ខ្មែរ​ពូកែ​ខាង​ទាក់ នឹង ផ្សាំង​សត្វ​ដំរី ដែល​ធ្លាប់ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​ធ្លាប់ក្លាយជា​ប្រទេស​មហាអំណាច និង​ចាត់ទុក​សត្វ​នេះ​ថា​ជា​សត្វ​ស័ក្តិសិទ្ធិ ?

ប្រហែលជា​យើង​ឈ្លក់​វង្វេង​នឹង​សត្វ​ក្នុង​ទេវ​កថា​ព្រហ្មញ្ញសាសនា​ពេក​រហូត​លែង​ចាប់អារម្មណ៍​នឹង​សត្វ​ដ៏​មាន​សារៈសំខាន់ នៅក្នុង​វប្បធម៌​ខ្មែរ នោះ គឺ​សត្វ​ដំរី ។ ប្រសិនបើ​សួរ​ពី​សត្វ​គ្រុឌ សត្វ​នាគ សត្វ​មករ រាជសីហ៍​ជាដើម ប្រហែល​ជាមាន​អ្នកដឹង​រឿង​ច្រើន តែ​ប្រសិនបើ​សួរ​រឿង​សត្វ​ដំរី​ប្រហែលជា​មិនមាន​អ្នកដឹង​រឿងរ៉ាវ​ច្រើន​នោះទេ ព្រោះ​តាំងពី​សម័យ​ដែល​យើង​ប្រើ​គ្រឿង​ម៉ាស៊ីនរថយន្ត កាន់តែច្រើន សារៈសំខាន់​របស់​សត្វ​ដំរី​ក៏ត្រូវ​បាន​បាត់បង់ ។​
​តាម​អត្ថបទ​មួយ​របស់លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ លោក​បាន​រៀបរាប់ថា នៅ​ឥណ្ឌូចិន​ពីមុន គឺ​មានតែ​ខ្មែរ និង​ជនជាតិភាគតិច​អំបូរ​ខ្មែរ​មន តែប៉ុណ្ណោះ​ដែល​ចេះ​ទាក់ និង​ផ្សាំង​ដំរី ហើយ​យើង​ចេះ​ផ្សាំង​ដំរី​យកមកប្រើ​ប្រាស់​តាំងតែ​ពី​ចុង​សម័យ​លោហៈ គឺ​មុន​ការចូល​មកដល់​របស់​វប្បធម៌​ឥណ្ឌា​សូមជម្រាប់ថា ជនជាតិ​នៅ​ថៃ​ដែល​បង្កើតជា​បុណ្យ​ដំរី​ដ៏​ធំ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​នៅក្នុង​ខេត្ត​សុរិន្ទ គឺជា​ជនជាតិ​កួយ ដែល​ក៏​និយាយ​ភាសា​អំបូរ​ខ្មែរ​មន​ដែរ ហើយ​លើសពីនេះ​ទៀត​កួយ​នៅ​សុរិន្ទ​នេះ​ក៏​ចេះ​និយាយ​ភាសា​ខ្មែរ​ស្ទើ​គ្រប់គ្នា​ដោយសារតែ​នៅ​លាយឡំ​ជាមួយ​ខ្មែរ​មក​យូរអង្វែង ។ ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ក្រុម​ជនជាតិ​មួយ នៅ​ប្រទេស​ចិន ដែលជា​តំណពូជ​របស់​ត្រកូល​ទម័ក​ខ្មែរ​តាំងពី​សម័យអង្គរ ដែល​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើជា​ទម័ក​ថ្វាយ​ស្តេច​ចិន នេះ​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្មែរ​ក្នុងការ​ទាក់ និង​ផ្សាំង​ដំរី​ត្រូវបាន​ទទួលស្គាល់​ដោយ​ចិន ។​

 
​ប្រហែល​ដោយសារតែ​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​ទាក់ និង​ការ​ផ្សាំង​ដំរី​នេះហើយ ទើប​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយជា​មហាអំណាច​មួយ​នៅក្នុង​តំបន់ ទោះបីជា​ខ្មែរ​មាន​ប្រជាជន​មិន​ច្រើន​លើសលុប​យ៉ាងណាក៏ដោយ ហើយក៏​ដោយសារតែ​ដំរី​នេះដែរ ទើប​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​សាងសង់​មហា​ប្រាសាទ​ថ្ម​ធំៗ​ទាំងឡាយ តាម​រហៈ​កម្លាំង​ដ៏​មហិមា​របស់​សត្វ​ដំរី​ដែលជា​សត្វ​គោក​ធំជាងគេ ហើយ​ត្រូវបាន​ប្រជាជន​ខ្មែរ​គោរព​ថា​ជា​សត្វ​ស័ក្តិ​សិទ្ធ​ផងដែរ ។​

