​ធ្លាប់​ឮ​គេ​និយាយ​អត់? ឡាន​​ប្រភេទ​ប៉ុង​មួយ​ ឬ ប៉ុង​ពីរ?ឡាន​ប៉ុង​មួយ ​ប៉ុង​ពីរ​ មាន​អត្ថន័យ​យ៉ាង​ម៉េច?​​​​​​


ប្រព័ន្ធ​បើក​បរ​របស់​រថយន្ត​​មាន​ចែក​ចេញ​ជា​ ៤ ប្រភេទ ​សំខាន់ៗ​រួម​មាន​​បើក​កង់​មុខ​ (Front-Wheel Drive), បើក​កង់​ក្រោយ (Rear-Wheel Drive), បើក​កង់​បួន (Four-Wheel Drive) និង បើក​កង់​ទាំង​អស់​ (All-Wheel Drive)។ ចំពោះ​រថយន្ត​ដែល​ប្រើ​កម្លាំង​កង់​ពីរ​​គេ​សម្គាល់​ដោយ​ពាក្យ​ថា​ ប៉ុង​មួយ ចំណែក​ឯ​រថយន្ត​ប្រើ​កម្លាំង​កង់​ ៤ គេ​ហៅ​ថា​ប៉ុង​ពីរ។
ខាង​ក្រោម​នេះ​បង្ហាញ​ពី​ដំណើរ​ការ​ខុសគ្នា​នៃ​ប្រព័ន្ធ​ទាំង​ ៤ ៖
១. Front-Wheel Drive (FWD)
រថយន្ត​​​អ្នក​ដំណើរ​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​ប្រើ​ប្រព័ន្ធ​ FWD ដោយ​​កម្លាំង​របស់​ម៉ាស៊ីន​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​កង់​ខាង​មុខ។ រថយន្ត​ប្រភេទ FWD រចនា​ឡើង​ដោយ​ចំណាយ​តិច​លើ​ការ​ផលិត, មាន​ទំហំ​ធំ​ទូលាយ​ និង ស្រាល​ជាង​​រថយន្ត​ប្រើ​ប្រព័ន្ធ​ Rear-Wheel Drive (RWD។ មិន​តែ​ប៉ុណ្ណោះ​ FWD ក៏​​មាន​កម្លាំង​អូសទាញ​​ប្រើ​ជាង​ RWD​ ល្អ​​សម្រាប់​ការ​បើក​ឡើង​ជម្រាល ពី​ព្រោះ​ទម្ងន់​ម៉ាស៊ីន​ពឹង​ផ្អែក​លើ​កង់​មុខ។
២. Rear-Wheel Drive (RWD)
RWD ភាគ​ច្រើន​ប្រើ​លើ​រថយន្ត​ Pickup និង រថយន្ត​ដឹក​ទំនិញ ហើយ​រថយន្ត​ប្រភេទ​ស្ព័រ​​ រួម​ទាំង​ពពួក​ Sedan ទំនើបៗ​កម្លាំង​ខ្លាំង​ក៏​ប្រើ​ប្រព័ន្ធ​នេះ​ដែរ។ រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​នេះ​មាន​ចង្កូត​ដែល​ងាយ​ស្រួល​បញ្ជា​ជា​ពិសេស​លើ​រថយន្ត​កម្លាំង​ខ្លាំងៗ ហើយ​អាច​ទ្រាំទ្រ​​ទម្ងន់​រថយន្ត​បាន​ស្មើ​គ្នា​ល្អ (មុខ​ ៥០% និង ក្រោយ ៥០%) ដែល​អាច​រក្សា​លំនឹង​បាន​ល្អ​ ល្អ​សម្រាប់​ការ​ដឹក​ឥវ៉ាន់​ធ្ងន់ៗ។ យ៉ាងណាក្ដី​រថយន្ត​ប្រភេទ​នេះ​​មិន​​អាច​ទ្រាំទ្រ​បាន​ល្អ​ចំពោះ​ការ​​បើក​លើ​ផ្លូវ​​សើម​ ឬ មាន​ព្រិល​ធ្លាក់។
៣. Four-Wheel Drive (AWD)

