ចង់ផ្គាប់ចិត្តប្ដីចុង ព្រោះឮរអ៊ូថា យកកូនមកលេង ពិបាកស៊ីចុក…សុខចិត្តយកកូនទៅផ្ញើបង ពេលត្រឡប់មកវិញ ស្រងាកចិត្ត ទោះចង់យំ ក៏យំមិនចេញដែរ…
ភ្នំពេញ៖ ប្តីហេងស៊យម្នាក់ ឆ្លៀតពេលលួចយកទ្រព្យសម្បត្តិរបស់ប្រពន្ធអស់ ដោយប្រើល្បិច ឱ្យប្រពន្ធយកកូនប្រុសអាយុ ១០ឆ្នាំដែលទើបតែមកលេង ទៅផ្ញើរបងស្រី ព្រោះពិបាកដេកឱបគ្នា លុះពេលប្រពន្ធមកវិញ លោកប្តីប្រមូលលុយកាក់មាសប្រាក់ និងម៉ូតូយករត់ទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៧ ខែសីហា នៅចំណុចផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ជា ចាន់ធី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រែកប្រសព ខេត្តក្រចេះ ជាស្រ្តីមេម៉ាយមានកូនប្រុសម្នាក់អាយុ ១០ឆ្នាំ ចំណែកប្តីទី២ ដែលជា ប្តីបោកប្រាស់មានឈ្មោះ ឈិត ឌុយ អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំនើតនៅខេត្តតាកែវ ។
តាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះជាប្រពន្ធ បាននិយាយទាំងទឹកភ្នែករលីរលោងថា រូបគាត់ជាស្រ្តីមេម៉ាយកូនប្រុសអាយុ ១០ឆ្នាំម្នាក់ ហើយបានស្គាល់គ្នាជាមួយបុរសជាប្តីទីនេះ បានរួមរស់ជាមួយគ្នារយៈពេល ២ឆ្នាំមកហើយ ដោយមិនបានរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីទេ គ្រាន់តែចាស់ទុំទាំងសងខាងដឹងឮ និងមិនទាន់មានកូននៅឡើយទេ ។ ការរស់នៅជាមួយគ្នា រយៈពេល ២ឆ្នាំ កន្លងមកនេះ ក៏បុរសជាប្តី ពុំដែលផ្តល់សេចក្តីសុខឱ្យរូបគាត់ដែរ តែជ្រុលជាយកគ្នាជាប្តីប្រពន្ធទៅហើយ ចេះតែទ្រាំរស់នៅជាមួយគ្នារហូតមក ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ រូបគាត់បានយកកូនប្រុសមកពីស្រុកកំណើត មកលេងបាន ៩ថ្ងៃ ហើយស្រាប់តែប្តីរបស់គាត់បានរអ៊ូរទាំថា យកកូនមកលេងអ៊ីចឹង ពិបាកដេកឱបគ្នាណាស់ ហើយប្រាប់ឱ្យគាត់យកកូនប្រុស ទៅទុកនៅផ្ទះបងស្រីរបស់គាត់ ដែលស្នាក់នៅម្តុំផ្សារជម្ពូវន្ត ។
ដោយសារតែបំពេញតាមបំណងប្តី នៅវេលាម៉ោង ៦និង៣៥នាទីព្រលប់ថ្ងៃទី១៧ ខែសីហា រូបគាត់បានដឹកដៃកូនប្រុស យកទៅផ្ញើបងស្រី ទាំងមេឃកំពុងតែភ្លៀង ។ ខណៈពេលស្រ្តីជាប្រពន្ធយកកូនប្រុសទៅដល់ផ្ទះបងស្រី បុរសជាប្តីបានទូរស័ព្ទសួរថា អូនឯងនៅទីណា ប្រពន្ធប្រាប់ថា នៅផ្ទះបងស្រី រៀងយូរបន្តិចទើបត្រឡប់ទៅផ្ទះវិញ ។
លុះពេលមកដល់បន្ទប់ជួលវិញ ចាក់សោបើកទ្វារបន្ទប់ មិនឃើញប្តី ព្រមទាំងបាត់លុយអស់ចំនួន ២០ម៉ឺនរៀល ខ្សែកមាស ៥ជី ខ្សែដៃប្លាទីន ៥ជី តម្លៃ ៦៨ម៉ឺនរៀល ម៉ូតូហុងដាឌ្រីមស៊េរី២០១៦មួយគ្រឿង ដែលទិញបង់រំលោះមិនទាន់ដាច់ផង និង ខោអាវ ត្រូវលោកប្តីប្រមូលយកទៅបាត់អស់ ។
ក្រោយពេលកើតហេតុ ទើបស្រ្តីជាប្រពន្ធដឹងថាចាញ់បោកប្តីហេងស៊យ ក៏បានរត់ទៅប្តឹងសមត្ថកិច្ច នៅប៉ុសិ៍្តនគបាលរដ្ឋបាលចោមចៅ ដើម្បីទាមទារយកលុយ ២០ម៉ឺនរៀល ខ្សែកនិងខ្សែដៃ ចំណែកម៉ូតូ គាត់មិនទាមទារទេ និងសូមឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖ https://news.kbn-live.com/archives/71027





Post a Comment