បងប្អូនខ្មែរច្រើនណាស់មិនបានដឹង!! ស្នាដៃធំៗទាំងនេះហើយ ធ្វើឲ្យរដ្ឋមន្ត្រី ៣រូប មានប្រជាជនគោរពស្រលាញ់ច្រើនបំផុត
ដោយសារបណ្ដាញសង្គមកាន់តែទូលំទូលាយ ធ្វើឲ្យការបញ្ចេញមតិរបស់ប្រជាជនខ្មែរ ក៏កាន់តែបានប្រសើរជាងមុន។ ទន្ទឹមនឹងមានការរិះគន់លើសេវាសាធារណៈនានា ក៏មានប្រជាជនជាច្រើននាំគ្នាសរសើររដ្ឋមន្រ្តី ៣រូប មិនដាច់ពីមាត់ បន្ទាប់ពីសម្រេចស្នាដៃធំៗជាច្រើន។
១. ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់
ឯកឧត្ដម ជា សុផារ៉ា ត្រូវបានប្រជាជនមួយចំនួន ដាក់ឈ្មោះថា “មន្ត្រីមុខដែក” បន្ទាប់ពីដោះស្រាយវិវាទដីធ្លីធំៗជាច្រើន ក្រោយពេលលោកកាន់តំណែងជាផ្លូវការបន្តពីឯកឧត្ដមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម នៅខែមេសា ឆ្នាំ២០១៦។ ឯកឧត្តម ជា សុផារ៉ា ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអតីតអភិបាលរាជធានីភ្នំពេញ ដែលធ្លាប់លុបបំបាត់វិវាទជាច្រើន ទើបមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា។
ឯកឧត្តម ជា សុផារ៉ា កាន់តែមានឈ្មោះបោះសំឡេង បន្ទាប់ពីប្រកាសវាយកម្ទេចសំណង់ណាហ្គា ដែលលយមកលើចំណីផ្លូវសាធារណៈ។ ក្រោយមកលោកបានបញ្ជា ឲ្យរុះរើ និងវាយបំបែករបងស៊ីម៉ងត៍របស់លោកស្រីឧកញ៉ា ស៊ុយ សុផាន នាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច និងលោកឧកញ៉ា ហេង លី នាយកក្រុមហ៊ុន ហេង លី ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋខណ្ឌច្បារអំពៅប្រើប្រាស់ជាសាធារណៈ។
ថ្មីៗនេះ លោកទើបដោះស្រាយយ៉ាងជោគជ័យ ដោយប្រើយុទ្ធសាស្ត្រឈ្នះៗ ក្នុងការផ្ដល់សំណងជូនប្រជាពលរដ្ឋនៅប៊ូឌីញ ដើម្បីចាកចេញទៅរកទីលំនៅថ្មី យកទីតាំងនេះសាងសង់អគារជាការអភិវឌ្ឍរាជធានី។ សំណង ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជូនពលរដ្ឋប៊ូឌីញ និងការសម្រុះសម្រួល បានធ្វើឲ្យពួកគេចាកចេញដោយសន្តិវិធី គ្មានហិង្សា រហូតឯកឧត្ដមជប់លៀងនំបញ្ចុក ២តោនផងដែរ។
២. ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវប្រជាជនមើលឃើញថា ជារដ្ឋមន្ត្រីសកម្មបំផុត បន្ទាប់ពីទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ៦ មេសា ឆ្នាំ២០១៦ បន្តពីឯកឧត្តម ត្រាំ អ៊ីវតឹក។ មុនផ្លាស់មកក្រសួងសាធារណការនេះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ពេលចូលកាន់តំណែងភ្លាម ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសឲ្យប្រជាពលរដ្ឋសកម្មជាមួយបច្ចេកវិទ្យា ដោយផ្ញើបញ្ហាផ្សេងៗតាមបណ្ដាញសង្គម ដើម្បីឲ្យក្រសួងជួយដោះស្រាយបញ្ហាផ្លូវ និងប្រព័ន្ធគមនាគមន៍ផ្សេងៗ។ ក្រោយមក លោកបានប្ដូរការជួសជុល និងសាងសង់ផ្លូវក្នុងរាជធានីភ្នំពេញ ពីពេលថ្ងៃទៅពេលយប់វិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ចំណែកសេវាសាធារណៈ លោកបានធ្វើឲ្យប្រជាជនកោតសរសើរយ៉ាងខ្លាំង ដោយសារសម្រេចសមិទ្ធផលមួយចំនួនដូចជា ចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្ដល់បណ្ណបើកបរយានយន្ត គឺធ្វើតាមប្រព័ន្ធអនឡាញទាំងអស់ ព្រមទាំងការបង្កើត App រៀនទ្រឹស្ដី និងច្បាប់ចរាចរណ៍ផងដែរ។
ក្រៅពីនេះ ឯកឧត្តម នៅមានគម្រោងក្នុងការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត តាមផ្លូវជាតិលេខ១។ ចំណែកផ្លូវដែកវិញ គ្រោងជួសជុលផ្លូវពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីដំណើរការឆាប់ៗខាងមុខ រួមទាំងគម្រោងសេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកផងដែរ។
៣. ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ត្រូវអ្នកសិក្សាជាច្រើនមើលឃើញថា ជាមន្ត្រីមានចំណេះដឹងខ្ពង់ខ្ពស់ និងអាចកែប្រែវិស័យអប់រំនៅកម្ពុជាឲ្យរីកចម្រើនជាងមុន។ ឯកឧត្តម បានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៣ បន្តពីឯកឧត្ដម អ៊ឹម សិទ្ធី ដែលពេលនោះមានបញ្ហាជាច្រើនកំពុងកើតឡើង។
ភ្លាមៗបន្ទាប់ពីឡើងកាន់ដំណែង ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានដាក់ចេញនូវផែនការសកម្មភាពអប់រំអាទិភាពចំនួន៨ចំណុច។ ទី១៖ បង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាអប់រំ។ ទី២៖ ពង្រឹងការគ្រប់គ្រងបុគ្គលិក។ ទី៣៖ ពង្រឹងការប្រឡងគ្រប់ប្រភេទ។ ទី៤៖ កែទម្រង់ឧត្តមសិក្សា។ ទី៥៖ អភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេសនិងជំនាញទន់។ ទី៦៖ អនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទី៧៖ បង្កើតធនាគារខួរក្បាលវិស័យអប់រំ។ និងអាទិភាពទី៨៖ កែទម្រង់ការអប់រំកាយនិងកីឡា។
អ្វីដែលធ្វើឲ្យសាធារណមតិ ភ្ញាក់ផ្អើលបំផុត គឺកំណែទម្រង់ស៊ីជម្រៅ លើការប្រឡងបាក់ឌុប ដែលមិនអនុញ្ញាតឲ្យមានការសូកលុយដាច់ខាត ហើយនៅឆ្នាំ២០១៤ សិស្ស ៧៥ភាគរយបានប្រលងធ្លាក់ រហូតបង្កើតការប្រលងលើកទី២។ ឆ្នាំ២០១៥ និងឆ្នាំ២០១៦ សិស្សបាក់ឌុប បានខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយអំពើពុករលួយគ្រប់រូបភាព ត្រូវបានលុបបំបាត់យ៉ាងមានប្រសិទ្ធិភាព។
តាំងពីឆ្នាំ២០១៣ ក្រសួងបានពង្រឹងគុណភាពគ្រូ និងជ្រើសរើសគ្រូបន្ថែមដើម្បីបំពេញសេចក្ដីត្រូវការ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ប្រាក់ខែគ្រូបង្រៀនបានឡើងស្រឺតៗពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកកម្មវិធីបង្រៀនក៏សម្បូរបែបជាងមុន ធ្វើឲ្យសិស្សកាន់តែមានសមត្ថភាព៕
Post a Comment