ឃើញគាត់ជីករណ្តៅម្នាក់ៗ មើលងាយសើចចំអកថាគាត់ឆ្កួត លុះ២៧ឆ្នាំក្រោយមក ស្រាប់តែត្រូវបានគេដាក់រហស្សនាមជាវីវបុរសដ៏អស្ចារ្យ!
ឥណ្ឌា៖ បុរសស្បែកខ្មៅជនជាតិឥណ្ឌាម្នាក់ ដែលកន្លងមកតែងត្រូវបានអ្នកស្រុកភូមិជាច្រើន មើលងាយនិងមិនឲ្យតម្លៃ ចំពោះស្នាដៃដែលគាត់បានខិតខំ ប៉ុន្តែទីបំផុតត្រូវបានគេចាត់ទុកថា ជាវីរបុរសដ៏អស្ចារ្យរបស់ពួកគេវិញ ក្រោយបុរសរូបនេះបានធ្វើរឿងមួយនឹកស្មានមិនដល់។
លោក Shyam Lal បច្ចុប្បន្នមានអាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិ Saja Pahad រដ្ឋ Chhattisgarh ប្រទេសឥណ្ឌា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្នុងស្រុកភូមិរបស់លោក បានប្រឈមមុខនឹងបញ្ហាកង្វះទឹកប្រើប្រាស់។ ទើបទីបំផុតលោក Shyam ក៏មានគំនិតមួយថា នឹងជីករណ្តៅធ្វើជាស្រះទឹកដើម្បីស្តុកទឹកទុក (ពេលមានភ្លៀង) សម្រាប់ប្រើប្រាស់ ដោយមានការពិភាក្សាយោបល់ ជាមួយនឹងបងប្អូនអ្នកស្រុកភូមិជាច្រើន ប៉ុន្តែផ្ទុយទៅវិញគ្រប់គ្នាបែរជានាំគ្នាមើលងាយ សើចចំអក និងបដិសេធមិនចូលរួម សកម្មភាពមួយនេះជាមួយលោកទៅវិញ។ ដោយអ្នកខ្លះគេគិតថា លោក Shyam នៅក្មេង ចេះតែនិយាយលេងអត់ប្រយោជន៍។
បើទោះបីជាមានការបដិសេធមិនចូលរួមជួយ ពីសំណាក់អ្នកស្រុកភូមិយ៉ាងណាក្តី ប៉ុន្តែលោក Shyam នៅតែតាំងចិត្តជម្នះ ថានឹងធ្វើវាដោយខ្លួនឯងឲ្យទាល់តែបាន ដើម្បីជួយដល់សហគមន៍ដែលគាត់កំពុងរស់នៅ ដែលកំពុងជួបបញ្ហាកង្វះទឹក។ ព្រោះលោកជឿជាក់ថា ការគិតនិងការតាំងចិត្តរបស់លោក អាចនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយជាមិនខាន។
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោក Shyam បានចាប់ផ្តើមជីករណ្តៅធ្វើស្រះទឹកនេះជាលើកដំបូង តាំងតែពីលោកនៅក្មេងមានអាយុត្រឹម១៥ឆ្នាំមកម៉្លេះ។ ដោយទីតាំងស្រះមួយនេះ នៅជាប់ក្បែរតំបន់ព្រៃមួយកន្លែង ព្រោះលោកគិតថា តំបន់ព្រៃងាយនឹងទាក់ទាញទឹកភ្លៀង និងប្រមូលទឹកភ្លៀងទុកក្នុងរណ្តៅរបស់លោក។
ដោយចំណាយពេលអស់ ២៧ឆ្នាំក្រោយមក ក្តីសុបិនជួយដល់អ្នកស្រុកភូមិរបស់គាត់ក៏បានសម្រេច មានទឹកប្រើប្រាស់ដូចបំណង។ រណ្តៅស្រះនោះប្រៀបបីដូចជាប្រព័ន្ធធានារាស្រ្តដ៏អស្ចារ្យ មានទំហំ ៤,០០០ម៉ែត្រការ៉េ និងមានជម្រៅ៤ម៉ែត្រកន្លះ។
ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យនេះ លោក Shyam ត្រូវបានអ្នកភូមិជាច្រើន នាំគ្នាអរគុណ សរសើរពីទឹកចិត្តមោះមុតរបស់លោក និងថែមទាំងចាត់ទុករូបលោក ជាវីរបុរសសង្គ្រោះសហគមន៍ម្នាក់ដ៏អស្ចារ្យរបស់ខ្លួនថែមទៀតផង។
ថ្លែងប្រាប់កាសែត Hindustan Times លោក Shyam និយាយថា «គ្មានរណាម្នាក់ជួយខ្ញុំក្នុងការងារមួយនេះនោះទេ មិនថាឡើយអាជ្ញាធរក្នុងតំបន់ ឬអ្នកស្រុកភូមិឡើយ គឺពួកគេមិនខ្វាយខ្វល់អ្វីទាំងអស់» ។
គួរឲ្យដឹងថា សព្វថ្ងៃរដ្ឋ Chhattisgarh បាននិងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយបើនៅរដូវវស្សា (រដូវភ្លៀង) វិញ បរិមាណទឹកភ្លៀងដែលទទួលបាន គឺក្នុងចំនួនតិចតួចបំផុត។ ពោលគឺជាមធ្យមទទួលបានតិចជាង១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ៕
Post a Comment