ដឹងទេហេតុអ្វីគេមិនឲ្យកំដរការគេលើលពី3ដង?មានលក្ខណះពិសេសនិឹងរឿងមិនល្អអ្វីកើតឡើង?



តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ នៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​គេ​តែង​រក​អ្នក​កំដរ​ឱ្យ​កូន​ក្រមុំ ​និង​កូន​កំឡោះ​។ ​តាម​ទំនៀមទម្លាប់​តាំង​ពី​បុរាណ​មក ​អ្នក​កំដរ​ខាង​កូន​ក្រមុំ​តម្រូវ​ឱ្យ​មាន​ចំនួន​៣ ​នាក់​ និង​កូន​កំឡោះ​ចំនួន​ ៣​នាក់​ដូច​គ្នា ​ដើម្បី​​ធ្វើ​ជា​អ្នក​ជំនួយ​​ដល់​កូន​ក្រមុំ​កូន​កំឡោះ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​។ ​តាម​ជំនឿ​របស់​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​មក​ គេ​មិន​កូន​ចៅ​ទៅ​ធ្វើ​អ្នក​កំដរ​​លើស​ពី​៣​ដង​នោះ​ ព្រោះ​មាន​ជំនឿ​ថា ​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ជីវិត​មិន​ចេះ​ចប់​។





តាម​ការ​រៀបរាប់​របស់​លោកតា​អាចារ្យ ​ចក់ ឡាង​ ជា​អាចារ្យ​ក្នុង​ពិធី​មង្គល​ការ​ប្រាប់​ថា ​ក្នុង​មួយ​ជីវិត​មនុស្ស​ម្នាក់​មិន​ថា ប្រុស ឬ​ស្រី ​មិន​ត្រូវ​ទៅ​ធ្វើ​អ្នក​កំដរ​ការ​គេ​លើស​ពី​ ៣​ដង​នោះ​ទេ​។ ​មូលហេតុ​នេះ​​ ព្រោះ​ដូនតា​ខ្មែរ​​មាន​ជំនឿ​ថា​ ​បើ​អ្នក​ទៅ​ធ្វើ​អ្នក​កំដរ​គេ​ច្រើន​ដង​ពេក នោះ​ក្នុង​ជីវិត​​នឹង​ជួប​រឿង​អភព្វ​។ ​ចាស់​ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ មាន​ជំនឿ​ថា អាច​នឹង​អភព្វ​មិន​មាន​គូរ​នឹង​គេ ​បាន​ត្រឹម​តែ​ជា​អ្នក​កំដរ​គេ ប៉ុន្តែ​ខ្លួន​ឯង​ជា​មនុស្ស​អភព្វ​ឥត​មាន​គូរ​។ ​ដូច្នេះ​ហើយ​ទើប​ដូនតា​ខ្មែរ​មិន​ឱ្យ​ទៅ​ធ្វើ​អ្នក​កំដរ​គេ​លើស​ពី​ ៣​ដង​​ឡើយ​​។





លោកតា​អាចារ្យ ចក់ ឡាង បន្ថែម​ទៀត​ថា ​ប្រសិន​បើ​ដឹង​ខ្លួន​ឯង​ថា ធ្លាប់​ធ្វើ​អ្នក​កំដរ​ក្នុង​ពិធី​មង្គលការ​បាន​ ៣​ដង​ហើយ ​លើក​ក្រោយ​បើ​មាន​អ្នក​មក​សុំ​ឱ្យ​ទៅ​ធ្វើ​ទៀត ដាច់​ខាត​ត្រូវ​តែ​ប្រកែក​ ទោះ​ជា​មាន​ហេតុផល​អ្វី​ក៏​ដោយ​។ ​លោកតា ចក់ ឡាង​ ប្រាប់​ថា​ទៀត​ថា ​តាម​ជំនឿ​មិន​ត្រឹម​តែ​អភព្វ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ សូម្បី​កូន​ក្រមុំ កូន​កំឡោះ​ដែល​យក​មនុស្ស​ធ្លាប់​កំដរ​ការ​គេ ច្រើន​ដង​នោះ​មក​កំដរ​ក៏​អាច​ជួប​រឿង​ស៊យ​ក្នុង​ជីវិត​ដូច​គ្នា​។



តាម​ជំនឿ​ពី​បរម​បុរាណ​មក​ បើ​រៀបចំ​មង្គល​ការ​កូន​ប្រុស​ កូន​ស្រី មិន​ត្រូវ​យក​អ្នក​ធ្លាប់​កំដរ​ចំនួន ៣​ដង​ មក​ធ្វើ​អ្នក​កំដរ​ទេ ព្រោះ​ដូន​តា​ខ្មែរ ជឿ​ថា​មនុស្ស​នោះ​ជា​មនុស្ស​មាន​សម្ពាយ​កម្ម​ជាប់​ខ្លួន អាច​នាំ​រឿង​មិន​ល្អ​ក្នុង​ពិធី​មង្គល​ការ​ និង​ក្រោយ​រៀបការ​រួច​៕ ​

No comments