ថាមែន! បែក​ធ្លាយ​ស្នេហាស៊ីជម្រៅរវាង ខ្ញុង និង នាយ កៃដ



នាង ខ្ញុង និង នាយ កៃដ ត្រូវ​​បាន​ប្រភព​​គួរឲ្យ​ទុកចិត្ត​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា អ្នក​ទាំងពីរ​កំពុងតែ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​បាន​នាងខ្ញុង​ប្រកែក​ថា មិន​ពិត​នោះ​ទេ។

ប្រភព​ខាង​លើ​បាន​​ឲ្យដឹង​ថា ស្នេហារវាង​ ខ្ញុង និង នាយ កៃដ មិនមែន​ទើបតែ​កើត​ឡើងឡើយ ​ពោល​គឺ​បាន​កើត​ឡើង​ប្រហែល​ជិត​២ឆ្នាំ​មក​នេះ ។ "ពីរនាក់​ហ្នឹងស្រលាញ់​គ្នា តាំង​ពី​នាយ​កៃដ លែង​លះ​ប្រពន្ធ​មក​ម្ល៉េះ ប្រហែល​២ឆ្នាំ​មក​ហើយ នៅ ​CTN អ្នក​ណា​ក៏​ដឹង​ដែរ"។ ប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​បញ្ជាក់។




ប្រភព​ដដែល​បាន​​​វាយ​តម្លៃ​ថា ការ​លែងលះ​ប្រពន្ធ​ដើម​របស់​នាយ​កៃដ អាច​ជាប់​ទាក់ទង​នឹង​ស្នេហ៍​ខាង​លើ ប៉ុន្តែ​ប្រភព​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ​ឡើយ គ្រាន់​តែ​ប្រាប់​ថា នាយ​ កៃដ ​ក្រោយ​ពី​ចែក​ផ្លូវ​ជា​មួយ​ប្រពន្ធ​ដើម បច្ចុប្បន្ន​កំពុង​ចិញ្ចឹម​កូន​ស្រី​ម្នាក់​​​មាន​អាយុ​ស្របាល​នឹង​កូន​ប្រុស នាង​ខ្ញុង។


ប្រភព​​ខាង​លើ​រាយការណ៍​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា ទំនាក់ទំនង​​ស្នេហា​រវាង​​ពោះ​ម៉ាយ​កូន​១ និង មេម៉ាយ​កូន​១ ដែល​ជា​​តារា​​កំប្លែង​ក្នុង​ទ្រនំ​ជា​​គ្នា​នេះ អ្នក​ទាំង​ពីរ​បាន​ថែម​ទាំង​បោះ​ទុនរក​ស៊ី​ជា​មួយ​គ្នា​ថែម​ទៀត​ផង ដោយ​បច្ចុប្បន្ន​​កំពុងតែ​រក​ស៊ី​ទទួល​ធ្វើ​ម្ហូប​ការ កាត់​សក់ និងមាន​ជួល​ភ្លេង​ខ្មែរ- សម័យ​រួម​គ្នា​។ ជាង​នេះ​ទៅទៀត​ ចាស់​ទុំ​ទាំង​សង​​ខាងបាន​ដឹង​ឮ​អស់​ហើយ​ផង​ដែរ ត្បិត​អី​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្ដង នាយ ​កៃដ តែងតែ​មាន​អ៊ីវ៉ាន់ជូន​ដល់​ឪពុក​ម្ដាយ​ខាង​នាង​ខ្ញុង​មិនដាច់​ឡើយ ដូច​កាល​បុណ្យ​ភ្ជុំបិណ្ឌ​​កន្លង​ផង​ទៅ​ជា​ដើម។



​ជុំ​វិញ​ការ​លើ​កឡើង​នេះ ​នាយ​កៃដ វិញ មិន​អាច​ស្នើ​សុំ​ការ​បក​ស្រាយ​បាន​ឡើយ ចំណែកនាងខ្ញុង វិញ​បាន​ប្រកែក ដោយ​នាង​លើក​ឡើង​ថា ទំនាក់ទំនង​អ្នកទាំង​ពីរតាំង​ពី​ដើម​ទី​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​ត្រឹម​តែ​ជា​មិត្ត​​រួម​អាជីព​ក្នុង​ក្រុម​តែ​ប៉ុណ្ណោះ មិន​​ឈាន​ដល់​ស្នេហា​ដូច​ការ​លើក​ឡើង​ឡើយ។" បង​អើយ​ឲ្យ​តែ​ខ្ញុំ​ថត​ជា​មួយ​គ្នា​ដឹង​ថា មាន​ស្នេហ៍​​ជា​មួយគ្នា កាល​ជា​មួយ​ពែក​មី ឡើង​វិល​មុខ​​​រឿង​ហ្នឹង​ហើយ លូវ​ដល់​នាយ​កៃ​ដ​ទៀត​ អត់​មាន​ទេ​បង" ខ្ញុង​ថ្លែង​បញ្ជាក់។


ជា​មួយ​​នឹង​ការ​ប្រកែក​នេះ អ្នកនាង​ខ្ញុង​​​បាន​ទទួល​ស្គាល់​​ត្រង់​ចំណុច​មួយថា អ្នក​ទាំង​ពីរ​ពិត​ជា​បាន​រកស៊ី​រួម​គ្នា​ពិតមែន គឺ​ទទួល​ធ្វើ​ម្ហូប​ការ កាត់​សក់ និងមាន​ជួល​ភ្លេង​ខ្មែរ-សម័យ ជា​ដើម ។ នាង​បញ្ជាក់​បន្ថែម​ថា កាល​ដែល​នាង ​និង​នាយ​កៃដយក​អីវ៉ាន់​ទៅ​ជូន​ដល់អ្នកមាន​គុណ​នាង កាល​ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​​កន្លង​ទៅ គឺ​​គ្រាន់​តែការ​​រាប់អាន​គ្នាក្នុង​នាម​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ប៉ុណ្ណោះ។



ទោះ​បី​ជា​​មាន​ការ​ប្រកែក​បែប​នេះ​ក្ដី​លោក សុវណ្ណ រិទ្ធី ហៅ​តាវិចទ័រ ដែល​ជា​​អ្នក​គ្រប់គ្រងក្រុម​តារា​កំប្លែង​នេះ បាន​​ព្រលយ​ថា បើ​មើល​កាយវិការ​អ្នក​ទាំង​​២ គឺ​ច្បាស់​ណាស់​ទៅ​ហើយ តែ​តាវិទ័រ សូម​មិន​លូកដៃ​រឿង​ស្នេហ៍​នេះ​ឡើយ ដោយ​លោក​រង់​ចាំ​ធ្វើ​តែ​ជា​ចាស់​ទុំ​ប៉ុណ្ណោះ ត្បិត​អី​ស្នេហ៍​សម័យ​បច្ចុប្បន្ន​គ្មានអ្នក​ណា​បង្ខំ​អ្នក​ណា​ឡើយ៕

No comments