នៅសហរដ្ឋអាមេរិក ខ្ញុំជាអ្នកសង្រ្គោះជីវិតបឋម (EMT)។ ជីវិតខ្ញុំនៅទីនោះគឺរស់នៅយ៉ាងស្រួល ខ្ញុំមានអ្វីគ្រប់យ៉ាង តែដូចជាមានអីមួយទាញខ្ញុំឲ្យមកស្រុកខ្មែរ។ គ្រួសារខ្ញុំ មិត្តភក្តិខ្ញុំ ថាខ្ញុំភ្លើ ព្រោះមនុស្សជាច្រើនគេចង់ទៅរស់នៅទីនោះ តែខ្ញុំកើតនៅទីនោះ មានការងារល្អ មានប្រាក់ខែច្រើនហើយ មានឡាន មានផ្ទះ ហើយសុខចិត្តលះបង់មកពិបាកនៅទីនេះ។ តែគោលដៅខ្ញុំ ខ្ញុំចង់លើកស្ទួយកីឡាខ្មែរ ខ្ញុំចង់ជួយក្មេងៗជំនាន់ក្រោយឲ្យដឹងពីវប្បធម៌ខ្មែរ និងក្បាច់គុនរបស់ដូនតាយើង ដែលក្មេងៗសម័យឥឡូវមិនសូវដឹងពីរឿងនេះទេ សំខាន់មកស្រុកខ្មែរនេះគឺដើម្បីជួយខ្មែរ