​រហូតដល់​សព្វថ្ងៃ​ក៏​រូបភាព​របស់​សត្វ​ដំរី មិនបាន​បាត់បង់​ពី​សង្គម​វប្បធម៌​ខ្មែរ​នោះដែរ នៅពេល​ខ្មែរ​យើង​ទៅ​បន់ស្រន់ អា​រុក្ខ​អារក្សអ្នកតា ពេល​បានសម្រេច​តាម​បំណង យើង​ក៏មាន​ការយក​រូប​ដំរី​ឈើ​ឬក៏​ថ្ម​ទៅ​ថ្វាយ រហូត​មាន​ពាក្យ​ខ្មែរ​មួយ​ឃ្លា​ថា «​ពេល​ឈឺ​យក​ដំរី​ទៅ​បន់ ពេល​ស្រន់​យក​ពងមាន់​ទៅ​សង​» ។ បន្ថែម​ពីលើ​នេះ នៅក្នុង​ភ្លេងបុរាណ​ខ្មែរ ក៏មាន​ចម្រៀង​ជាច្រើន​ទាក់ទង​នឹង​សត្វ​ដំរី ដូចជា បទ​ដំរី​ស​.​ញី បទ​ដំរី​យោល​ដៃ ជាដើម នេះ​បង្ហាញ​អំពី​ទំនាក់ទំនង​យ៉ាងសំខាន់​របស់​ដំរី​នៅក្នុង​វប្បធម៌​ប្រពៃណី​យ៍​ខ្មែរ តាំង​ពីមុន​វត្ត​មាននៃ​វប្បធម៌​ឥណ្ឌា​ទៅទៀត ។​

​មូលហេតុ​ដែល​ខ្មែរ​អាច​ក្លាយជា​ទម័ក ឬ​ផ្សាំង​ដំរី​នោះ​ក៏​ដោយសារតែ​ស្រុក​ខ្មែរ​មាន​ដំរី​ច្រើន​ដែរ យើង​អាច​សង្កេតមើល​តាមរយៈ​ឈ្មោះ​ស្ថាន​នាម ទីកន្លែង​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ ដែលមាន​ដូចជា​ភ្នំ​ដំរី​រមៀល និង​ជាពិសេស​គឺ​ឈ្មោះ​ភូមិ​ឃុំ នៅក្នុង​ខេត្តព្រៃវែង ស្រុក​បាភ្នំ មានដូចជា​ឃុំ​រោងដំរី នៅ​ឃុំ​បឹង​ព្រះ​មាន ភូមិ​ក្បាលដំរី នៅ​ឃុំ​ជើងភ្នំ មាន​ភូមិ​រោងដំរី នៅ​ឃុំ​ធា​យ​មាន ភូមិ​ពោធិ៍​ភ្លុក នៅ​ខាង​ខេត្តកំពង់ធំ ស្រុក​កំពង់ស្វាយ មាន​ឃុំ​ដំរី​ស្លាប់​នៅ​ស្រុក​ស្ទឹងសែន មាន​ឃុំ​ដំរី​ជាន់ខ្លា នៅ​ស្រុក​ស្ទោង មាន​ឃុំ​ព្រះ​ដំរី ហើយ​នៅមាន​ច្រើន​ជាងនេះទៀត ដែល​ខ្ញុំ​មិនអាច​រៀបរាប់​ឲ្យ​អស់ ហើយ​ប្រសិន​បើតាម​ឯកសារ​មួយ​ដែល​ខ្ញុំ​ធ្លាប់​អាន គឺ​សព្វថ្ងៃនេះ យើង​មាន​ដំរីព្រៃ​ប្រហែល ៧០០​ក្បាល ដែល​ភាគច្រើន​គឺ​នៅក្នុង​ខេត្តកោះកុង ពោធិ៍សាត់ និង​ភូមិភាគ​ឥសាន ។​

​ឥឡូវ​យើង​សាក​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ​ខ្មែរ​បន្តិច​វិញ គឺ​ដែល​កើតមានឡើង​ចាប់តាំងពី​យើង​ទទួល​វប្បធម៌​ឥណ្ឌា ដែល​សូម្បីតែ​ឥណ្ឌា​ខ្លួនឯង​ក៏​គោរពបូជា​ដំរី​នេះ​ខ្លាំង​ណាស់ដែរ នៅក្នុង​គម្ពី​វេទ​នៃ​សាសនា ឥណ្ឌា ក៏មាន​គម្ពី​គជ​សាស្ត្រ ដែល​ចែកចេញជា​ពីរ​គម្ពី​ផ្សេងទៀត គឺ​គម្ពី​គជ​លក្ខណ៍ ដែល​រៀបរាប់​អំពី​លក្ខណៈ​នៃ​ដំរី​ស្លូត និង​កាច និង​គម្ពី​គជ​កម្ម ដែល​បង្រៀន​អំពី​វេទមន្ត​សម្រាប់​ទាក់ដំរី មើលថែ​ដំរី និង​ប្រោស​ព្រំ​ឧបទ្របចង្រៃ​ជាដើម ។
នៅក្នុង​សម័យ​វេទ​នៃ​សាសនា​ហិណ្ឌូ ព្រះឥន្ទ្រ ដែលជា​ទេព​ដ៏​សំខាន់​ក៏មាន​ដំរី​ឰ​រា​វ័ន​ជា​ជំនិះ​ផងដែរ ក្រោយ​ការបង្កើត​លិ​ទ្ធិ​ព្រហ្មញ្ញ នៅ​ប្រមាណ​ឆ្នាំ ១០០០ មុន​គ​.​ស ព្រះឥន្ទ្រ​បាន​ធ្លាក់​ដំណែង​មក​នៅត្រឹម​ជា​ទេព​ប្រចាំ​ទិសខាងកើត ដែលជា​ទិស​ដ៏​សំខាន់​នៅក្នុង​ព្រហ្មញ្ញសាសនា ក៏ដូចជា​ការ​សាង​ប្រាសាទខ្មែរ​បុរាណ ដែល​ពុំ​សូវ​ខាន​ឡើង គឺមាន​រូប​ព្រះឥន្ទ្រ​គង់​លើ​ដំរី​ក្បាល​បី​ឰ​រា​វ័ន​នេះ ។ ព្រះ​គណេស ឬ​ឯក​ទន្ត ក្នុង​ព្រហ្មញ្ញសាសនា ដែល​ត្រូវជា​បុត្រ​របស់​ព្រះ​នាង​បរាវ​តី និង​ព្រះ​សិវៈ ក៏មាន​ក្បាល​ជា​ដំរី​ភ្លុក​មួយ ដោយសារតែ​យក​ភ្លុក​មួយ​ចំហៀង​ទៀត​ទៅ​រង​ពូថៅ​របស់​វិស្ណុ​អវតា គឺ​បរា​សុ​រាម ។​

