​ស្ទើរ​ឆ្កួត​ពេល​ប្ដី​នាំ​ស្រី​ថ្មី​មក​សុំ​លែង​លះ តែ​១០​ឆ្នាំ​ក្រោយ​កាន់​​តែ​​រន្ធត់​​ចិត្ត​​ក្រោយ​​ដឹង​​ថា...

យប់មួយ ប្ដីសួរប្រពន្ធថា៖ “អ្វីទៅដែលធ្វើឲ្យមនុស្សស្រីមានទុក្ខបំផុត?”
ប្រពន្ធឆ្លើយ៖ “ការបែកពីមនុស្សដែលខ្លួនស្រឡាញ់”
ប្ដីសួរបន្ត៖ “ហើយអ្វីដែលធ្វើឲ្យមនុស្សស្រីមានក្ដីសុខបំផុត?”
ប្រពន្ធឆ្លើយ៖ “ការ​បាន​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់​ដូចជា​ពេល​នេះ អូន​បាន​គេង​កើយ​ស្មា​បង​រាល់​ថ្ងៃ”ទឹក​ភ្នែក​របស់​បុរស​ជា​ប្ដី​ក៏​ចាប់​ផ្ដើម​ស្រក់​មក ក្នុង​យប់​ដ៏​ងងឹត​នោះ។ គេ​លួច​ជូត​ទឹក​ភ្នែក​ស្ងាត់ៗ រួច​សួរ​បន្ត​ថា៖ “ចុះ​អូន​ដឹង​ទេ ថា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ក្ដី​សុខ​បំផុត និង​មាន​ទុក្ខ​បំផុត?”
នារីប្រពន្ធគ្រវីក្បាល។
ប្ដី​ក៏​និយាយ​បន្តថា៖ “ក្រៅ​ពី​ឪពុក​ម្ដាយ ក្ដី​សុខ​ធំ​បំផុត​របស់​មនុស្ស​ប្រុស​គឺ​ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​​មាន​ក្ដី​សុខ​បាន​មួយ​ជីវិត ចំណែក​ក្ដី​ទុក្ខ​បំផុត​នោះ​ គឺ​ការ​ដែល​មិន​បាន​រស់​នៅ​ជាមួយ​នាង”។ ប្រពន្ធ​សំឡឹង​មើល​មុខ​ប្ដី​ដោយ​មិន​ដឹង​រឿង​អ្វី​ទាំង​អស់។
ថ្ងៃ​បន្ទាប់​មក បុរស​ជា​​ប្ដីក៏​ប្រាប់​ប្រពន្ធ​ថា​គេ​ត្រូវ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ ហើយ​មិន​ឲ្យ​ប្រពន្ធ​ជូន​ដំណើរ​នោះ​ទេ។ មួយ​ខែ​ក្រោយ​មក គេ​ក៏​ត្រលប់​មក​វិញ ថែម​ទាំង​នាំ​មនុស្ស​ស្រី​មុខ​មាត់​ស្អាត​ម្នាក់​មក​ជាមួយ​ផង។
ប្រពន្ធ​សំឡឹង​មើល​មុខ​នារី​ម្នាក់​នោះ ហើយ​ក៏​សួរ​ថា​ជា​មិត្ត​រួម​ការងារ​ជាមួយ​គ្នា​មែន​ទេ។ ប្ដី​សំឡឹង​មើល​កែវ​ភ្នែក​ដ៏​ភ័យ​ខ្លាច​របស់​ប្រពន្ធ​រួច​ឆ្លើយ​ថា៖ “ទេ នេះ​ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រឡាញ់”។
ប្រពន្ធ​ចាប់​ផ្ដើម​ស្លេក​ស្លាំង ស្រក់​ទឹក​ភ្នែក។ បុរស​ជា​ប្ដី​រាង​ទន់​ចិត្ត ចង់​ប្រាប់​នាង​រឿង​មួយ ប៉ុន្តែ​ក៏​សុខ​ចិត្ត​​មិន​និយាយ រួច​ហើយ​និយាយ​ជាមួយ​នាង​ដោយ​សម្ដី​ទន់​ភ្លន់​ថា៖ “យើង​បែក​គ្នា​ទៅ”។
មនុស្ស​ស្រី​ដែល​គេ​នាំ​មក​ជាមួយ​នោះ​ក៏​និយាយ​ថា៖ “ខ្ញុំ​គឺជា​​មនុស្ស​ស្រី​ដែល​គាត់​ស្រឡាញ់ មិន​មែន​នាង​នោះ​ទេ”។ រួច​ហើយ​នារី​ស្រស់​ស្អាត​ម្នាក់​នោះ​ក៏​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​បាត់​ទៅ។ ប្រពន្ធ​និយាយ​ដោយ​ហាក់​មិន​ជឿ​អ្វី​ដែល​ខ្លួន​បាន​ឃើញ៖ “បង​ធ្លាប់​ប្រាប់​ថា ស្រឡាញ់​ខ្ញុំ​មួយ​ជីវិត ម៉េច​ក៏...”