«នៅសហរដ្ឋអាមេរិក ខ្ញុំជាអ្នកសង្រ្គោះជីវិតបឋម (EMT)។ ជីវិតខ្ញុំនៅទីនោះគឺរស់នៅយ៉ាងស្រួល ខ្ញុំមានអ្វីគ្រប់យ៉ាង តែដូចជាមានអីមួយទាញខ្ញុំឲ្យមកស្រុកខ្មែរ។ គ្រួសារខ្ញុំ មិត្តភក្តិខ្ញុំ ថាខ្ញុំភ្លើ ព្រោះមនុស្សជាច្រើនគេចង់ទៅរស់នៅទីនោះ តែខ្ញុំកើតនៅទីនោះ មានការងារល្អ មានប្រាក់ខែច្រើនហើយ មានឡាន មានផ្ទះ ហើយសុខចិត្តលះបង់មកពិបាកនៅទីនេះ។ តែគោលដៅខ្ញុំ ខ្ញុំចង់លើកស្ទួយកីឡាខ្មែរ ខ្ញុំចង់ជួយក្មេងៗជំនាន់ក្រោយឲ្យដឹងពីវប្បធម៌ខ្មែរ និងក្បាច់គុនរបស់ដូនតាយើង ដែលក្មេងៗសម័យឥឡូវមិនសូវដឹងពីរឿងនេះទេ សំខាន់មកស្រុកខ្មែរនេះគឺដើម្បីជួយខ្មែរ។
ខ្ញុំបានហាត់រៀនផ្នែកប្រដាល់នេះតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ។ ខ្ញុំចាប់ផ្តើមស្រឡាញ់ផ្នែកនេះ នៅពេលឃើញអ៊ំរបស់ខ្ញុំហាត់ ខ្ញុំចេះតែធ្វើតាមគាត់ ហើយគាត់ឃើញអញ្ចឹងក៏បង្ហាត់ខ្ញុំ។ ខ្ញុំមិនដែលគិតថាចង់យកវាជាអាជីពទេ តែមួយគត់គឺការស្រឡាញ់។ តែពេលហាត់ៗយូរទៅមានចិត្តចង់ចេញប្រកួត ដើម្បីឲ្យដឹងពីសមត្ថភាពខ្លួនឯង។ ខ្ញុំបានចេញប្រកួតនៅអាយុ១៦ឆ្នាំ។ ខ្ញុំបានប្រកួតក្បាច់គុនចម្រុះ (MMA) ១៧ ដង ក្នុងនោះខ្ញុំទទួលបានខ្សែក្រវាត់ MMA ចំនួន ២។ ហើយខ្ញុំក៏បានចូលរួមប្រកួតប្រដាល់សេរីជាច្រើនដងផងដែរ។ ក្នុងអាជីពនេះខ្ញុំធ្លាក់បាក់ជើងម្តង និងបាក់ឆ្អឹងជាច្រើនដង តែក្នុងចិត្តខ្ញុំមិនរាថយឡើយ ខ្ញុំបន់ឲ្យតែឆាប់ជាដើម្បីបានទៅហាត់វិញទៀត។ រាល់ដងពេលចេញប្រកួតនៅទីនោះ ខ្ញុំតែងតែលើកទង់ជាតិខ្មែរជានិច្ច ចិត្តខ្ញុំគឺតំណាងឲ្យខ្មែរ។
ខ្ញុំបានសម្រេចចិត្តមករស់នៅស្រុកខ្មែរនៅឆ្នាំ ២០១២។ កាលនោះខ្ញុំមិនសូវឃើញមានកីឡាករខ្មែរឡើងទៅប្រកួតលើឆាកអន្តរជាតិច្រើនទេ អញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តមកស្រុកខ្មែរ ដើម្បីបង្ហាត់បង្រៀនកីឡាប្រដាល់ និងវាយក្នុងទ្រុង (MMA) ដល់ក្មេងៗ និងកីឡាករស្រុកខ្មែរយើង ដើម្បីនាំពួកគាត់ទៅប្រកួតនៅក្រៅប្រទេស។ ខ្ញុំចង់ឲ្យពិភពលោកដឹងថាកីឡាករស្រុកខ្មែរក៏មានសមត្ថភាពខ្លាំងដែរ និយាយទៅគឺខ្ញុំចង់លើកស្ទួយពួកគាត់។ ខ្ញុំឃើញក្មេងៗជាច្រើនគាត់ចង់ហាត់កីឡានេះ តែគាត់អត់មានលុយ។ អីចឹងខ្ញុំនៅអាមេរិកនោះក៏លក់របស់ទ្រព្យខ្ញុំនៅទីនោះ ដើម្បីយកមកបើកក្លឹបប្រដាល់នៅស្រុកខ្មែរនេះ។ វាមិនត្រឹមតែជាក្លឹបប្រដាល់ទេ តែខ្ញុំបានទទួលក្មេងៗដែលមានជីវភាពខ្វះខាត និងស្រឡាញ់វិស័យនេះ ឲ្យមកស្នាក់នៅ បានហាត់រៀនប្រដាល់ និងដើម្បីបានទៅសាលារៀនផងដែរ ហើយបើពួកគេមិនទៅរៀនគឺខ្ញុំមិនទទួលឲ្យស្នាក់នៅទេ។
ខ្ញុំមិនដែលគិតថានេះជាក្លឹបអាជីវកម្មរបស់ខ្ញុំឡើយ តែវាជាផ្ទះរបស់ខ្ញុំ ជាកន្លែងដែលខ្ញុំជួយក្មេងៗជាច្រើនទៀត។ ខ្ញុំស្នាក់នៅ និងបាយទឹកជាមួយកូនសិស្សទាំងអស់នេះ។ វាមានភាពលំបាកច្រើន តែខ្ញុំមិនដែលគិតពីវាឡើយ គឺគិតតែពីធ្វើយ៉ាងណាឲ្យវាដើរទៅមុខ។ សព្វថ្ងៃនេះក្រៅពីកូនសិស្សខ្មែរ និងបរទេសដែលមកហ្វឹកហាត់តាមម៉ោង មានកូនសិស្ស ១០ នាក់មករស់នៅទីនេះ ទាំងការហូបចុក ទាំងការទៅរៀន គឺនៅក្រោមការផ្គត់ផ្គង់របស់ខ្ញុំទាំងអស់ ហើយពួកគាត់ដូចជាកូនៗរបស់ខ្ញុំទៅហើយ។ ចំណូល វាមិនគ្រប់នឹងជួលកន្លែងផង តែដោយក្តីស្រឡាញ់ និងចង់ជួយក្មេងៗទាំងអស់នោះចេះតែឆ្លៀតទៅរកបន្ថែម ដោយបង្ហាត់គេជាលក្ខណៈឯកជន ឬធ្វើជាខោអាវប្រដាល់សម្រាប់លក់ទៅឲ្យគេនៅក្រៅប្រទេស ហើយពេលខ្លះមានគេហៅទៅថតកុន ដោយធ្វើជាតួឲ្យគេវាយក៏មានដែរ។ ពេលខ្លះក្នុងនាមជាគ្រូធំម្នាក់ ខ្ញុំរាងតូចចិត្តដែរ ដែលត្រូវធ្វើបែបនេះ តែដើម្បីក្មេងដែលរស់នៅកន្លែងខ្ញុំ ខ្ញុំមិនរាថយឡើយ។
ខ្ញុំមិនដែលស្តាយក្រោយចំពោះការលះបង់របស់ខ្ញុំមកជួយខ្មែរនៅទីនេះឡើយ។ មានគេសួរខ្ញុំថាពេលណាត្រលប់ទៅវិញ ខ្ញុំតែងប្រាប់គេវិញថា ខ្ញុំមិនទៅណាទេ ខ្ញុំស្រឡាញ់ទឹកដីខ្មែរ ខ្ញុំចង់ជួយខ្មែរ និងរស់នៅទីនេះដល់ស្លាប់។ ខ្ញុំសង្ឃឹមថាក្មេងៗជំនាន់ក្រោយ នឹងឃើញអ្វីដែលខ្ញុំបានធ្វើ ហើយគាត់នឹងបន្តជួយដល់ក្មេងៗជំនាន់ក្រោយទៀត។»
លោក ហ៊ុន ច័ន្ទរាជ អាយុ 30 ឆ្នាំ ជាគ្រូបង្វឹក និងជាម្ចាស់ក្លឹប Cambodian Top Team ដែលរួមមានផ្នែកគុនខ្មែរ ល្បុកតោ និងក្បាច់គុនចម្រុះ MMA។


#រឿងខ្ញុំ #MyStory #ក្លាហាន9 #Klahan9

No comments