​សារៈសំខាន់​នៃ​ដំរី​នៅក្នុង​ព្រហ្មញ្ញសាសនា​នេះ ងាយស្រួល​ធ្វើ​ឲ្យ​សាសនា​នេះ​បញ្ជ្រាប​ចូលមកក្នុង​សង្គម​អ្នកដឹកនាំ​ខ្មែរ ដោយសារតែ​ពួកគេ​ក៏​ជា​ទម័ក​ដំរី​ប​ផងដែរ ភស្តុតាង​ដូចជា​ឈ្មោះ​រាជធានី​របស់​អាណាចក្រ​នគរ​ភ្នំ​គឺ​ឈ្មោះ វ្យា​ធ​បុ​រៈ ដែល​មានន័យថា​បុរី​នៃ​អ្នក​ទាក់ដំរី មូលហេតុ​ដែលមាន​ឈ្មោះ​ដូច្នេះ​ដោយសារតែ​គេ​លើក​បុរស​ម្នាក់​ជា​អ្នក​ទាក់ដំរី ឲ្យ​ឡើង​ធ្វើជា​ស្តេច ។ ចូលមក​ដល់​ដើម​សម័យអង្គរ តាមរយៈ​សិលាចារឹក​ស​.​បង្ហាញ​ឲ្យ​ឃើញថា ព្រះបាទ​ជ័យវរ្ម័ន​ទី ៣ ចូលចិត្ត​ការកំសាន្ត​ដោយ​ការ​ទាក់ដំរី ហើយ​ព្រះអង្គ​ក៏​ធ្លាប់​ធ្លោយ​នៅក្នុង​ការចាប់​ដំរី និង​បាត់​បង់ជីវិត​នៅក្នុង​ការចាប់​ដំរី​ផងដែរ បើតាម​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​គិតថា​នេះ​មិនមែនជា​ចំណង់​ចំណូលចិត្ត​នោះទេ តែ​វា​អាចជា​រាជ​បុ​ជនី​យ​កិ​ច្ចមួយ សម្រាប់​បង្ហាញ​ពី​ភាព​វីរៈ​អង់អាច​របស់​ស្តេច​ខ្មែរ ដែល​ជាប់​ពូជពង្ស​ជា​អ្នក​ទម័ក​ដំរី ហើយក៏​ជាការ​ពង្រឹង​ចក្រភព​របស់​ព្រះអង្គ​ដោយសារ​ដំរី ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​សង្គ្រាម ។​

​មកដល់​ប្រាសាទ​សម័យ​រចនាប័ទ្ម​ប្រែ​រូប យើង​ឃើញ​នៅតាម​ជ្រុង​នីមួយៗ​នៃ​ប្រាសាទប្រែរូប ក៏ដូចជា​ប្រាសាទមេបុណ្យខាងកើត​មាន​ដាក់តាំង​រូប​ដំរី​ខ្នាត​ធំ ដ៏​ប្រណីត ដាក់តាំង​លម្អ​នៅតាម​ជ្រុង​កែង​នីមួយៗ ដោយ​ដំរី​នីមួយៗ​មាន​កំពស់​ជិត ២ ម៉ែត្រ ។ រហូត​ចូលមក​ដល់​សម័យ​បាពួន​មាន​រូបចម្លាក់​បង្ហាញ​អំពី​ការ​ទាក់ដំរី នៅលើ​ថែវ​ទី​ពីរ ផ្នែក​ខាងក្នុង​របស់​ប្រាសាទ ដោយ​យើង​ឃើញ​មាន​ដំរី​ធ្នាក់​ពីរ​នៅ​ពីមុខ​ពីក្រោយ ហើយ​មាន​មនុស្ស​ម្នាក់​ដើរ​ផ្ទាល់​ដី​ប្រហែលជា​ប្រឹង​ទាញ​ខ្សែ​ប្រកាំ ឲ្យ​ចូល​ជើងដំរី​ស្ទាវ សូម​ជម្រាប​ដែរ​ថា ខ្សែ​ប្រកាំ​នេះ​គឺ​គេ​ធ្វើ​ពី​ស្បែក​ក្របី​មាន​ភាពរឹងមាំ​ណាស់ ហើយ​ត្រូវបាន​គេ​ចងវា​ភ្ជាប់​ទៅនឹង​ដង​មួយ ដែល​គេ​ហៅថា​ដងកញ្ចាម ប្រើ​សម្រាប់​រុញ​ខ្សែ ប្រកាំ​ដែល​ចង​ជា​រង្វង់ ដាក់​ឲ្យ​ចូលក្នុង​ជើងដំរី ។​

​រហូតមកដល់​សម័យ​អង្គរវត្ត និង​បាយ័ន យើង​បានឃើញ នៅ​ភាព​មហិមា​របស់​កងទ័ព​ខ្មែរ តាមរយៈ​ចំនួន​ដំរី​ដ៏​ច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ក្បួនទ័ព សូម​ជម្រាប​ផងដែរ​ថា​នៅក្នុង​ក្បួនទ័ព​ឥណ្ឌា​បុរាណ គេ​រៀបចំ​ទ័ព​ជា​ក្បួន​មួយ​ដែលមាន ទ័ព​រទេះ ១ ទ័ព​ដំរី ១ ទ័ព​សេះ​បី និង​ទ័ពថ្មើរជើង​ប្រាំ​នាក់ ដែល​ប្រសិនបើ​គិត​ទៅ គឺ​ដូចគ្នា នឹង​ក្បួន​អុក​ចតុរង្គ​អញ្ចឹង (​សូមកុំ​ច្រឡំ​អុក​ចតុរង្គ និង​បាស្កា បាស្កា​គឺ​ដូច​លេង​សេះ​អុក ដែលមាន​ទម្លាក់ គ្រាប់​ឡុកឡាក់​អញ្ចឹង ហើយ​នៅក្នុង​រឿង​មហាភារតៈ​យុទ្ធ​ដែលមាន​ការលេង​ល្បែងភ្នាល់​គ្នា​ដាក់​នគរ​នោះ គឺ​គេ​លេង​បាស្កា​ទេ មិនមែន​លេងអុក​ចតុរង្គ​នោះទេ សមាគមន៍​អុក​ចតុរង្គ​ខ្មែរ​យល់ច្រឡំ បាស្កា​ថា​ជា​អុក​ចតុរង្គ ចតុរង្គ​ទើបតែ​កើត​មាននៅ​ឥណ្ឌា នៅ​សតវត្ស​ទី ៦ គឺ​កើត​ក្រោយ​រឿង​មហាភារតៈ​យុទ្ធ ហើយ​ទើប​ផ្សព្វផ្សាយ​ទៅ​ទូទាំង​ពិភពលោក ហើយ «​គោល​» នៅក្នុង​អុក​ចតុរង្គ​របស់​ខ្មែរ​គឺ​ដំរី​នេះឯង ។