ប៉ុន្តែ​ទី​បំផុត​នាងក៏សុខចិត្តរៀបចំអីវ៉ាន់​ចាក​ចេញ​ពី​ផ្ទះ។ មុន​ចាក​ចេញ​ទៅ​នាង​បាន​ហុច​ថ្នាំ​បំបាត់​ឈឺ​ពោះ​កំប៉ុង​ថ្មី​ឲ្យ​ប្ដី និង​និយាយ​ថា៖ “ខ្ញុំ​ទិញ​មក​ឲ្យ​បង កុំ​ភ្លេច​លេប​ផង”។ បុរស​ជា​ប្ដី​ធ្វើ​ជា​នៅ​ស្ងៀម ងើយ​មុខ​មើល​ទៅ​ពិតាន ចំណែក​ប្រពន្ធ​និយាយ​បណ្ដើរ​យំ​បណ្ដើរ៖ “មិន​ប៉ុន្មាន​ថ្ងៃ​ផង ហេតុអី​ក៏​បង​ផ្លាស់​ប្ដូរ​ខ្លាំង​យ៉ាង​នេះ? បង​ដូច​ជា​មនុស្ស​ថ្មី​ទៅ​ហើយ។” ​ និយាយ​ចប់ នាង​ក៏​បើក​ទ្វារ​ចេញ​ពី​ផ្ទះ​ទៅ។ បុរស​ជា​ប្ដី​យក​ដៃ​ខ្ទប់​មាត់​ខ្លួន​ឯង ទាំង​ទឹក​ភ្នែក​ស្រក់​មក​មិន​ឈប់។ នារី​ស្រស់​ស្អាត​ម្នាក់​នោះ​ក៏​យក​កូន​កន្សែង​មក​ឲ្យ​គេ​ជូត​ទឹក​ភ្នែក រួច​និយាយ​ថា៖ “ទៅ​តាម​នាង​ទៅ ទៅ​តាម​ប្រាប់​ការ​ពិត​ដល់​នាង”។ បុរស​ប្ដី​គ្រវី​ក្បាល។
បីខែ​ក្រោយ​មក អ្នក​ទាំង​ពីរ​ក៏​ទៅ​ធ្វើ​សំបុត្រ​លែង​លះ​គ្នា រួច​ហើយ​បុរស​ជា​ប្ដី​ក៏​បាត់​ខ្លួន​ចាប់​ពី​ពេល​នោះ។
ការ​ពិត​ទៅ​ពេល​នោះ ជំងឺ​មហា​រីក​ក្រពះ​របស់​បុរស​ប្ដី​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​ រាល់​ថ្ងៃ​គេ​ត្រូវ​លេប​ថ្នាំ​ដើម្បី​បន្ត​ជីវិត។ គ្រប់​ពេល​ដែល​ជំងឺ​នេះ​រើ​ឡើង គេ​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​រហូត​លែង​ចង់​រស់ ចំណែក​នារី​ស្រស់​ស្អាត​ម្នាក់​នោះ​គឺ​ជាគ្រូពេទ្យ​ព្យាបាល​គេ​ប៉ុណ្ណោះ។
បុរស​ស្វាមី​និយាយ​ថា៖ “នាង​នឹង​រីករាយ​​ក្នុងការ​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​ព្យាបាល​ខ្ញុំ តែ​មាន​ប្រយោជន៍​អី​ទៅ ខ្ញុំ​សុខចិត្ត​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នាង​ក្នុង​ពេល​នេះ រួច​ហើយ​ចាក​ចេញ​ដោយ​ស្ងប់​ស្ងាត់​ល្អ​ជាង”។
គេ​គេង​ទាំង​រង​ទុក្ខ​វេទនា​នៅ​លើ​គ្រែ​​អ្នក​ជំងឺ គេង​មមើ​នឹក​ដល់​ឈ្មោះ​ប្រពន្ធ​មិន​បាត់​ពី​មាត់។ អ្នក​គ្រូពេទ្យ​សួរ​គេ​ថា​ នៅ​មាន​អ្វី​ដែល​ជាប់​ជំពាក់​ក្នុង​ចិត្ត​គេ​ទៀត​ដែរ​ឬ​ទេ។ គេ​និយាយ​ថា ចង់​ជួប​មុខ​ភរិយា​ម្ដង​ទៀត​ជា​លើក​ចុង​ក្រោយ។
