ឆ្ងល់ចេះតែឈឺក្បាលមិនបាត់ ទៅជួបគ្រូពេទ្យស្រាប់តែរកឃើញ ពីងពាងនៅក្នុងត្រចៀក (មានវីដេអូ)


ឥណ្ឌា៖ ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧កន្លងទៅនេះថា ស្រ្តីជនជាតិឥណ្ឌាម្នាក់ ត្អូញត្អែរឈឺក្បាលមិនបាត់ ទីបំផុតសម្រេចចិត្តទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យមើល ស្រាប់តែភ្ញាក់ផ្អើលបន្ទាប់ពីរកឃើញ ពីងពាងមួយក្បាលសំងំលាក់ខ្លួនក្នុងត្រចៀករបស់នាង។
ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ Lekshimi L បានរៀបប្រាប់អ្នកកាសែតឲ្យដឹងថា នៅពេលរសៀលនាងបានឡើងទៅគេងនៅយ៉រមុខផ្ទះ ប៉ុន្តែនៅពេលនាងភ្ញាក់ដឹងខ្លួនឡើង ស្រាប់តែមានអាការឈឺក្បាលខ្ទោកៗ ហើយហាក់បីដូចជាមានអ្វីម្យ៉ាង រុកនៅក្នុងត្រចៀកខាងស្តាំរបស់នាង។
Lekshimi គិតថា ច្បាស់ជាមានអ្វីម្យ៉ាងចូលក្នុងត្រចៀករបស់នាងហើយ ទើបភ្លាមៗនោះ នាងក៏បានយកដៃរុកក្នុងត្រចៀកដើម្បីឆ្កឹះវាចេញ ប៉ុន្តែទោះបីជាយ៉ាងណា នៅតែមិនអាចយកចេញបានដដែល។ ក្រោយមក នាងក៏បានហៅបងប្អូនស្រីរបស់នាង ឲ្យជួយចុចពិលបញ្ចាំងមើល ដើម្បីចង់ដឹងថា តើមានអ្វីនៅខាងក្នុងត្រចៀកនោះ ប៉ុន្តែហាក់មិនឃើញអ្វីទាល់តែសោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីអាការកាន់តែឈឺខ្លាំងទ្រាំមិនបាន Lekshimi ក៏ត្រូវបានប្តីរបស់នាង ប្រញាប់ប្រញាល់នាំមកមន្ទីរពេទ្យ Columbia Asia Hospital ក្នុងទីក្រុង Hebbal ប្រទេសឥណ្ឌាតែម្តង។ ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ រកឃើញថាមានពីងពាងរស់មួយក្បាល កំពុងតែសំងំនៅក្នុងត្រចៀករបស់នាង។
ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីបគេឃើញថា ក្រុមគ្រូពេទ្យបានបញ្ចាំងពិល ចូលទៅក្នុងត្រចៀកនាង Lekshimi ដោយចំណាយរយៈពេលយូរ រហូតពីងពាងមួយក្បាលនោះ បានវារគើមៗចេញមកវិញដោយខ្លួនឯងតែម្តង។
នាង Lekshimi និយាយថា «ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ព្រោះខ្ញុំមានអារម្មណ៍ថា ហាក់មានសត្វអ្វីម្យ៉ាងនៅក្នុងត្រចៀករបស់ខ្ញុំហើយ។ វារុកធ្វើឲ្យឈឺត្រចៀក និងពិបាកដកដង្ហើម។ ខ្ញុំពិតជាមិននឹកស្មានសោះ និងស្ទើរតែស្រឡាំងកាំង នៅពេលដែលគ្រូពេទ្យប្រាប់ថា វាគឺជាពីងពាងមួយក្បាល ដែលកំពុងតែនៅក្នុងត្រចៀករបស់ខ្ញុំ» ៕


វីដេអូ៖
ប្រភព៖ https://www.khmerload.com/news/62529

No comments