ដោយ​ប្រហែលជា​ខ្មែរ​ហៅ​ខុសពី​ពាក្យ ថា គជ របស់​សំស្ក្រឹត ដែល​បានន័យថា​ដំរី​) ហើយ​សម្រាប់​ក្បួនទ័ព​ធំ គឺ​គេ​ហៅថា អក្សៅហិនី ឬក៏​អក្ខោភិនី ដែលមាន​ទ័ព​រទេះ ២១៨៧០ មាន​ទ័ព​ដំរី ២១៨៧០ ក្បាល មាន​ទ័ព​សេះ ៦៥៦១០ និង​មាន​ទ័ពថ្មើរជើង ១០៩៣៥០ នាក់ ដោយ​ក្នុងនោះ​នៅក្នុង រឿង​រាមកេរ្តិ៍ បើតាម​លោកគ្រូ​តា ភាសា​ខ្មែរ​របស់ខ្ញុំ ឈ្មោះ ភុល ជឹម មានប្រសាសន៍ថា មាន​ទ័ព​ស្វា​ស្លាប់ ៧០ អក្ខោភិនី (​តា​ជឹម ថា​មួយ​អក្ខោភិនី មាន​សូន្យ​ពីក្រោយ​ជាង ៤០​ខ្ទង់ ឬ​បានន័យថា​ដែល​ច្រើន​រាប់មិនអស់ គឺ​ត្រូវ​តាម​គាត់​បកស្រាយ​មែន សម្រាប់​តួលេខ​ជា​ភាសាសំស្ក្រឹត តែ​វា​លើសលុប​ពេក​) ហើយ​នៅក្នុង​រឿង​មហាភារតៈ​យុទ្ធ មាន​ទ័ព​ខាង​ពួក​កៅរ​វៈ​ចំនួន ១១ អក្ខោភិនី និង​ពួក​ប​ណ្ឌ​វៈ មាន ៧ អក្ខោភិនី សូម​មើល​ក្នុង​អត្ថបទ​ទាក់ទង​នឹង​អក្សៅហិនី ។
​ក្បួនទ័ព​របស់​ឥណ្ឌា​នេះ បើទោះជា​ខ្មែរ​មិនបាន​ចម្លង​យកតាម​ទាំងស្រុង ក៏​នៅតែ​បង្ហាញថា ខ្មែរ​មាន​គំរូ​មួយ​នៃ​ការរៀបចំ​កងទ័ព​ប្រហាក់ប្រហែល​នឹង​ឥណ្ឌា​ដែរ សូម្បីតែ​ឈ្មោះ​មេទ័ព​អ៌​ជុន ក៏​ជា​ឈ្មោះ​មេទ័ព​ដ៏​សំខាន់​នៅក្នុង​រឿង​មហាភារតៈ​យុទ្ធ ដែលជា​តួអង្គ​ក្លាហាន នៅក្នុង​ចំណោម​ត្រកូល​ប​ណ្ឌ​ព​ទាំង ៥ នាក់ ។ បើទោះបីជា​យើង​យក​គំរូ​តាម​ឥណ្ឌា តែ​យើង​ឃើញថា​មេទ័ព ក៏ដូចជា​ព្រះរាជា​ខ្មែរ គឺ​គង់ប្រថាប់​នៅលើ​ដំរី ដែល​ខុសពី​មេទ័ព​របស់​ឥណ្ឌា គឺ​គង់​នៅតែ​លើ​រទេះសេះ​នោះទេ អាចមកពី​ពួកគេ​ខ្លាច​គ្រាប់​ព្រួញ​ក៏​មិនដឹង យើង​អាច​មើល​ចម្លាក់​នៅ​ថែវ​ជាន់​ទី ២ របស់​ប្រាសាទអង្គរវត្ត ឃើញថា​មេទ័ព​ក្នុង​រឿង​មហាភារតៈ​យុទ្ធ ក៏ដូចជា​រឿង​រាមកេរ្តិ៍ គឺ​ប្រើ​រទេះ សម្រាប់ អ្នក​ដែល​ប្រើ​ដំរី​គឺ​មិនដឹង​ជា​មេទ័ព ឬក៏​អ្វី​នោះទេ ។

បន្ថែម​ពីលើ​សម័យ​អង្គរវត្ត នៅ​សម័យ​បាយ័ន ការលេចឡើង​នូវ​ទី​លានជល់ដំរី បង្ហាញ​ឲ្យ​ឃើញ​នូវ​សិល្បៈ​នៃ​ការធ្វើ​សង្គ្រាម​មួយ ដែល​បុព្វបុរស​ខ្មែរ​បានផ្តល់​តម្លៃ​ជាទីបំផុត រហូត​យកមក​ដាប់​ឆ្លាក់​នៅ​ពីមុខ ទីលាន​កិត្តិយស មុខ​ព្រះបរមរាជវាំង ។ សារៈសំខាន់​មួយទៀត​របស់​ដំរី​នៅ​សម័យ​នោះ បង្ហាញ​តាមរយៈ​ទ្វារ​ដំរី នៅ​ប្រាសាទអង្គរវត្ត​ដែលជា​ច្រកចូល​ធំ​ពីរ ដែល​ពុំមាន​រៀបចំ​ជា​ឃឿន​នោះទេ គឺ​រៀបចំ​ឲ្យ​រាប​ស្មើនឹង​ដី​តែម្តង ខុស​អំពី​ច្រកចូល​ធំ​បី​ផ្សេងទៀត ។ លក្ខណៈ​នៃ​ច្រកចូល​នេះ​យើង​អាច​យកទៅ​ធៀប​នឹង​ទ្វារ​ចូលទៅ​កាន់​ក្រុង​អង្គរធំ ដែលមាន​រាង​ប្រហាក់ប្រហែលគ្នា គឺមាន​កំពស់​ច្រកចូល​ខ្ពស់ គឺ​គេ​ធ្វើឡើង​សម្រាប់​តម្រូវ​ដើរចេញ​ចូល​របស់​ដំរី ជាពិសេស​គឺមាន​មនុស្ស​អង្គុយ​នៅ​ពីលើ បើ​យើង​យកទៅ​ធៀប​ជាមួយ​ទ្វារ​ក្រុង​របស់​ពួក​រ៉ូ​ម៉ាំង និង​ពួក​អឺរ៉ុប​សម័យ​ក្រោយ គឺមាន​កំពស់​ទាប​ជាង​ទ្វារ​ក្រុង​អង្គរធំ​រហូតដល់​ទៅជិត​ពីរដង​ឯណោះ គឺ​មិន​ខ្ពស់​ដូច​យើង​នោះទេ ។​
