ពិតជាមិនធម្មតា ប្រព័ន្ធការពារ រថយន្ត Limousine របស់លោកត្រាំដែលអ្នកមិនដែលដឹង...
ខាងក្រោមនេះជាចំណុចពិសេសទាំង ៨ ដែលយើងគួរដឹងពីរថយន្ដ Limousine របស់លោកត្រាំ៖
១. តម្លៃលើការស្រាវជ្រាវផលិតនិងរចនាខ្ពស់កប់ពពក៖
រថយន្ដនេះត្រូវបានគេដាក់ក្នុងគម្រោងស្រាវជ្រាវផលិតនិងរចនាជាច្រើនឆ្នាំមកហើយ ដោយជាបន្ទុករបស់ក្រុមហ៊ុន General Motor។
ក្រុមហ៊ុននេះបានចំណាយប្រមាណ ១៥ លានដុល្លារដោយនេះគិតតែលើការស្រាវជ្រាវនិងអភិវឌ្ឍតែមួយមុខ។
២. សមត្ថភាពមិនចាញ់រថក្រោះ៖
រថយន្តនេះមានភាពរឹងមាំមិនចាញ់រថក្រោះដោយទ្វាររថយន្តមានកម្រាស់ដល់ ២០ សង់ទីម៉ែត្រ កញ្ចក់អាចរារាំងគ្រាប់កាំភ្លើង ប្រភេទ A.44 Magmum តួខ្លួនពាសដែកកម្រាស់ ១២.៧សង់ទីម៉ែត្រ និង បាតរថយន្តពាសដោយដែកដែលអាចការពារប្រធានាធិបតីពីគ្រាប់បែកបង្កៃបាន។
លើសពីនេះធុងប្រេងឥន្ធនៈក៏ពាសដែកដែរ ដោយវាមានផ្ទុកនូវសារធាតុ Foamពិសេស។ ក្នុងករណីមានការធ្លុះធ្លាយកន្លែងណាFoam នោះនឹងទៅបិទផ្ចិតរន្ធនោះភ្លាម។
៣. តម្លៃរថយន្ដនិងប្រេងឥន្ធនៈខ្ពស់ហួសថ្លែង៖
ការផលិតរថយន្តនីមួយៗរបស់ប្រធានាធិបតីត្រូវចំណាយ ១.៥ លានដុល្លារ។ចំណែកប្រេងឥន្ធនៈវិញស៊ីដូចទឹកដោយ ១០០ គីឡូម៉ែត្រចំណាយអស់ដល់ទៅ ៥៨.៨ លីត្រឯណោះ។
៤. ល្បឿនមិនសូវស្ទុះតែអ្នកបើកមានជំនាញខ្លាំង៖
ដើម្បីបង្កើនសន្ទុះដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង រថយន្ដនេះត្រូវប្រើពេលដល់ទៅ ១៥ វិនាទីឯណោះ ដោយសារតែវាធ្ងន់ខ្លាំង។ ប៉ុន្តែអ្នកបើកបរដែលជាភ្នាក់ងារសម្ងាត់បានទទួលការហ្វឹកហាត់ដ៏ពិសេស ដូចនេះគេអាចធ្វើឲ្យរថយន្តដ៏ធ្ងន់នេះបើកលឿនទាន់ចិត្តបាន។
វគ្គបើកបរពិសេសដែលតៃកុងបានឆ្លងកាត់ក៏អាចឱ្យគេអាចបញ្ជារថយន្តចេញពីស្ថានភាពគ្រោះថ្នាក់បានគ្រប់ពេល។
៥. បើកបរជាក្រុមដើម្បីបង្វែងដាន៖
នៅក្នុងក្បួនដង្ហែនីមួយៗយើងអាចឃើញមានរថយន្ត Limousineនេះប្រហែល៣ គ្រឿងដោយគេប្រើវាសម្រាប់ដឹកបុគ្គលសំខាន់ៗក្រៅពីប្រធានាធិបតី និងកងអង្គរក្ស។
ហើយអ្វីដែលសំខាន់ប្រើជាការបង្វែងដានកុំឱ្យអ្នកវាយប្រហារដឹងថារថយន្ដណាមួយដែលប្រធានាធិបតីស្ថិតនៅ។ ពេលដែលរថយន្តដូចគ្នាបង្ហាញខ្លួនក្នុងពេលតែមួយ នោះឃាតកមិនអាចកំណត់បានទេថារថយន្តមួយណាដែលដឹកប្រធានាធិបតីនោះ។
៦. រថយន្ដនេះដើរតាមលោកត្រាំគ្រប់ប្រទេស៖
ពេលដែលប្រធានាធិបតីធ្វើដំណើរទៅកាន់ប្រទេសណាមួយ រថយន្តនេះតែងត្រូវគេដឹកតាមយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកទៅដល់គោលដៅមុន ដើម្បីត្រៀមសម្រាប់ការទៅដល់របស់លោកត្រាំ។
៧. មិនដែលបើកបរដោយគ្មានក្បួនឡើយ៖
ក្បួនដង្ហែប្រធានាធិបតីអាមេរិកតែងមានការចូលរួមពីក្បួនរថយន្តយ៉ាងតិចបំផុត ១០ គ្រឿងដើម្បីធានាសុវត្ថិភាពខ្ពស់។ ប្រសិនបើស្ថិតនៅតំបន់ឬប្រទេសដែលគេមិនសូវទុកចិត្តនោះ ក្បួនដង្ហែកាន់តែធំដោយអាចមានការចូលរួមពីរថយន្ត ៤០ គ្រឿង បូករួមនឹងម៉ូតូធំៗជាច្រើនគ្រឿងទៀត។
៨. មុខងារការពារទំនើបៗ៖
រថយន្ដនេះមានកាមេរ៉ាសម្រាប់មើលពេលយប់ ឧបករណ៍ពន្លត់អគ្គីភ័យ គ្រាប់បែកបង្ហូរទឹកភ្នែក និងអាចទប់ទល់នឹងការវាយប្រហារដោយសារធាតុគីមីទៀតផង៕
Post a Comment