4WD ឬ 4x4 ជា​​ប្រព័ន្ធ​​ដែល​ប្រើ​ស្ពឺ​ពីរ​ រួម​ជា​មួយ​នឹង​ Transfer Case មួយ​ដើម្បី​​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​បួន​នៃ​រថយន្ត​។ ធម្មតា​​និយម​ប្រើ​លើ​រថយន្ត​ប្រភេទ Off-Road (រថយន្ត​បើក​លើ​ផ្លូវ​ពិបាក) ខ្នាត​ធំៗ​ដូច​ជា Lexus LX 570 ជា​ដើម ហើយ​ប្រព័ន្ធ​នេះ​អាច​ចែក​ចាយ​កម្លាំង​ពី​ម៉ាស៊ីន​រថយន្ត​ទៅ​កាន់​កង់​ទាំង​ ៤ បាន​ស្មើៗ​គ្នា ដោយ​បង្ខំ​ឲ្យ​​កង់​រថយន្ត​បង្វិល​ក្នុង​ពេល​ដូច​គ្នា។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ពិបាក​បត់​បន្តិច ព្រោះ​កង់​ខាង​ក្រៅ​ត្រូវ​​រង្វិល​ឲ្យ​លឿន​ជាង​កង់​ខាង​ក្នុង។ ប៉ុន្តែ​ប្រព័ន្ធ​ 4WD នា​ពេល​បច្ចុប្បន្ន​​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

ប្រព័ន្ធ​ 4WD លើ​រថយន្ត​ទំនើប​បច្ចុប្បន្ន​​ដំណើរ​ការ​បាន​លុះ​ត្រា​តែ​អ្នក​ចុច​បញ្ជា​លើ​វា។ ប្រការ​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រព័ន្ធ​ 4WD ពេល​បើក​បរ​លើ​ Off-Road និង​ប្រើ​​ប្រព័ន្ធ​ 2WD វិញ​ពេល​បើក​បរ​លើ​ស្ថានភាព​ផ្លូវ​ធម្មតា។ ពេល​ប្រើ​ 2WD រថយន្ត​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ប្រសើរ​ជាង។ ​​​​​
៤. All-Wheel Drive (AWD)

AWD ជា​ប្រព័ន្ធ​ដែល​ប្រើ​ស្ពឺ​ ៣ រួម​មាន​មុខ, ក្រោយ និង កណ្ដាល​ ដើម្បី​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​ ៤ របស់​រថយន្ត។ គេ​និយម​ប្រើ​ប្រព័ន្ធ​នេះ​លើ​​រថយន្ត​​ SUV ខ្នាត​តូចៗ​ដូច​ជា Highlander, Q7 ជា​ដើម ហើយ​រចនា​សម្រាប់​ប្រើ​លើ​ផ្លូវ​ធម្មតា ឬ ប្រើ​លើ​ផ្លូវ​ផុក​​ម្ដង​ម្កាល។ បើ​ប្រៀប​នឹង​ 4WD ប្រព័ន្ធ​ AWD នេះ​មាន​កម្លាំង​ទប់​ខ្លាំង​ជាង​ពីរ​ដង​ អាច​ផ្ដល់​សុវត្ថិភាព​បាន​កាន់​តែ​ខ្ពស់​​ក្នុង​ករណី​​​ត្រូវ​ឈប់​​ភ្លាមៗ ឬ បត់​ភ្លាមៗ។
តាម​ការ​បង្ហាញ​ខាង​លើ​នេះ​​នៅ​ពេល​ទិញ​រថយន្ត​អ្នក​អាច​សម្រេច​ចិត្ត​បាន​ថា​គួរ​ជ្រើស​រើស​រថយន្ត​ប្រភេទ​ណា​ដែល​ត្រូវ​នឹង​តម្រូវ​ការ​បើកបរ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ត្រឹម​ត្រូវ៕

No comments