​នៅ​តំបន់​អង្គរ​នោះដែរ មាន​កន្លែង​បុរាណ​មួយ​នៅ​បរិវេណ​វង់​ធំ មាន​សំណង់​រាង​ដូច​កំពែង​ថ្មបាយក្រៀម​មួយ មាន​កំពស់​ជាង​ពីរ​ម៉ែត្រ​មាន​សណ្ឋាន​រាង​មូល មាន​ច្រកចូល​ពីរ ដែល​សំណង់​នេះ​ត្រូវបាន​គេ​ហៅថា​ក្រោល​រមាស​ឬ​ក្រោល​ដំរី ដែល​ទីនេះ​ប្រហែលជា​កន្លែង​សម្រាប់​បង្វឹក​ផ្សាំង​ដំរី​ទើបតែ​ទាក់​បាន បើទោះបីជា​ដំរី​មាន​កំពស់​រហូតដល់​ទៅ​ជាង ៣ ម៉ែត្រ តែ​ដំរី វា​មិនចេះ​លោត​នោះទេ ហើយ​មួយទៀត​ពេល​គេ​ចាប់ គេ​ចាប់​តែ​ដំរី​ស្ទាវ​យកមក​ផ្សាំង​ប៉ុណ្ណោះ គេ​មិន​យក​ដំរី​ធំ​ពេញវ័យ​យកមក​ផ្សាំង​នោះទេ ព្រោះ​វា​កាច​កម្លាំង​ខ្លាំង និង​មិន​ងាយ​ផ្សាំង​នោះទេ ។​
​រហូតមកដល់​សម័យ​កណ្តាល យើង​ឃើញថា​ដំរី និង​ព្រះមហាក្សត្រ​ខ្មែរ នៅតែមាន​ទំនាក់ទំនង​យ៉ាងសំខាន់​ដដែល គឺ​តាមរយៈ​ប្រវត្តិសាស្ត្រ​សម័យ​លង្វែក គឺ​ក្រោយពី​ស្តេច​កន​ជ្រែករាជ្យ​រាជវង្ស​ស្តេច​ខ្មែរ​ក៏បានរ​ត់ទៅ​នៅ​ក្រុង​អយុធ្យា ដែល​ក្នុងនោះ​ក៏មាន​ព្រះបាទ​ច័ន្ទ​រាជា ជា​បុត្រ​របស់​ព្រះបាទ​ស្រី​ធម្ម​រាជា ដែល​ត្រូវជា​បុត្រ​របស់​ព្រះបាទ​ពញាយ៉ាត (​ញាតិ​) និង​ស្ត្រី​សៀម​ម្នាក់ ។ ព្រះ​ច័ន្ទ​រាជា បានក្លាយ​ទៅជា​ទម័ក​ដំរី​ឲ្យ​ស្តេច​សៀម​នេះ​ក៏ដោយ​សារ​តែមាន​សមត្ថ​ភាព​របស់​ខ្មែរ ក្នុងការ​ទាក់ និង​ផ្សាំង​ដំរី​តាំងតែ​ពី​សម័យបុរាណ រហូត​ទទួលបាន​ការស្រឡាញ់​ទុកចិត្ត​ពី​ស្តេច​សៀម​យ៉ាងខ្លាំង តែ​ការស្រឡាញ់​នេះ ក៏​មិន​បានធ្វើ​ឲ្យ​ព្រះអង្គ​ភ្លេច​ព្រះទ័យ​ពី​ប្រទេស​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​បានធ្វើ​កលល្បិច​បោក​ស្តេច​សៀម ដើម្បី​ចេញទៅ​ទាក់ដំរី​ធំ​មួយ ដោយមាន​សូម​យក​ដំរី​ធ្នាក់ និង​កងទ័ព​ជាច្រើន​មក​តាម តែ​ព្រះអង្គ​បែរជា​ត្រឡប់​ចូល​ប្រទេស​កម្ពុជា និង បានទទួល​ការ​ស្មោះស្ម័គ្រ​របស់​នាយ​ពេជ្រ ដែល​ក្រោយមក​ក្លា​ជា​អ្នកតា​ឃ្លាំងមឿង (​ក្លាង​មឿង អាចជា​ពាក្យ​សៀម​មានន័យថា​កណ្តាល​ក្រុង​) ។
ក្រោយ​បង្ក្រាប​ស្តេច​កន​បាន និង​សាង​បន្ទាយលង្វែក​រួច សៀម​ក៏​ទារ​ឲ្យ​ខ្មែរ​បញ្ជូន​សួយ​សា​អាករ​ទៅ​អយុធ្យា តែ​ព្រះបាទ​ច័ន្ទ​រាជា​ឬ​បរម​រាជា​ទី ១ មិន​ព្រម​ធ្វើតាម ស្តេច​សៀម​ក៏​ឲ្យ​ពញ្ញា​អុង ត្រូវជា​បុត្រ​របស់​ព្រះ​ស្រី​សុគន្ធ​បទ ដែល​នៅ​ស្រុក​សៀម​ដែរនោះ លើកទ័ព​មក​បង្ក្រាប តែ​ត្រូវ​ព្រះ​ច័ន្ទ​រាជា​បញ្ចុះបញ្ចូល តែ​មិនបាន ដោយសារ​ពញា​អុង​នេះ គឺមាន​យ​សាប​ណ្តា​ស័ក្តិ​ជា​ចៅហ្វាយខេត្ត​សុវណ្ណ​ខាក​លោក ដែលមាន​អាណា​បរិវេណ​ធំធេង​គួរសម ទើប​ពញា​អុង​មិន​ព្រម ក្រោយមក​ពញា​អុង ក៏ត្រូវ​ព្រួញ​ស្លាប់​នៅលើ​ដំរី​នៅក្នុង​សង្គ្រាម​ជាមួយ​ព្រះ​ច័ន្ទ​រាជា ដោយសារ​ចាញ់​សង្គ្រាម​ខ្មែរ​លើក​នេះហើយ​ទើប​ខេត្តសៀមរាប​ទទួលបាន​ឈ្មោះ​នេះ ហើយ​ក្រោយ​នោះ​ប្រហែល ៣ ទសវត្ស សៀម​ត្រូវ​ទទួល​ការវាយលុក​ពី​ភូមា រហូត​ដុត​ក្រុង​អយុធ្យា​បាន​លើក​ទី ១ នៅ​ឆ្នាំ ១៥៥៥ ដែល​អាចជា​មូលហេតុ​មួយ​ទាក់ទង​នឹង​ខ្មែរ​យក​ដំរី​មក​អស់​ច្រើន​នេះដែរ ។​
