ឆ្ងល់អត់! ហេតុអី គេដាក់រូបសំណាក់ខ្លានៅតាមមាត់ទ្វារអគារអត់?
រូបសំណាក ខ្លាដែលគេនិយមដាក់តាមមាត់ទ្វារផ្ទះ ត្រូវបានប្រជាពលរដ្ឋ មានជំនឿអុជធូប សែនព្រេន បន់ស្រន់ ក្នុងឱកាសពិធីណាមួួយ។ តើរូបសំណាកខ្លា នេះមានប្រវត្តិយ៉ាងណា ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿយ៉ាងដូច្នេះ?
សម័យបុរាណរបស់ចិន មាន កើតកលយុគផ្សេងៗ ដែលនាំទុក្ខទុរភិក្ស គ្រោះរាំងស្ងួត មានចោរកម្មផ្សេងៗ ដល់ប្រជានុរាស្ត្រ។ នៅពេលនោះ ទេវតាឋានលើបាននិមិត្តមកឃើញហេតុដូច្នេះ ក៏បានបញ្ជូន ទេវតាខ្លា ចុះមកឋានកណ្ដាល។
នៅពេលដែលឧបទ្រព បិសាច គ្រោះកាចផ្សេងៗ បានឃើញទេវតាខ្លា ក៏រត់បាត់អស់។ កលយុគ ចោរកម្ម ក៏លែងមានតទៅទៀត ឯផលដំណាំរបស់ប្រជានុរាស្ត្រ ក៏ឃើញថាបានផលល្អ គាប់ប្រសើរ។
ដោយឫទ្ធិអំណាចនៃទេវតាខ្លា ប្រជានុរាស្ត្រក៏ចាប់ផ្ដើមជឿទុកចិត្តនឹងគោរពបូជាទេវតាខ្លានិង បានជឿជាក់ថាទេវតាខ្លាជាសភាវៈ មានអំណាចជួយកម្ចាត់គ្រោះកាច នាំមកនូវតែសេចក្ដីសុខសេចក្ដីចម្រើន គ្រប់ៗគ្នា។
ប្រជានុរាស្ត្រក៏បានសង់រូបសំណាក់តំណាង ទេវតាខ្លា តាមភូមិនឹងនាំគ្នា អុជធូបបន់ស្រន់សុំសេចក្ដីសុខ សុភមង្គល។ ប្រជាជនចិនក៏មានជំនឿទៀតថា កាលណាឆុងឆ្នាំគេតែងតែ យកដង្វាយ មានដូចជាសាច់ជ្រូកបីជាន់ ពងទា និង យៀវហ៊ឺ និងបន់ស្រន់សុំឱ្យគ្រោះកាចដែលមាននៅឆ្នាំនេះ រលាយអស់ ដោយឫទ្ធិអំណាចនៃ ទេវតាខ្លា។
ជំនឿបែបនេះក៏បានសាយភាយពីនគរមួយ ទៅនគរមួយ រហូតមកដល់ប្រទេសខ្មែរ។ រហូតមកដល់ពេលនេះ ជនជាតិចិន ដែលមកលេងវត្តភ្នំ និង ជនជាតិខ្មែរជាប់ខ្សែចិនតែងមកឧបកិច្ចកាត់គ្រោះឆុង នៅមុខទេវតាខ្លា។
តែឈ្មួញរកស៊ី មួយចំនួនក៏បាន សង់រូបសំណាក់ទេវតាខ្លា នៅមាត់ទ្វារអគារជំនួញរបស់គេ ដើម្បីសុំសេចក្ដីសុខសប្បាយ ត្រជាក់ត្រជំដល់ការធ្វើជំនួញរបស់គេផងដែរ៕
Post a Comment