អ្នក​គ្រូពេទ្យ​ឲ្យ​មនុស្ស​ទៅ​តាម​រក​នាង ប៉ុន្តែ​នាង​ក៏​មិន​បាន​នៅ​ទីក្រុង​ទៀត​ឡើយ។ គ្មាន​អ្នកណា​ដឹង​ថា​នាង​ផ្លាស់​ទៅ​រស់​នៅ​ទីណា​នោះ​ទេ។ ១០​ឆ្នាំ​កន្លង​មក នារី​ប្រពន្ធ​ក៏​បាន​ជួប​នឹង​មនុស្ស​ដែល​ស្រឡាញ់​នាង ហើយ​នាង​ក៏​យល់​ព្រម​ស្រឡាញ់​គេ ហើយ​ពួកគេ​ថែម​ទាំង​មាន​កូន​តូច​ម្នាក់​ជាមួយ​គ្នា​ផង។ ​ ថ្ងៃ​មួយ​នាង​បាន​ត្រលប់​មក​ទី​កន្លែង​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​នាង​ខ្ទេចខ្ទាំ​ម្ដង​ទៀត ហើយ​ទី​បំផុត​នាង​ក៏​បាន​ជួប​នឹង​នារី​ស្រស់​ស្អាត​នោះ​ជា​ថ្មី។ អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ​ស្រាប់​តែ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ដែល​បាន​ជួប​នាង ដោយ​មិន​បាន​និយាយ​អ្វី មុន​នឹង​នាំ​នាង​ទៅ​កាន់​ទី​កន្លែង​ដ៏​ស្ងប់ស្ងាត់​មួយ​កន្លែង រួច​ក៏​ចង្អុល​ទៅ​ស្លាក​មួយ ​និង​និយាយ​ប្រាប់​នាង​ថា៖ “គាត់​បាន​គេង​លក់​នៅ​ទីនេះ ១០​ឆ្នាំ​មក​ហើយ”។
អ្នក​គ្រូ​ពេទ្យ​និយាយ​ថា៖ “ខ្ញុំ​គឺ​ជា​គ្រូពេទ្យ​ដែល​ព្យាបាល​ឲ្យ​ប្ដី​របស់​អ្នកស្រី​ប៉ុណ្ណោះ នៅ​ពេល​ដែល​ស្វាមី​អ្នកស្រី​​ទទួល​ការ​ព្យាបាល គាត់​ក៏​បាន​ដឹង​ថា​ខ្លួន​ឯង​រស់​នៅ​មិន​បាន​យូរ​ទៀត​នោះ​ទេ គាត់​មិន​ចង់​ឲ្យ​អ្នក​ស្រី​ត្រូវ​មក​រង​បន្ទុក​ដើម្បី​ព្យាបាល​រោគ​របស់​គាត់ និង​មិន​ចង់​ឲ្យ​អ្នកស្រី​ត្រូវ​នឹក​ដល់​គាត់​រហូត​មិន​អាច​ដើរ​បន្ត​ទៅ​មុខ​ទៀត​បាន គាត់​ក៏​សុខ​ចិត្ត​អង្វរ​ខ្ញុំ​ឲ្យ​បន្លំ​ខ្លួន​ធ្វើ​ជា​ជន​ទីបី​ក្នុង​គ្រួសារ​របស់​អ្នក​ស្រី”។
នាង​សំឡឹង​មើល​ស្លាក​មុខផ្នូរ​ប្ដី​ទាំង​ទឹក​ភ្នែកហូរ​មិន​ឈប់។ ​ រហូត​ដល់​ពេល​នេះ​ទើប​នាង​យល់​សម្ដី​របស់​ប្ដី​ដែល​និយាយ​ថា៖ “ក្ដី​សុខ​បំផុត​របស់​មនុស្ស​ប្រុស​ គឺ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​ក្ដី​សុខ​មួយ​ជីវិត ចំណែក​ក្ដី​ទុក្ខ​ខ្លាំង​បំផុត​គឺ​ការ​មិន​បាន​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់”។

ថ្នាក់​ថ្នម​ថែរក្សា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឲ្យ​បាន​ល្អ ទាន់​អ្នក​នៅ​មាន​ពេល​អាច​ធ្វើ​បាន ៕

No comments