​ចូលមក​ដល់​ដើម​សម័យ​បារាំង ក៏​ខ្មែរ​នៅតែ​និយម​ប្រើ​ដំរី​នេះដែរ យើង​ឃើញ​មាន​រូបថត​ជាច្រើន​បង្ហាញ​ពី​ការដែល​ព្រះមហាក្សត្រ​ខ្មែរ​ប្រថាប់​លើ​ដំរី ក៏ដូចជា​នៅ​ខាងត្បូង​វាំង មាន​រោងដំរី​ស​. ដែល​តាមពិតទៅ​ទីនោះ​មិនមែនជា​កន្លែង​ទុក​ហ្វូង​ដំរី​ព្រះទីនាំង​នោះទេ តែ​ជា​កន្លែង​ទុក​ដំរី​ស​.​មួយ​ដែល​អ្នក​កោះកុង​ចាប់បាន​ថ្វាយ​អតីត​វីរៈក្សត្រ​ទេ ។​
​ផុតពី​រឿង​ស្រុក​ខ្មែរ ឥឡូវ​សាក​និយាយ​បន្តិច​អំពី​កងទ័ព​ដំរី​នៅលើ​ពិភពលោក​ម្តង កងទ័ព​ដំរី​នៅលើ​ពិភពលោក​ដែល​អាច​ថា​ទាក់ទង​នឹង​ខ្មែរ​ដែរនោះ គឺ​សង្គ្រាម​រវាង​ពួក​ម៉ុង​ហ្គោល និង​ភូមា សូមជម្រាប់ថា​ទ័ព​ម៉ុង​ហ្គោល​លុកលុយ​ប្រទេស​ចិន​ទាំងមូល ប្រើពេល​តែ ៣​ខែ តែប៉ុណ្ណោះ តែ​គេ​ប្រើពេល ៣​ឆ្នាំ ទើប​វាយ​បែក​បា​ហ្កា​ន រាជធានី​របស់​ភូមា​នៅ​សតវត្ស​ទី ១៣ ដោយសារតែ​កងទ័ព​ដំរី​ដ៏​ខ្លាំង​របស់​ភូមា បានសម្លាប់​មេទ័ព​ម៉ុង​ហ្គោល​អស់​ជាច្រើន ពេល​បាន​ជ័យជំនះ​លើ​បា​ហ្កា​ន ម៉ុង​ហ្គោល​បាន​ដុត​ទីក្រុង​បា​ហ្កា​ន​ចោល ហើយ​មូល​ហេតុដែល​ទ័ព​ម៉ុង​ហ្គោល មិន​បន្ត​លើកទ័ព​មក​វាយ​ខ្មែរ​បន្តទៀត បើទោះបីជា​មានការ​យុះ​យុង ពី​ចាម និង​អណ្ណាម​ក៏ដោយ ក៏​ប្រហែល​តែដោយសារ​កងទ័ព​ដំរី​របស់​ខ្មែរ​នេះដែរ កត្តា​ភូមិសាស្ត្រ ក៏​អាចជា​មូលហេតុ​នេះ​ផងដែរ ។ រឿង​មួយទៀត ស្តេច​ចក្រពត្តិ​អា​ឡិច​សង់ នៃ​ដែន​ម៉ា​សេ​ដូ​នៀ ដ៏​ល្បីល្បាញ វាយ​ដណ្តើមយក​ក្រិច អេ​ស៊ី​ប ពែ​ក្ស អាស៊ី​កណ្តាល ក៏​មក បញ្ឈប់​សង្គ្រាម​របស់ខ្លួន​ត្រឹម​សមរភូមិ​ទន្លេ​សិន្ធុ ដោយសារតែ​ទ័ព​ដំរី​របស់​ឥណ្ឌា​នេះដែរ ។ ទាំងនេះ​សុទ្ធសឹងតែ​បង្ហាញថា ទ័ព​ដំរី​គឺ​ខ្លាំង​អង់អាច​ណាស់​មុន​ពេលដែល​អាវុធ​សម័យ​ទំនើប និង​គ្រឿង​ម៉ាស៊ីន​សព្វថ្ងៃ​ត្រូវបាន​បង្កើតឡើង ។​
​នៅ​ចំណុច​មួយទៀត​ដែល​ខ្ញុំ​ចង់​លើកឡើង​ផងដែរ​នោះ គឺ​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា ដែល​ក៏​ជា​សាសនា​មានការ​លើកតម្កើង​សត្វ​ដំរី​ផងដែរ ដោយ​សត្វ​ដំរី​នៅក្នុង​ព្រះពុទ្ធសាសនា ក៏ដូចជា​ព្រហ្មញ្ញសាសនា គឺ​បង្ហាញ​ពី​ភាពសម្បូ​ណ៍ស​ប្បាយ ចំរុងចម្រើន​រុងរឿង ដូចជា​ក្នុង​មហាជាតិ រឿង​ព្រះ​វេស្សន្តរ ដែល​ព្រះអង្គ​កើត​ឡើងមក​ព្រម​ជាមួយនឹង​នឹង​តង្វាយ​ជា​ដំរី​គជេន្ទ្រ ធ្វើ​ឲ្យ​ដែន​ស្រី​ពិ​រាស្ត្រ មាន​ភាពសុខសាន្ត ហើយ​ព្រះអង្គ​ក៏ត្រូវ​ប្រជាជន​បង្ខំ​និរទេស​ចេញពី​នគរ ដោយសារតែ​ទ្រង់​ដាក់​ទាន​ដំរី​គជេន្ទ្រ​នេះ​ទៅ​ឲ្យ​ពួក​ព្រា​ហ្ម​មកពី​ដែន​កលិង្គរាស្ត្រ ដែល​ប្រជាជន​ចាត់ទុក​ដំរី​នោះ​ថា​ជាវ​ត្ថុ​មង្គល​របស់​នគរ ។
