រស្លដែក ទើបគាត់សម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយឈ្មោះ Matsuda Works។ ដោយសារក្រុមហ៊ុនកាន់តែល្បី គាត់ទទួលបានឱកាសមាស ក្លាយជាដៃគូផ្គត់ផ្គង់ផលិតផលរុស្ស៊ី និងក្លាយជាអ្នកផលិតកាំភ្លើងឲ្យទាហានជប៉ុន ។
ឆ្លងកាត់ការតស៊ូពីបាទដៃទទេ រហូតមានការងារ ពីមានការងារត្រូវគេដេញចេញពីក្រុមហ៊ុន រហូតដល់បើកក្រុមហ៊ុនខ្លួនឯង វាជាបទពិសោធន៍ធ្វើឲ្យលោក Matsuda ក្លាយជាអ្នកមាន និងបានបើកក្រុមហ៊ុនកាន់តែធំ។
ពេលគាត់បានត្រឡប់ទៅទីក្រុង Hiroshima ដែលជាទឹកដីកំណើតវិញ គាត់បានបើកក្រុមហ៊ុនមួយទៀតឈ្មោះ Toyo Cork Kogyo Co., Ltd ដែលសព្វថ្ងៃវាមានឈ្មោះថា Mazda Motor នេះតែម្តង ។ លោក Matsuda មិនដែលគិតរឿងលក់ផលិតផលឲ្យបានច្រើនទេ តែអ្វីដែលធ្វើឲ្យក្រុមហ៊ុនគាត់ជោគជ័យដោយសារស្ថាបនិករូបនេះយកចិត្តទុកដាក់លើ គុណភាព និងការបង្កើតឧបករណ៍ ។
គាត់បានបង្កើតម៉ូតូកង់បីដំបូងនៅឆ្នាំ ១៩៣១ ឈ្មោះថា Mazdago និងបានអភិវឌ្ឍន៍ទៅជារថយន្តបន្តិចម្តងៗ តែនៅក្នុងកំឡុងសង្គ្រាមលោកលើកទីពីរក្រុមហ៊ុនលោក ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ ។ តែលោក Matsuda មិនមែនជាមនុស្សបោះបង់ទេ គាត់បានស្តារក្រុមហ៊ុនឡើងវិញ រហូតដល់រីកចម្រើនដូចសព្វថ្ងៃនេះ ។
ឆ្លងកាត់ប្រវត្តិខ្លីៗរបស់លោក Matsuda សរបញ្ជាក់ឲ្យឃើញថា ដរាបណាអ្នកមិនបោះបង់ ឱកាសនៅតែមាន ទោះជាអ្នកមិនមានចំណេះដឹងខ្ពង់ខ្ពស់ដូចគេ តែអ្នកមានការតស៊ូ ដូចនេះគ្រប់វិថីដែលអ្នកតស៊ូដើរ សុទ្ធតែជាផ្លូវជោគជ័យ ។
ប្រភព៖business-cambodia
Post a Comment