ចំណែកឯ​នៅក្នុង​ពុទ្ធប្រវត្តិ ក៏បាន​បង្ហាញ​ផងដែរ​ថា​ព្រះ​នាង​សិរិ​មហាមាយា ក៏បាន​យល់សប្ត​ឃើញ​ដំរី​ស​.​ភ្លុក​ខៀវ ចុះមក​ចាប់បដិសន្ធិ​នៅក្នុង​ផ្ទៃ​របស់​ព្រះ​នាង មុននឹង​ប្រសូត​បាន​ព្រះ​សិទ្ធត្ថ ហើយ​នៅ​មួយថ្ងៃ​មុនពេល​ព្រះ​សិទ្ធត្ថ​ត្រាស់ដឹង ព្រះអង្គ​ក៏ត្រូវ​បាន​ផ្ចាញ់​ដោយ​មារ ដែល​ជិះ​លើ​ដំរី​គជេន្ទ្រ​របស់​ព្រះអង្គ កាលពី​អតីតជាតិ ទើប​មាន​ច្បាំង​ចាញ់​បារមី​របស់​ព្រះអង្គ ។ ក្រោយពេល​ត្រាស់ ថ្ងៃមួយ​ព្រះអង្គ​មិនអាច​សម្ង​ប់​ជម្លោះ​របស់​ពួក​ព្រះ​ថេ​រា​នុ​ថេរៈ​នៅក្នុង​អាវាស ព្រះអង្គ​ក៏​និមន្ត​ចូល​ព្រៃ ហើយ​មាន​សត្វ​ស្វា​យក​ឃ្មុំ​មក​ថ្វាយ​ព្រះអង្គ និង​មាន​ដំរី​មួយ​ឈ្មោះថា​បា​លិ​លេ​យ្យ យក​ទឹក​មក​ថ្វាយ​ព្រះអង្គ ហើយ​បា​លិ​លេ​យ្យ​នេះ ប្រហែលជា​ក្លាយជា​ឈ្មោះ​ប្រាសាទ​មួយ​នៅ​អង្គរ ដែលមាន​រូប​ព្រះសម្មាសម្ពុទ្ធ នៅ​ប្រថាប់​ក្បែរ​ដំរី ឈុត​ត្រង់នេះ​ក៏​ចង់បង្ហាញ​អំពី​ការដែល​និយាយ​ជាមួយ​មនុស្ស​មិន​ស្តាប់ ទៅនឹង​ជាមួយ​សត្វ​វិញ​គឺ​ប្រសើរ​ជាង ។ ចំណុច​ទាំងអស់នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​សារៈសំខាន់​របស់​ដំរី ក្នុង​ព្រះពុទ្ធសាសនា ក៏ដូចជា​នៅក្នុង​សង្គម​សិល្បៈ​ខ្មែរ ។

​តាមរយៈ​ការបកស្រាយ​ខាងលើ យើង​ឃើញថា​ដំរី និង​សង្គម​ខ្មែរ​គឺមាន​ទំនាក់ទំនង​នឹង​គេ​ជា​យូរអង្វែង​ណាស់​មកហើយ ហើយ​សមត្ថភាព​នៃ​ការ​ទាក់ និង​ផ្សាំង​ដំរី​នេះ​ទើប​ធ្វើ​ឲ្យ​ខ្មែរ​មាន​សមត្ថភាព​ក្នុងការ​សាង​ចក្រភព​មួយ​ដ៏​អង់អាច ខណៈពេលដែល​ខ្មែរ​មិនមាន​ប្រជាជន​ច្រើន​ណាស់ណា​នោះទេ គឺ​យើង​មាន​សមត្ថភាព​ជាង​ជនជាតិ​នៅ​អាហ្វ្រិក ដែល​មិនចេះ​ទាក់ និង​ផ្សាំង​ដំរី គឺ​ចេះតែ​សម្លាប់​ដើម្បី​យក​ភ្លុក​ឲ្យ​ពួក​អឺរ៉ុប ធ្វើ​គ្រាប់​ប៊ីយែ ដែល​ពី​សម័យមុន​គ្រាប់​ប៊ីយែ​គឺ​ធ្វើ​ពី​ភ្លុក​ដំរី ។ ក្រោយពី​ខ្មែរ​បាន​ផ្ទេរ​ចំណេះដឹង​ក្នុងការ​ទាក់ និង​ផ្សាំង​ដំរី​នេះ​ឲ្យ​ទៅ​ជនជាតិ​ជិតខាង ជាហេតុ​ធ្វើ​ឲ្យ​ខ្មែរ​ត្រូវ​ក្លាយជា​សត្រូវ​ដែល​ប្រទេសជិតខាង គឺ​សៀម ចាត់ទុកថា​ជាស​ត្រូវ​ដែល​មិនអាច​ទុក​ឲ្យ​ឈរ​បាន ព្រោះថា​ខ្មែរ​ខ្លាំង​ក្នុង​ការចាប់ និង​ប្រើ​ដំរី ទើប​នៅពេល​សៀម​មាន​ភាពរឹងមាំ គេ​តែងតែ​មក​ពង្រឹង​អំណាច​របស់គេ​នៅលើ​ខ្មែរ​មុនគេ គឺ​ដូចជា​ការដុត​បន្ទាយលង្វែក​ក្រោយពី​សៀម​ចេញពី​ការគ្រប់គ្រង​របស់​ភូមា​តែ​ប៉ុន្មាន​ឆ្នាំ ក៏ដូចជា​ការដែល​ពញា​ចក្រី ដែល​ក្រោយមក​ក្លាយជា​ស្តេច​រាមា​ទី ១ ត្រូវបាន​ស្តេច​តាក​ស៊ីន បញ្ជូនមក​បង្ក្រាប​ស្ថានការណ៍​នៅ​ស្រុក​ខ្មែរ បន្ទាប់ពី​សាង​រាជធានី​នៅ​ធន​បុរី មិនបាន​ប៉ុន្មាន នេះ​ក៏​ដោយសារតែ​ពូជខ្មែរ​ខ្លាំង មិនអាច​បណ្តែតបណ្តោយ​បាន ។​
​ចំណុច​មួយទៀត​ទាក់ទង​ទៅនឹង​ភាសា​សាស្ត្រ គឺ​ពាក្យ​ថា ទម័ក នេះ​មានន័យថា​អ្នក​បង្ហាត់​ដំរី ឬ​អ្នក​ទូន្មាន​ដំរី ហើយ​នៅក្នុង​វចនានុក្រម​ខ្មែរ​ក៏បាន​ដាក់​ដែរ​ថា​ខ្មែរ​យើង​ប្រើ​ច្រឡំ​ទៅជា​សរសេរថា​ទ្រមាក់​យូរ​មកហើយ ដែល​យើង​គួរ​សរសេរ​ជា​ទម័ក​វិញ​ទើប​ត្រឹមត្រូវ ។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​ពាក្យ​ទ្រមាក់ នេះ​សាក​សម​ជាង ព្រោះថា​ទ្រមាក់ គឺ​ចេញ​មកពី​ពាក្យ​ខ្មែរ​ថា​ទាក់ គឺ​សំដៅ ទៅលើ​អ្នក​ទាក់ដំរី​នេះឯង ដោយសារតែ​ដំរី​ស្រុក មិន​ងាយ​មានកូន​នោះទេ​ព្រោះ​វា​ខ្មាស់អៀន​មនុស្ស បើ​វា​មាន​ភេទ​សម្ព័ន្ធ​ក៏​វា​ត្រូវ​ទៅ​ចូល​ព្រៃ​ដែរ ហេតុនេះហើយ​ទើប​អ្នក​ចិញ្ចឹម​ដំរី ត្រូវ​ទៅ​ទាក់ដំរី​ថ្មី​យកមក​ចិញ្ចឹម ទើប​គេ​និយម​ហៅ​អ្នក​ទាក់ដំរី​ថា ទ្រមាក់ដំរី ។ សម្រាប់​ផ្នត់ជែក អ​-​រ / ម ឬ ណ នេះ នៅក្នុង​ភាសា​ខ្មែរ​យើង​ក៏មាន​ច្រើន ទៀត​ដែរ ដូចជា​ពាក្យ​ថា​៖
​ដោត ទៅជា ត្រណោត (​ត្រី​មួយ​ត្រណោត​)
​ដាប់ ទៅជា ត្រ​ណាប់ (​ឈើ ថ្ម​)
​កាត់ ទៅជា ក្រណាត់ (​ក្រណាត់​កន្ទប​)
​ចាប់ ទៅជា ច្រ​ងាប់ (​ច្រងាប់ច្រងិល​)
​សោក ទៅជា ស្រណោក (​ស្រណោះស្រណោក​)
​ដូច្នេះ​ទាក់ ក៏​អាច​ទៅជា​ទ្រមាក់ បានដែរ គ្រាន់តែ​ថា​យើង​មិនឃើញ​មាន​ការយក​ផ្នត់ជែក​យកមក​ហៅ​មុខងារ​អ្វីមួយ​នៅក្នុង​ភាសា​ខ្មែរ តែ​ក៏​យើង​មិន​និយម​ហៅ​ទ្រមាក់​ទទេ​ដែរ គឺ​យើង​ហៅថា​ទ្រមាក់ដំរី តិច​មាន​អ្នក​មក​សួរថា​អញ្ចឹង​យើង​គួ​ហៅ​អ្នក​ទាក់​ឆ្កែ​ថា ទ្រមាក់​ឆ្កែ​ដែរ​ទៅ ហាហា ។​​​ ​ស្ថាប័ន​អ្នក​ចាប់​ដំរី​នេះ គឺមាន​ចែកជា​ក្បួនខ្នាត​តាម​បទពិសោធន៍​ច្បាស់​ល្អ​ណាស់ គឺ​គេ​មាន​តំណែង​ជា​ព្រះគ្រូ ឬ​គ្រូហ្ម ដែលជា​ចាស់ទុំ​មានបទពិសោធន៍​ដឹង​ពី​ទិស​ខ្យល់ ដឹង​ពី​កន្លែង​ដំរី​នៅ ដឹង​ពី​ការរត់​របស់​ដំរី ដើម្បី​រៀបចំ​គម្រោង​ទាក់ដំរី ហើយ​គេ​ទាក់ទង​គ្នា​នៅក្នុង​ការចាប់​ដំរី ដោយ​ផ្លុំ​ស្នែង​ឲ្យ​ជា​សញ្ញា​គ្នា​ទៅវិញទៅមក ។ តំណែង​បន្ទាប់​គឺ​តំណែង​គ្រូ​បា ដែលជា​មេក្រុម​ទ្រមាក់ និង​មានបទពិសោធន៍​ចាប់បាន​ដំរី​ច្រើន អាច​ថា​លើសពី ២០​ឡើងទៅ តំណែង​បន្ត គឺ ហ្ម​ស្តាំ ដែលជា​អ្នកមាន​បទពិសោធន៍​ធ្លាប់​ចាប់​ដំរី​បាន យ៉ាងតិច ៥ ក្បាល តំណែង​មួយទៀត​គឺ​ហ្ម​ឆ្វេង ដែលជា​អ្នកមាន​បទពិសោធន៍​ធ្លាប់​បរដំរី​ចូល​ទាក់​ពីមុន និង​តំណែង​ទាប​ជាងគេ​គឺ​អ្នក​បរដំរី ដែល​ស្ថិតនៅក្រោម​ការបញ្ជា​ររ​បស់​ពួក​ហ្ម​ស្តាំ ហ្ម​ឆ្វេង និង​គ្រូ​បា ។
សម្រាប់​ការចេញ​ទៅ​ទាក់​ម្តងៗ គឺ​គេ​មាន​គ្រូ​បា​ម្នាក់ និង​មាន​ហ្ម​ស្តាំ ហ្ម​ឆ្វេង និង​អ្នក​បរដំរី​ជាច្រើន​អ្នក ។ សម្រាប់​ពេលចេញ​ចាប់​ដំរី​នោះ អ្នក​នៅឯ​ផ្ទះ ក៏មាន​ត្រូវធ្វើ​តំណម​តឹងរឹង​ផងដែរ ដើម្បី​ឲ្យ​អ្នក​ទៅ​ទាក់ដំរី បាន​សេចក្តីសុខ មិន​ទទួល​ការធ្វើ​បាប​ពី​ម្រេញគង្វាល​រក្សា​សត្វ​ដំរីព្រៃ ។​ ​ការសិក្សា​អំពី​ដំរី​គួរ​ធ្វើឡើង​បន្ថែមទៀត ដើម្បី​ឲ្យ​ខ្មែរ​បាន​យល់​ស្គាល់​កាន់តែច្បាស់​អំពី​សត្វ​មួយ​នេះ​ហើយក៏​គួរតែ​យល​ដំរី​ធ្វើជា​សត្វ​តំណាង​ឲ្យ​ជាតិ និង​បង្កើន​មោទនភាព​ជាតិ​តាមរយៈ​សត្វ​មួយ​នេះ​មិនគួរ​យក​គោព្រៃ​ដែល​ផុត​ពូជ​ទៅហើយ​នោះទេ ។​

ប្រភព៖http://khmerapsara.news

No comments